ដោយមុនីរ័ត្ន៖ភ្នំពេញៈ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ បានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ និងបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើជាលទ្ធផល ឃាត់ខ្លួននិង​បញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់យកឈើចម្រុះចំនួន ៩.២១៥,៨៧៦ម៉ែត្រត្រីគុប និងចាប់យកមធ្យោបាយ​សរុបចំនួន ៤៩១គ្រឿង ព្រមជាមួយគ្នានោះយើងបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលនូវរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។

ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬឆេះដោយប្រការណាមួយឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។

គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឱ្យបុគ្គលគ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់​ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឱ្យជៀសឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តថា នាពេលបច្ចុប្បន្ននេះ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំដឹក​ជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក ។ល។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងបន្តអនុវត្តវិធានដូចក្រោម៖
ទី១- អភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ តាមរយៈគណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ធ្វើការដឹកនាំ សម្របសម្រួលកងកម្លាំង មន្ត្រីជំនាញមានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើការត្រួតពិនិត្យរាល់ការដឹកជញ្ជូនផល អនុផលព្រៃឈើដែលមានការអនុញ្ញាតទាំងអស់ ចាប់ពីដើមទី កណ្តាលទី និងចុងទី។ ត្រួតពិនិត្យរោងសន្និធិ ឃ្លាំង សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ និងចាត់នូវវិធានការចាំបាច់នានាស្របនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខៈ ០៥ ស.រ.ណ.ន ស្តីពី វិធានការចាំបាច់នានា ក្នុងការពង្រឹង​ការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ទី២- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើនេះ នឹងត្រូវអនុវត្តវិធានការច្បាប់។ ជនសង្ស័យ និងវត្ថុតាងត្រូវកសាងសំណុំរឿង​បញ្ជូនទៅអយ្យការអមសាលាដំបូងតាមនីតិវិធី។

ទី៣- មធ្យោបាយ ឧបករណ៍ និងសម្ភារៈដែលបំផ្លាញព្រៃឈើមានដូចជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក រណារយន្ត… ត្រូវបានស្នើសុំទៅ​អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោល ដោយអនុលោមតាមមាត្រា១១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ “… វត្ថុដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ឬចំពោះទ្រព្យសម្បត្តិ ដូចជាអាវុធ ឬជាតិផ្ទុះ ព្រមទាំងវត្ថុដែលបានកាន់កាប់​ដោយខុសច្បាប់ មិនអាចប្រគល់ឱ្យវិញបានទេ។ វត្ថុទាំងនោះត្រូវរឹបអូសទុក​ជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញចោល …” ។

គណៈកម្មការជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមផ្តល់ព័ត៌មានពិត ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ហើយព័ត៌មាននោះនឹងអាចឈានទៅរកការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើ ព្រមទាំងសូមគោរពច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈទាំងអស់គ្នា​ស្របនឹងទិសស្លោក “ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ” ៕/Ha