ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្លិប​កីឡា​គុន​ដាវ HYSA គ្រង​តំណែង​ជើងឯក នៃ​ការប្រកួត​កីឡា​គុន​ដាវ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៩ លើក​ទី​៦ បន្ទាប់ពី​ដណ្តើម​មេដាយ ច្រើនជាងគេ ដែល​ប្រារព្ធ នៅ​វិទ្យាល័យ​ឥន្ទ្ររ​ទេវី រៀបចំ​ដោយ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ក្រោម​គោលការណ៍​របស់ ក្រសួង​អប់រំ យុវជន និង កីឡា​។​

ទិដ្ឋភាព​ប្រកួត​

​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ជើងឯក ឆ្នាំនេះ សហព័ន្ធ បានដាក់ ៤ វិញ្ញាសា រួមមាន វិញ្ញាសា​ ​ឯកត្តជន​បុរស​ដាវ​ធំ វិញ្ញាសា​ឯកត្តជន​នារី​ដាវ​កាប់ វិញ្ញាសា​ឯកត្តជន​បុរស​ដាវ​កាប់ និង​វិញ្ញាសា​ចម្រុះ​ឯកត្តជន​ដាវ​តូច ដោយមាន​ការចូលរួម ពី​បណ្តា​ក្លិប​កីឡា​គុន​ដាវ ចំនួន ៧ ដូចជា ក្លិប​កីឡា​គុន​ដាវ HYSA ក្លិប​កីឡា​គុន​ដាវ PFC ក្លិប​កីឡា​គុន​ដាវ Western ក្លិប​កីឡា​គុន​ដាវ សន្ធរ​មុខ ក្លិប​កីឡា​គុន​ដាវ​ហូ​សា​ណា ក្លិប​កីឡា​គុន​ដាវ​ឥន្ទ្ររ​ទេវី និង​ក្លិប​កីឡា​គុន​ដាវ​សាមគ្គី​។​

ទិដ្ឋភាព​ប្រកួត​

​លោក​បាន​បន្តថា ឆ្លងកាត់​ការប្រកួត មួយថ្ងៃ​ពេញ នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្លិប​កីឡា​គុន​ដាវ HYSA បាន​គ្រង​តំណែង​ជើងឯក ដោយ​ដណ្តើម​មេដាយមាស ២​គ្រឿង និង​សំរិទ្ធ ១​គ្រឿង​។ រីឯ​ក្លិប​កីឡា​គុន​ដាវ​សាមគ្គី ទទួល​ជើងឯក​រង ដណ្តើមមេដាយ មាស ១​គ្រឿង និង​ប្រាក់ ២​គ្រឿង ។ ចំណែក​ក្លិប​កីឡា​គុន​ដាវ PFC ឈ្នះ​មេដាយមាស ១​គ្រឿង និង​សំរិទ្ធ ១​គ្រឿង​។​

​ចំពោះ​ក្លិប​កីឡា​គុន​ដាវ​ឥន្ទ្ររ​ទេវី ទទួលបាន​មេដាយប្រាក់ ២ គ្រឿង និង​សំរិទ្ធ ១​គ្រឿង និង​ក្លិប​កីឡា​គុន​ដាវ​សាលារៀន​ហូ​សាណ ដណ្តើម​មេដាយសំរិទ្ធ ៣​គ្រឿង​៕v

ទិដ្ឋភាព​ប្រកួត​