រឿងរ៉ាវ​នៃ​ការដាក់​ឈ្មោះ ឃុំ​ផាន់​ញើ​ម​

ដោយៈ​ហូ ថុ​នា​/ភ្នំពេញៈឃុំ​ផាន់​ញើ​ម គឺជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​ប្រាំពីរ​នៃ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។ ឃុំ​នេះ​គ្របដណ្តប់​ចំនួន​ប្រាំបី​ភូមិ រួមមាន ភូមិ​ត្រពាំង​ក្នុង ភូមិ​ស្រម៉ ភូមិ​ផ្តៀក ភូមិ​ព្រៃ​ម្រ៉ី ភូមិ​ក្រញូង ភូមិ​ព្រ​ហ៊ូ​ត ភូមិ​ស្មោញ និង​ភូមិ​សុ​ជុល ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​។ នៅ​ក្នុងសម័យ​ខ្មែរក្រហម​ឃុំ​ផាន់​ញើ​ម គឺ​ស្ថិតនៅក្នុង​ភូមិភាគ​ឧ​ត្ត​រ (​ភូមិភាគ​៣០៣) ដែល​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច ពី​ឆ្នាំ​១៩៧០ ទៅ​ដើមឆ្នាំ​១៩៧៦​។ បន្ទាប់ពី កុយ ធួន ត្រូវបាន​ចាប់ខ្លួន និង​សម្លាប់​នៅ​គុក​ទួលស្លែង​នៅ​ឆ្នាំ​១៩៧៧ ពេលនោះ កែ ពក ត្រូវបានចាត់តាំង​ជា​លេខា​ភូមិភាគ​។ នៅ​ឆ្នាំ​១៩៧៧ កែ ពក ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​លេខា​ភូមិភាគ​កណ្តាល​ដែល​ទើប​បង្កើត​ថ្មី ហើយ​លេខា​ថ្មី​របស់​ភូមិភាគ​ឧ​ត្ត​រ គឺ កង ចាប​។ ភូមិភាគ​ឧ​ត្ត​រ​នេះ រួមមាន​ខេត្តកំពង់ធំ​ទាំងមូល ផ្នែក​ខាងលិច​ទន្លេមេគង្គ​ទាំង​អស់នៃ​ខេត្តកំពង់ចាម និង​ស្រុក​មួយ​ក្នុង​ខេត្តក្រចេះ (​ស្រុក​ព្រែក​ប្រសព្វ​) ហើយ​ចែកចេញជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និង​តំបន់​៤៣​។​

​ក្មេង​កំពុង​ដេញគោ​នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ស្ថិតនៅក្នុង​ឃុំ​ផាន់​ញើ​ម ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​
(​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)​


​ ​យោងតាម​លោកតា លួង ឈុន អាយុ​៧៥​ឆ្នាំ ដែលជា​ប្រជាជន​មូលដ្ឋាន​រស់នៅក្នុង​ឃុំ​ផាន់​ញើ​មយូរ​ណាស់​មកហើយ​បាន​រៀបរាប់ថា «​ដំបូង​ឡើយ​ឃុំ​ផាន់​ញើ​ម​មានឈ្មោះ​ដើម​ថា ឃុំ​នី​ពេ​ជ​។ រីឯ​ឈ្មោះថា ផាន់​ញើ​ម គឺជា​ឈ្មោះ​របស់​បុរស​នៅក្នុង​ឃុំ​នេះ ដែល​បាន​ជួយ​ការពារ​ប្រជាជន​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​នា​សម័យ​រដ្ឋ​កម្ពុជា​។ នៅ​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ផាន់​ញើ​ម គឺជា​ប្រជាជន​មូល​ដា្ឋ​ន​នៅក្នុង​ឃុំ​នី​ពេ​ជ ហើយ​គាត់​មាន​តួនាទី​ជា​ប្រធាន​កងឈ្លប​ឃុំ​នៃ​របប​ខ្មែរក្រហម​។ ផាន់​ញើ​ម គឺមាន​ភិនភាគ​មិនសូវ​ខ្ពស់​ប៉ុន្មាន​ទេ និង​មាន​មាឌ​សមល្មម ព្រមទាំង​មាន​សម្បុរ​សណ្តែកបាយ ហើយ​ក្បាល​ឆក និង​មាន​ធ្មេញ​ប្រឡោះ​ខ្មោច​។ រីឯ​អត្ត​ច​រិ​ក​ឭក​ពារ​របស់គាត់ គឺ​ពោរពេញ​ទៅដោយ​ភាព​អង់អាច​ក្លាហាន​និង​ម៉ឺងម៉ាត់​។ នៅពេលនោះ​ស្ថានភាព​ប្រជាជន​ដែល​រស់នៅក្នុង​ឃុំ​នី​ពេ​ជ មានការ​លំបាក​ខ្លាំង ដែល​មិនសូវ​ខុសគ្នា​ពី​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ផ្សេងទៀត​ដែរ​។ តា​ឈុន បាន​បន្ថែមថា ផាន់​ញើ​ម តែងតែ​ដើរ​ត្រួតពិនិត្យ​ប្រជាជន​ធ្វើការ​នៅតាម​កង​នីមួយៗ និង​ឃ្លាំមើល​ប្រជាជន​អំពី​កំហុស​ខុសឆ្គង​នៅក្នុង​តំបន់​ដើម្បី​រាយការណ៍​ទៅ​ថ្នាក់លើ​។


​រហូតដល់​ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​ដោយ​កងកម្លាំង​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ពេលនោះ ផាន់​ញើ​ម បាន​ឈប់​បម្រើការ​ឲ្យ​ចលនា​ខ្មែរក្រហម​ហើយ​បាន​ផ្លាស់​មក​ធ្វើការ​ជា​ប្រធាន​កងឈ្លប​ឃុំ​នី​ពេ​ជ​ឲ្យ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៃ​រដ្ឋ​កម្ពុជា ដើម្បី​ប្រឆាំងនឹង​ចលនា​ខ្មែរក្រហម​ដែល​នៅ​សេសសល់​។ ក្នុងការ​បំពេញភារកិច្ច ផាន់​ញើ​ម តែងតែ​ស្ពាយ​កាំភ្លើង​ពីរ​ដើម​ជាប់​នឹង​ខ្លួន​ជានិច្ច ដោយ​មួយ​ដើម​ជា​ប្រភេទ​កាំភ្លើង​អាកា និង​មួយ​ដើម​ទៀត​ជា​ប្រភេទ​កាំភ្លើង​សម្រាប់​បាញ់​គ្រាប់​សឺ​វែ​ន​ធី​ណៃ​។ ផាន់​ញើ​ម បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ដើម្បី​ការពារ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ឃុំ​នី​ពេ​ជ ឲ្យ​ជៀស​ផុតពី​ការធ្វើ​ទុក​បុក​ម្នេញ និង​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​។ ផាន់​ញើ​ម បាន​ដើរ​យាមល្បាត និង​ស៊ើបរក​កន្លែង​ដែល​ខ្មែរក្រហម​ឈរជើង​ដើម្បី​លប​វាយ​ទៅលើ​ខ្មែរក្រហម​ទាំងនោះ ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​កងកម្លាំង​ខ្មែរក្រហម​មក​ស្នាក់អាស្រ័យ​នៅក្បែរ​តំបន់​របស់គាត់​។


​ផាន់​ញើ​ម តែងតែ​ចង់​ឲ្យ​ប្រជាជន​នៅក្នុង​មូលដ្ឋាន​របស់គាត់​រស់​នៅមាន​សន្តិសុខ និង​មាន​ភាពកកក្តៅ​។ មាន​យប់​ខ្លះ ផាន់​ញើ​ម បានធ្វើ​សកម្មភាព​វាយ​ខ្មែរក្រហម​តែម្នាក់ឯង​ដោយ​មិន​ខ្លាចរអារ​ខ្មែរក្រហម​ឡើយ​។ ពេលខ្លះ ផាន់​ញើ​ម បាន​ប្រទះឃើញ​ខ្មែរក្រហម​ដោយ​ចៃដន្យ​នៅក្នុង​តំបន់​របស់គាត់ ហើយ​គាត់​ក៏​មិនដែល​លើកលែង​ឲ្យ​ខ្មែរក្រហម​ទាំងនោះ​ដែរ ដោយ​គាត់​បាន​យក​កាំភ្លើង​ដែល​នៅជាប់​ចង្កេះ​របស់គាត់​បាញ់​សំដៅ​ទៅលើ​ក្រុមខ្មែរក្រហម​វិញ​។ នៅ​អំឡុងពេល​បំពេញភារកិច្ច ជាមួយ​ភាព​អង់អាច​ក្លាហាន បានធ្វើ​ឲ្យ ផាន់​ញើ​ម កាន់តែ​មាន​ភាព​ល្បី​រន្ទឺ​រហូតដល់​កងក​ម្លាំ​ង​របស់​ខ្មែរក្រហម ហើយ​ពេលនោះ​គាត់​ក៏បាន​ក្លាយទៅជា​មុខសញ្ញា​របស់​ខ្មែរក្រហម​ដែល​ត្រូវ​តាម​សម្លាប់​។


​រហូតដល់​ឆ្នាំ​១៩៨៩ ខ្មែរក្រហម​បាន​ស៊ើប​ដឹង​កន្លែង​អង្គភាព​ដែល ផាន់​ញើ​ម ឈរជើង​ដែល​ស្ថិតនៅក្នុង​ឃុំ​នី​ពេ​ជ ស្រាប់តែ​ពេលនោះ​ខ្មែរក្រហម​ចាប់ផ្តើម​វាយ​សម្រុកចូល​បន្ទាយរ​បស់​គាត់ ហើយក៏​បានសម្លាប់ ផាន់​ញើ​ម តាំងពី​ពេលនោះ​មក​។ ពីរ​ឆ្នាំក្រោយ​នៃ​ការស្លាប់​របស់គាត់ គឺ​នៅ​អំឡុង​ឆ្នាំ​១៩៩១ ក្រុមការងារ​ថ្នាក់​ខេត្តកំពង់ធំ បាន​ឯកភាពគ្នា​ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​ឃុំ​នី​ពេ​ជ ទៅជា​ឃុំ​ផាន់​ញើ​ម ក្នុងការ​រំឭក​គុណ​ដល់ ផាន់​ញើ​ម ដែល​តស៊ូ និង​លះបង់​ជីវិត​ដើម្បី​ការពារ​ប្រជាជន​។ ចាប់តាំងពី​ពេលនោះ​មក​ឈ្មោះថា ឃុំ​ផាន់​ញើ​ម ត្រូវបាន​ប្រើប្រាស់​ជាប់​ឈ្មោះ​រហូតមកដល់​សព្វថ្ងៃ​។​
​តា​ឈុន បាន​បន្ថែមទៀតថា មាន​រឿងរ៉ាវ​ជាច្រើន​ដែល​បាន​កើតឡើង​នៅក្នុង​ឃុំ​ផាន់​ញើ​ម​ហើយ​មាន​យុវជន យុវនារី​ជំនាន់​ក្រោយ​តិចតួច​ណាស់​ដែល​បានដឹង​ពី​ការផ្លាស់ប្តូរ​ឈ្មោះ​ឃុំ​នេះ​ព្រោះ​មាន​ឪពុកម្តាយ​ខ្លះ​ក៏បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់​ខ្លួន​ទៅកាន់​កូនចៅ ហើយ​ខ្លះទៀត​ក៏​មិន​ដែរ ដែល​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​នៅក្នុង​ឃុំ​ផាន់​ញើ​ម​ខ្លះ​បាន​បាត់បង់​ជា​បណ្តើរៗ​៕សរន
១-​សាលាឃុំ​ផាន់​ញើ​ម (​អតីត​ឃុំ​នី​ពេ​ជ​) ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។ នៅ​អំឡុង​ឆ្នាំ​១៩៩១ ក្រុមការងារ​ថ្នាក់​ខេត្តកំពង់ធំ បាន​ឯកភាពគ្នា​ដើម្បី​ប្តូរ​ឈ្មោះ​ឃុំ​នី​ពេ​ជ ទៅជា​ឃុំ​ផាន់​ញើ​ម ដើម្បី​រំឭក​គុណ​ដល់ ផាន់​ញើ​ម ដែល​តស៊ូ និង​លះបង់​ជីវិត​ដើម្បី​ការពារ​ប្រជាជន​។​
​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
២-​ក្មេង​កំពុង​ដេញគោ​នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ស្ថិតនៅក្នុង​ឃុំ​ផាន់​ញើ​ម ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។​
​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
៣-​វាលស្រែ និង​ដើមត្នោត​នៅក្នុង​ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។​
​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​