តារាចម្រៀងតៃវ៉ាន់នាង អែលវ៉ា សាវ (Elva Hsiao) មិនចេះខ្វះប្រុសៗកំដរនោះទេ ដោយនាងបានបង្ហើបឱ្យដឹងថានាងបានណាត់ទាក់ទងបុរសជាង ១០០ នាក់មកហើយ។
បង្ហាញមុខនៅលើកម្មវិធីកំប្លែងចិន Roast! តារាចម្រៀងវ័យ ៤០ ឆ្នាំរូបនេះបាននិយាយថានាងមិនខ្វល់នឹងអ្វីដែលអ្នកដទៃគិតអំពីជីវិតស្នេហារបស់នាងទេ ហើយបានបន្ថែមថានាងមិនមែនជាមនុស្សដែលសម្ងំលាក់ខ្លួននៅក្នុងផ្ទះនិងខឹងខ្លួនឯងនោះទេ។
ប៉ុន្តែនាងបានច្រានចោលពាក្យអេចអូចថានាងមានសង្សារ ១៧ នាក់ក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ ដោយកត់សម្គាល់ថា “ខ្ញុំគ្រាន់តែថតរូប នៅពេលណាដែលខ្ញុំចេញក្រៅណាត់ជួបគ្នាទៅមើលកុនឬញ៉ាំអាហារពេលល្ងាច”។
នាងសាវត្រូវគេនិយាយថាមានទំនាក់ទំនងស្នេហាតែជាមួយបុរសវ័យក្មេងប៉ុណ្ណោះ រួមទាំងតារាសម្តែងតៃវ៉ាន់ លោក កាយ កូ អាយុ ២៨ ឆ្នាំ អ្នកជំនួញសិង្ហបុរី អែលរ៉ូយ ចូ អាយុ ៣៤ ឆ្នាំ និង អ្នកលេងហ្គីតាអាជីពតៃវ៉ាន់ ម៉ៃឃើល ចិន អាយុ ២៧ ឆ្នាំ។
កាលពីខែសីហាឆ្នាំមុន ពាក្យចចាមអារ៉ាមបានលេចឡើងនៅពេលនាងសាវបានបង្ហោះរូបថតរបស់នាងជាមួយតារាសម្តែងវ័យក្មេង ចាស្ទីន ហ័ង អាយុ ២៤ ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាពួកគេបានជួបគ្នានៅពេលគាត់ផ្លាស់ពីទីក្រុងវ៉ាន់ខូវើទៅកោះតៃវ៉ាន់ដើម្បីចាប់យកអាជីពសិល្បៈ។
នាងសាវបានប្រាប់អ្នកកាសែតថាគាត់បានជួយនាងក្នុងការឆ្លងកាត់ផ្លូវដ៏លំបាកនៅក្នុងជីវិតរបស់នាង នៅពេលដែលអាជីពរបស់នាងត្រូវបានជាប់គាំងបន្ទាប់ពីនាងបានដួលនៅក្នុងបន្ទប់ទឹកនិងរងរបួសគ្រឿងក្នុង។
ចាប់តាំងពីពេលនោះមក នាងបានប្រកាសថានាងនឹងចេញអាល់ប៊ុមថ្មីដែលមានឈ្មោះថា Naked Truth នៅពាក់កណ្តាលឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស