អត្ថន័យខែកុម្ភៈ និងធម្មជាតិរបស់​​មនុស្សកើតខែកុម្ភៈ ​

ដោយៈមេសា/ភ្នំពេញ ៖ កុម្ភៈ ជាភាសាបាលី ឬ សំស្រ្កិត មានន័យជាខេមរភាសាថា “ ក្អម “ ឬ “ ឆ្នាំង” ។ វាជាខែទី១១ នៃសុរិយគតិ ស្ថិតនៅក្នុងសិសិររដូវ គឺរដូវរងារខ្លាំង ប៉ុន្តែនៅក្នុងចន្ទគតិ ខែ កុម្ភៈ ស្ថិតនៅក្នុងហេមន្តរដូវ (ហេមន្តកាល ឬ ហេមន្តសម័យ ) គឺរដូវកាលមានទឹកសន្សើម ហើយជាខែទីពីរ នៃ ប្រតិទិន ហ្គ្រេហ្កូរាន ដែលជាប្រតិ​ទិន​សកលនាពេលបច្ចុប្បន្ន ។

ប្រតិទិនសកលនាពេលបច្ចុប្បន្នឈ្មោះថា ប្រតិទិន ហ្គ្រេហ្កូរាន គឺ ជាសមិទ្ធផលចុង ក្រោយ នៃការកែប្រែមកពីប្រតិទិនរ៉ូម៉ាំង។ កាលពីដំបូងឡើយ ប្រតិទិនរ៉ូម៉ាំងមានឈ្មោះថា ប្រតិទិន រ៉ូមូលូស ដែលរៀបចំឡើង នៅ៧៥៣ឆ្នាំមុនគ.ស ដោយសហស្ថាបនិក ទីក្រុងរ៉ូម ឈ្មោះ រ៉ូមូលូស។ ប្រតិទិននេះ ក្នុងមួយឆ្នាំមានតែ១០ ខែ ត្រូវជា៣០៤ថ្ងៃ ប៉ុណ្ណោះ ដោយ នៅសល់៦១ថ្ងៃ នៃ សិសិររដូវ ពុំត្រូវបាន កំណត់ ឬ ចាត់ចូលក្នុងខែណាមួយឡើយ។ ខែទី០១ នៃ ប្រតិទិន រ៉ូមូលូស គឺ ខែ មីនា ដែលមានឈ្មោះជាភាសាឡាតាំងថា Martius ។

លុះ៤០ ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំទី៧១៣ មុនគ.ស អធិរាជរ៉ូម៉ាំង ព្រះនាម នូម៉ា ប៉ុមពីលីយឺស បានកែប្រែប្រតិទិន រ៉ូមូលូស ហើយគេបានឱ្យឈ្មោះប្រតិទិនថ្មីនេះថា “ ប្រតិទិន នូម៉ា ” ដោយបញ្ចូលខែចំនួនពីរនៅខាងដើម ហើយខែពីរនោះដាក់ឈ្មោះថា January (មករា) និង February (កុម្ភៈ) ។ ( ខែ មករា និង) ខែ កុម្ភៈ ក៏ចាប់ផ្តើមបង្ហាញវត្តមាន ក្នុងលោក ហើយក៏បានក្លាយជាខែទីពីរ ក្នុងប្រតិទិនតាំងពីពេលនោះមក ។

ដូច្នេះខែ កុម្ភៈ ត្រូវបានផ្តល់កំណើតឱ្យ ដំណាលគ្នាជាមួយនឹងខែមករា ដោយព្រះចៅ នូម៉ា ប៉ុមពីលីយើស នៃ អាណាចក្ររ៉ម៉ាំង នៅ៧១៣ឆ្នាំមុនគ.ស ហើយគិតត្រឹមឆ្នាំ២០២០ ខែកុម្ភៈ មានអាយុកាលនៅលើលោកនេះ ២.៧៣៣ ឆ្នាំហើយ ។

កុម្ភៈ ក្នុងមួយខែមាន២៨ថ្ងៃ ហើយរាល់បួនឆ្នាំម្តង ខែ កុម្ភៈ ត្រូវបន្ថែមមួយថ្ងៃ (ឆ្នាំលើក) ទៅជា២៩ថ្ងៃ ។ ដូច្នេះវាជាខែដែលមានថ្ងៃតិចឬរយៈពេលខ្លីជាងគេបំផុតក្នុងចំណោមខែទាំង១២ ហើយវាក៏ជាខែតែមួយគត់ ដែលមានថ្ងៃពេញបូរមីតែមួយដង ក្នុងមួយខែ ។

ក្នុងឆ្នាំធម្មតា ខែ កុម្ភៈ ចាប់ផ្តើមនៅថ្ងៃ នៃ សប្តាហ៍ដូចគ្នានឹង ខែ មីនា និង ខែវិច្ឆិកា ហើយនៅក្នុងឆ្នាំលើក វាចាប់ផ្តើមនៅថ្ងៃដូចគ្នានឹងខែសីហា ។ វាដាច់ខែនៅក្នុងថ្ងៃ នៃ សប្តាហ៍ដូចគ្នានឹងខែមករា និង ខែតុលា ហើយនៅក្នុងឆ្នាំលើក វាជាខែតែមួយគត់ដែលដាច់ខែចំលើថ្ងៃចាប់ផ្តើមរបស់វា ។

ជំនឿ និង វប្បធម៌បស្ចិមលោក ចំពោះហោរាសាស្ត្របស្ចិមលោក អ្នកដែលចាត់ទុកថាស្ថិតនៅក្នុងខែ កុម្ភៈ ឬ កុម្ភៈរាសី គឺជនានុជនដែលកើតនៅចន្លោះថ្ងៃទី ២១ ខែ មករា ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ។ និម្មិតសញ្ញា នៃ ខែកុម្ភៈ គឺ ក្អម , ធាតុខ្យល់ ទទួលឥទ្ធិពលពីភព អ៊ុយរ៉ានូស និង ភពសៅរ៍ ។ មនុស្សកើតក្នុងខែកុម្ភៈ ជាប្រភេទមនុស្សឈ្លាសវៃ មានចិត្តមេត្តា ព្រងើយកន្តើយ ប៉ុន្តែមានចរិតគឃ្លើន ធ្វើឱ្យគេជាមនុស្សលេចធ្លោ ។ ភាពផ្ទុយគ្នានេះហើយ ដែលធ្វើឱ្យគេជាមនុស្សម្នាក់ដែលអ្នកដទៃពិបាកនឹងស្មានត្រូវ ។

ខែកុម្ភៈ ជាភាសាអង់គ្លេសថា February មកពីភាសាឡាតាំងថា februum មានន័យថា “ ការជម្រះ , ការសម្អាត , ការបន្សុទ្ធ ឬ វិសុទ្ធិកម្ម “ ។ វាសំដៅដល់ពិធីបុណ្យ Februa ជាពិធីបុណ្យខាងសាសនាមួយរបស់ប្រជាជនរ៉ូម៉ាំងដែលគេជឿថាជាបុណ្យ វិសុទ្ធិកម្ម ដល់ឋាននរក ហើយត្រូវបានគេធ្វើឡើងនៅថ្ងៃពេញបូរមី ខែកុម្ភៈ នៃ ប្រតិទិនសុរិយគតិបុរាណរបស់រ៉ូម៉ាំង ។

បុរាណអង់គ្លេស ហៅខែ កុម្ភៈ នេះថា Solmonath ដែលមានន័យថា ខែភក់ល្បាប់ ។ វប្បធម៌ ហ្វាំងឡង់ ហៅខែកុម្ភៈថា helmikuu ដែលមានន័យថា ខែគជ់ ដ្បិតនៅក្នុងខែនេះ ព្រិលដែលបានកកទើលើមែកឈើ ក៏ធ្លាក់មកជាដុំតូចៗ រួចហើយក៏កកទៀត មើលទៅដូចជាដុំ នៃ គជ់ ។

ត្បូងនាំសំណាងរបស់មនុស្សកើតខែកុម្ភៈ គឺ ត្បូងកណ្តៀងខៀវ ត្បូងជម្ពូរត្ន ឬ ត្បូងកណ្តៀងពណ៌ស្វាយ ត្បូងមរកតបៃតង ត្បូងទទឹម និង ត្បូងពេជ្រ ។

ព្រឹត្តិការណ៍សំខាន់ៗ
• ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព នៃ អតីតព្រះមហាវរៈក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ទៅតម្កល់នៅវាលព្រះមេន ។ ក្បួនដង្ហែនេះ មាន១១ផែនសំខាន់ៗគឺ៖
• ផែនទី១. ជាផែនជ័យ បង្ហាញពីភាពរុងរឿង និងមោទនភាពជាតិក្រោមបាវចនា”ជាតិ សាសនា ព្រះ មហាក្សត្រ” ។
• ផែនទី២. បង្ហាញពីសក្ដានុពល នៃ អំណាចកម្លាំងទ័ពគ្រប់ប្រភេទ និងកម្លាំងយុវជន។ផែនទី៣.
• អំពីអត្ថិភាពនៃព្រះរាជប្បវេណី និងព្រះរាជកេតនភណ្ឌ។
• ផែនទី៤.
• បង្ហាញអំពីក្បួនមន្ដ្រី ក្រសួងនានា ។
• ផែនទី៥. ភ្លេងនិងសមាគម ជនជាតិនានា ។
• ផែនទី៦. មន្ដ្រីរាជធានីខេត្ដ ។
• ផែនទី៧. ព្រះពុទ្ធសាសនា។
• ផែនទី៨. ក្បួននាំមុខព្រះបរមសព។
• ផែនទី៩. ព្រះទីនាំងបុស្បុក តម្កល់ព្រះបរមសព ។
• ផែនទី១០. ក្បួនរបស់ព្រះរាជវង្សានុវង្ស ក្សត្រី ប្រជាពលរដ្ឋ ។
• ផែនទី១១. ផែនរក្សាសន្ដិសុខ សុវត្ថិភាពកន្ទុយក្បួន ។
ក្បួនដង្ហែទាំង១១ផែននេះមានមនុស្សប្រមាណជា៥.០០០នាក់ ។ មានអ្នកឈរអមផ្លូវក្បួនដង្ហែរាប់សែននាក់ហើយទូរទស្សន៍ក្នុងស្រុកខ្លះប៉ាន់ស្មានថាមានមហាជនសរុបប្រមាណជាមួយលាន ពីរសែននាក់ មកចូលរួមក្នុងពិធីនេះ ដោយទឹកមុខ ស្រងូតស្រងាត់យ៉ាងក្រៃលែង។

• ម៉ោង៦ និង ៣០នាទីល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ព្រះបរមសព នៃ អតីតព្រះមហាវរៈក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានបូជាថ្វាយព្រះភ្លើងដោយផ្ទាល់ព្រះហស្តរបស់ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ ដោយមានប្រមុខរដ្ឋ តំណាងរដ្ឋ មន្ត្រីអ្នកមុខអ្នកការ និង ប្រជាពលរដ្ឋរាប់សែននាក់ចូលរួម។នាឱកាសនេះ អ្នកទោស៤០៥ នាក់ត្រូវបានដោះលែងឱ្យមានសេរីភាព ។
• ១០១ គ្រាប់សិប្បនិម្មិត នៃ កាំភ្លើងធំ១០៥មិល្លីម៉ែត្រត្រូវបានបាញ់នាពេលនោះ ។
• ទិវាអាពាហ៍ពិពាហ៍ពិភពលោក ត្រូវគេប្រារព្ធនៅរាល់ថ្ងៃអាទិត្យសប្តាហ៍ទីពីរ នៃ ខែកុម្ភៈ ។
• ថ្ងៃទី ២ ខែ កុម្ភៈ គឺជា ទិវា រដ្ឋធម្មនុញ្ញហ្វីលីពីន , ថ្ងៃទី ៣ គឺជា ទិវា នៃ ការបង្កើតបក្សកុម្មុយនិស្តវៀតណាម , ថ្ងៃទី ៤ ទិវា ឯករាជ្យជាតិ ស្រីលង្កា , ថ្ងៃទី ៦ ទិវា វ៉ាតាងី ញូហ្សេលែនដ៍ ។
• ប្រធានាធិបតីអាមេរិកលោក អាប្រាហាំ លីនខុន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ ។ រីឯលោកប្រធានាធិបតី ចច វ៉ាស៊ីងតោន កើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៧៣២។
• បុណ្យទិវា នៃ ក្តីស្រលាញ់ ឬ បុណ្យវ៉ាឡង់ទីន ដែលអ្នកខ្លះហៅថា បុណ្យសង្សារ ប្រារព្ធនៅថ្ងៃទី១៤ ខែកុម្ភៈ។
• ទិវាភាសាមាតាអន្តរជាតិ ត្រូវបានធ្វើនៅថ្ងៃទី២១ ខែកុម្ភៈ ៕B/

ត្បូងកណ្តៀងខៀវ ដែលជាត្បូងនាំសំណាងសម្រាប់មនុស្សកើតខែកុម្ភៈ (blue spphire)
ចំណងជើងរូបៈ ចម្លាក់ក្អម ដែលជានិម្មិតសញ្ញា នៃ កុម្ភៈ (ក្អម)
ក្បួនដង្ហែព្រះបរមសព នៃ អតីតព្រះមហាវរៈក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ (ហែសព)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​បុរស​ម្នាក់ រំល...

ដោយៈ ស​រិ​ទ្ធ/រតនគីរីៈ បុ...

អភិរក្ស​និង​ជួសជុល​ជណ្ដើរ...

​ដោយ​: គូលែន / ព្រះវិហារ​...

សឿ សុធា​រ៉ា បង្ហាញ​វត្តមា...

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ​...

រថយន្ត​ថយក្រោយ​កិន​ម៉ូតូ​...

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំព...