ស្រាវជ្រាវប្រែសម្រួល:មេសា/ភ្នំពេញ ៖ រដ្ឋាភិបាល និង ប្រជាជនវៀតណាម ប្រារព្ធទិវាបង្កើតគណបក្សកុម្មុយនិស្ត របស់ខ្លួននៅថ្ងៃទី ០៣ ខែ ខែ កុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែលចលនាកមុម្មុយនិស្តចំនួន ៣ របស់វៀតណាម ត្រូវបានរួមរួមគ្នាក្រោមការសម្របសម្រួលរបស់ ហូ ជី មិញ បង្កើតបានជាបក្សកុម្មុយនិស្ត វៀតណាម នៅទីក្រុង ហុងកុង កាលពី ឆ្នាំ ១៩៣០ ។

ភូមិសាស្ត្រ-ប្រជាសស្ត្រ
សាធារណរដ្ឋ សង្គមនិយម វៀតណាម ចាត់ទុកថាជាប្រទេសកុម្មុយនិស្តកំណែទម្រង់មួយ មានផ្ទៃដី ៣៣១.២១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីនៅ ឥណ្ឌូចិន បារាំង និង ជា សមាជិកមួយក្នុងចំណោមសមាជិកទាំង១០ នៃ សមាគម អាស៊ាន មានព្រំដែនជាប់នឹងប្រទេសកម្ពុជា ឡាវ ឈូងសមុទ្ទថៃ ឈូងសមុទ្ទ តុងកឹង និង ចិន ។ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋជាង ៩៧ លាននាក់ ភាគច្រើនជានអ្នកកាន់ ព្រះពុទ្ធសាសនា មហាយាន ខុងជឺ និង តាវ រដ្ឋធានី គឺទីក្រុង ហាណូយ ភាសាផ្លូវការ គឺភាសាវៀតណាម ។

ប្រវត្តិសាស្ត្រ-ធ្លាក់ក្រោមអាណានិគមបារាំង
បារាំង បានសម្លឹងឃើញទឹកដីវៀតណាម ថាជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់វិស័យកងទ័ពផង និង សម្រាប់វិស័យពាណិជ្ជកម្មផង ហេតុនេះ បារាំង ត្រូវតែយក វៀតណាម ឱ្យបាន ហើយគិតត្រឹមឆ្នាំ ១៧៤៧ នាវាចម្បាំង បារាំង បានចូលទៅដល់ទឹកដី វៀតណាម គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ប្រទេសមហាអំណាចលេបត្របាក់ទឹកដីដែលទន់ខ្សោយជាងខ្លួន គឺ បន្ទាប់ពីបង្កើតទំនាក់ទំនងដ៏ល្អុកល្អឺនមក ក៏តែងតែបញ្ជូនសាសនទូត ទៅផ្សព្វផ្សាយសាសនាគ្រិស្ត ( ឬ ទំនាក់ទំនងពាណិជ្ជកម្ម ) គឺសាសនាគ្រិស្តនេះឯងហើយ ដែលជាញឹកញាប់បំផុត តែងតែជាឈ្នាន់ ជាដៃជើង ឬ ជានុយ ក្នុងការស្វែងរក និង ប្រមែប្រមូលអំណាចទៅឱ្យម្ចាស់ប្រទេសរបស់ពួកគេ ( ប្រទេសដែលបានទៅផ្សព្វផ្សាយសាសនាគ្រិស្តនៅប្រទេសណាមួយផ្សេងទៀត ) វិញ ។

យ៉ាងណាមិញ ពួកសាសនទូតកាតូលិក ដែលបញ្ជូនទៅផ្សព្វផ្សាយសាសនាគ្រិស្តនៅ វៀត បន្ទាប់ពីបានអូសទាញមនុស្សបានមួយចំនួនហើយ ក៏បង្កើតបានជាទំនាស់ជាមួយម្ចាស់ស្រុកដែលកាន់សាសនា ឬ ប្រពៃណីវប្បធម៌របស់ពួកគេ ( ព្រោះអ្នកដែលត្រូវបានអូសទាញឱ្យក្លាយជាអ្នកកាន់គ្រិស្តសាសនា ត្រូវបានបង្ហាត់បង្រៀនបណ្តុះមនោគមសាសនាឱ្យប្តូរចរិយា ក៏ទៅជាមាក់ងាយវប្បធម៌របស់ខ្លួន )។

ទំនាស់ជាញឹកញាប់ រវាងម្ចាស់ស្រុក និង ពួកកាតូលិកនៅវៀតណាម បានជាលេស( ថាទៅការពារក្តីសុខរបស់ពួកអ្នកកាតូលិកនៅក្នុងទឹកដីវៀតណាម ) សម្រាប់ បារាំង វាយលុកទៅលើកំពង់ផែ ដាណាំង នៅឆ្នាំ ១៨៥៨ បណ្តាលឱ្យខូចខាតជាដំណំ ។ បន្ទាប់ពីបានវាយប្រហារជាច្រើនលើកច្រើនសារមក បារាំង បានបើកយុទ្ធនាការកងទ័ពដ៏ធំឱ្យឈ្មោះថា យុទ្ធនាការ តុង កឹង ចាប់ពីឆ្នាំ ១៨៨៣-១៨៨៦ បានត្រួតត្រា វៀតណាម បានទាំងស្រុង ។ បារាំង បានបែងចែកប្រទេស វៀតណាម ជា ៣ ផ្នែក គឺ ១. តុងកឹង ( វៀតណាមខាងជើង ) ២. អាណ្ណាម ( វៀតណាមកណ្តាល ) និង ៣. កូសាំងស៊ីន (វៀតណាមខាងត្បូង ដែលជាទឹកដីខ្មែរកម្ពុជាក្រោម ) ។ តំបន់ ឥណ្ឌូចិន បារាំង ដែលមាន កម្ពុជា វៀតណាម ( ទាំង ៣ តំបន់ខាងលើ ) និង ឡាវ ត្រូវបានបង្កើតនៅក្នុងខែ តុលា ឆ្នាំ ១៨៨៧ ។

ងាកមកខាងខ្មែរឯណេះវិញ បន្ទាប់ពី នាយចាយ ឬ នាយត្រសក់ផ្អែម ជ្រែករាជ្យនៅឆ្នាំ ១៣២៣ មក ចក្រភពអង្គរ ក៏ធ្លាក់ចុះជាបន្តបន្ទាប់ ហើយក៏ត្រូវទ័ពសៀមវាយបែកក្រុងអង្គរលើកទី ១ នៅឆ្នាំ ១៣៥៣ ។ ចាប់ពីពេលនោះមក ខ្មែរមាន សង្គ្រាមស៊ីវិលផង សង្គ្រាម​ឈ្លានពានពី សៀម និង យួន ផង ក៏ធ្វើឱ្យខ្មែរចេះតែទន់ខ្សោយទៅៗ ស្ទើររលាយរលត់បាត់ពីភពផែនដី ។ ទឹកដីខ្មែរ ត្រូវបាន យួន និង សៀម ដណ្តើមគ្នាជាបន្តបន្ទាប់ ហើយទីបំផុត ក៏មានចុះសន្ធិសញ្ញារវាង សៀម និង យួន ចែកគ្នានូវទឹកដីខ្មែរលើកទី ១ នៅឆ្នាំ ១៧៧៤ ដោយយកទន្លេមេគង្គជាតំបន់ខណ្ឌចែកគ្នា ។ ប៉ុន្តែដោយសារ បន្ទាប់ពីនោះ ទាំងខាង សៀម និង យួន សុទ្ធតែមានការបះបោរ ទើបការបែងចែកទឹកដីខ្មែរ នាគ្រានោះ ត្រូវបរាជ័យ ។

បន្ទាប់ពីបានដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ពួកគេរួចរាល់ហើយ ទាំង យួន និង សៀម ក៏ចាប់ផ្តើមបន្តមហិច្ឆតារបស់ពួកគេដណ្តើមទឹកដីខ្មែរបន្តទៀត រហូតដល់ឆ្នាំ ១៨៣១ យួន និង សៀម ពុះចែកគ្នានូវទឹកដីខ្មែរម្តងទៀត ដោយសៀម យកត្រឹមបឹងធំ ឯយួន យកត្រឹមបឹងតូច (ទន្លេសាប ) ។

ប៉ុន្តែដោយសារវត្តមាន បារាំង ប្រាថ្នាក្តោបក្តាប់ វៀតណាម ហើយគិតត្រឹមឆ្នាំ ១៧៤៧ នាវាចម្បាំង បារាំង បានចូលទៅដល់ទឹកដី វៀតណាម ហើយប្រើគ្រប់មធ្យោបាយគាបសង្កត់ជាបន្តបន្ទាប់ រហូត វៀតណាម ធ្លាក់ក្រោមការគ្រប់គ្រងរបស់ បារាំង ទាំងស្រុងដូចដែលបានលើកឡើងខាងលើមក ទើបមហិច្ឆតា នៃ ការលេបត្របាក់ទឹកដីខ្មែរ ពីសំណាក់ យួន និង សៀម ក៏បរាជ័យម្តងទៀត ។

ចលនាបោះបោរប្រឆាំងបារាំង ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅក្នុងបណ្តាតំបន់កាន់កាប់របស់បារាំង ដូជានៅឆ្នាំ ១៨៨៥ យុវាធិរាជ្យ Hàm Nghi បានចាកចេញពីរាជវាំងទៅបង្កើតចលនា Cần Vương ( សង្គ្រោះព្រះរាជា ) ហើយត្រូវបាន បារាំង ចាប់ខ្លួន និង និរទេសទៅប្រទេស អាល់ហ្សេរី នៅឆ្នាំ១៨៨៨ និង នៅ វៀតណាម ខាងជើង ចលនាដឹកនាំដោយអតីតមន្ត្រីវៀតណាមលោក Phan Đình Phùng នៅឆ្នាំ ១៨៩៥ ជាដើម ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ក៏មានស្តេចរាជវង្ស ង្វៀន ២ អង្គទៀតគឺព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន បារាំង និរទេសខ្លួនទៅអាហ្វ្រិកខាងត្បូង ពីបទមាននិន្នការប្រឆាំង បារាំង ។

គិតចាប់ពីឆ្នាំ ១៩០០ មកមានពួកយុវជនវៀតណាម ដែលពុំធ្លាប់រស់នៅក្នុងប្រទេសក្រោមអាណានិគម បារាំង បានចេញមុខ ហើយពួកគេស្រេកឃ្លាននូវឯករាជភាព វៀតណាមដូចដូនតា និង ឳពុកម្តាយពួកគេដែរ ហើយមានអ្នកខ្លះបានបង្កើតសមាគមឯករាជភាព វៀតណាម នៅក្នុងប្រទេស ជប៉ុន ។

ឆ្នាំ១៩០៥ មានចលនាបញ្ជូនសិស្សនិស្សិតទៅសិក្សានៅ ជប៉ុន ដោយពួកគេរំពឹងថា នៅពេលអនាគត ពួកគេចេះពីវិធីទំនើបក្នុងការដឹកនាំបដិវត្តន៍ប្រដាប់អាវុធប្រឆាំង បារាំង ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបានរៀបចំអង្គការចាត់តាំងចំនួនពីរនៅប្រទេស ជប៉ុន ។ បារាំង បានដាក់សម្ពាធការទូតចំពោះ ជប៉ុន ដែលទីបំផុត ជប៉ុន ត្រូវបង្ខំចិត្តបណ្តេញមេកដឹកនាំអង្គការចាត់តាំងម្នាក់ឈ្មោះ Châu ហើយជំនួសដោយលោក Phan Châu Trinh ដែលមាននិន្នាការតស៊ូដោយសន្តិភាព ។

ដោយមានគោលបំណងរំដោះប្រទេសជាតិ ពីការគ្រប់គ្រងរបស់ បារាំង ជនជាតិ វៀតណាម ជាច្រើនបាននាំគ្នាសិក្សាភាសាបារាំងយ៉ាងច្បាសលាស់ ហើយក៏មានអ្នកខ្លះទៅសិក្សាចំណេះដឹងផ្សេងៗដល់ប្រទេស បារាំង ទៀតផង ហើយក្នុងនោះ ក៏មានយុវជន Nguyen Sinh Cun ដែលបានប្តូរឈ្មោះទៅជា បា ( ក្រោយមក ង្វៀន អាយ គួក គឺ ហូ ជីមិញ ) ម្នាក់ផង ហើយ ដើម្បី បានទៅសិក្សានៅប្រទេស បារាំង នោះ បា បានធ្វើដំណើរតាមកប៉ាល់ ដោយធ្វើជាអ្នកបោសម្អាត លាងចាន ជាដើម ដោយគ្មានរាថយឡើយ ព្រោះមានគោលដៅច្បាស់លាស់ គឺទៅសិក្សាអំពី បារាំង ឱ្យស្គាល់ បារាំង ដើម្បី រំដោះប្រទេសជាតិពី បារាំង ។

បន្ទាប់ពីមានបដិវត្តន៍នៅ ចិន និង នៅ រុស្ស៊ី មក ចលនាបដិវត្តន៍ វៀតណាម ក៏ចាប់ផ្តើមកម្រើកដែរ ។ លោក Phan Bội Châu បានបង្កើតអង្គការចាត់តាំងមួយឈ្មោះ Việt Nam Quang Phục Hội ដោយមានបំណងបង្កើតចលនាតស៊ូប្រដាប់អាវុធប្រឆាំង បារាំង ។ ប៉ុន្តែនៅឆ្នាំ ១៩៥២ គាត់ត្រូវបាន បារាំង ចាប់ខ្លួននៅ សៀងហៃ ហើយបញ្ជូនមក វៀតណាម និង ឃុំឃាំងទុកក្នុងផ្ទះរហូតស្លាប់ ។

នៅឆ្នាំ ១៩២៧ គណបក្សអ្នកជាតិនិយម វៀតណាម ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបានស្ថាបនាឡើង តាមបែបបក្ស កូមីនធឺន ( បក្សកុម្មុយនិស្ត អន្តរជាតិ ) នៅ ចិន ។ បក្ស នេះ បានចាប់ផ្តើមចលនាប្រដាប់អាវុធនៅឆ្នាំ ១៩៣០ នៅ តុងកឹង ហើយជាលទ្ធផល បារាំង បានចាប់មេដឹកនាំបក្សនេះ និង អ្នកដឹកនាំមួយចំនួនទៀតកាត់ទោសត្រង់ៗ ។

កាលពីឆ្នាំ ១៩២៥ ង្វៀន អាយ គួក ( ក្រោយមកគឺ ហូ ជីមិញ , Guyen : ង្វៀន = អ្នកស្នេហាជាតិ ) ត្រូវបានបញ្ជូន ពីទីក្រុង មូស្គូ ទៅប្រទេស ចិន ក្នុងឋានៈជាអ្នកបកប្រែ ភាសា ។ ប៉ុន្តែគាត់បានធ្វើការងារក្នុបំណងប្រមែប្រមូលចលនាជាតិនិយមតូចៗរបស់វៀតណាម ដែលមានស្រាប់ហើយនៅទីនោះ ដើម្បី ឱ្យទៅជាចលនាបដវត្តន៍ គឺបង្កើតទៅជា សង្គនិយម បដិវត្តន៍ ។ ង្វៀន អាយ គួក បានបង្កើតសម្ព័ន្ធ មួយឈ្មោះថា សម្ព័ន្ធ យុវជនបដិវត្តន៍ វៀតណាម នៅឆ្នាំ ១៩២៥ ដោយហៅថា Thanh Niên ។

សម្ព័ន្ធ Thanh Nien ធ្វើការក្នុងគោលដៅ ២ គឺ ៖ ១. ស្វែងរកឯករាជភាព ជូនជាតិ និង ២. បែងចែកដីធ្លីប្រគល់ជូនប្រជាកសិករ ។ ទីចាត់ការរបស់ អង្គការនេះ នៅក្នុងប្រទេស ចិន ប៉ុន្តែដឹកនាំការងារចលនាបដិវត្តន៍នៅ វៀតណាម ។ សម្ព័ន្ធ Thanh Nien មានកាតព្វកិច្ចរៀបចំ ក្រុមតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងអាណានិគមបារាំង ។

ង្វៀន អាយ គួក និង សហការី បានធ្វើការ ៣ ដំណាក់កាលគឺ ៖ ទី ១ បង្កើត បរិយា កាស ខាងក្រៅ ធ្វើជាមជ្ឈមណ្ឌល បណ្តុះបណ្តាល ជាប្រភព នៃ កិច្ចការឃោសនា និង វិន័យ នៃ មនោគមវិជ្ជា ។ ក្រុមការងារបដិវត្តន៍សម្ងាត់នេះ បង្ហាត់មនុស្សនៅ កាន់តុង ប្រទេស ចិន ហើយបញ្ជូនទៅធ្វើសកម្មភាពនៅ វៀតណាម ។

ទី ២ សកម្មភាពរបស់ Thanh Niên គឺពាក់កណ្តាលសម្ងាត់ ដែលអ្នកបង្វឹករបស់ Thanh Niên បញ្ចូលនូវសកម្មភាព នយោបាយ និង សេដ្ឋកិច្ច រួមទាំង សកម្មភាពកុប្បកម្ម ពហិកា និង ការប្រឆាំងតវ៉ាផ្សេងៗ ដែលអាចជាអំពើហិង្សាផ្នែកនយោបាយ ជាមធ្យោបាយ ដើម្បី ប្រមូលផ្តុំមហាជន ។

ទី ៣. គឺ ការងើបបះបោរ និង ផ្តួលរំលំរបបនយោបាយដែលមានស្រាប់ ដោយប្រដាប់អាវុធ ហើយបង្កើតរដ្ឋាភិបាល បដិវត្តន៍ថ្មី ។ សម្ព័ន្ធ Thanh Niên មានអង្គការបើកចំហមួយទៀតឈ្មោះ ក្រុមយុវកុម្មុយនិស្ត (CYC) ដែលនៅឆ្នាំ ១៩២៩ ត្រូវគេជឿថា មានសមាជិក ២៤ រូប ។ សម្ព័ន្ធ Thanh Niên បានដឹកនាំក្រុម ២ ផ្សេងទៀត គឺ Nong Hoi ( សមាគមកសិករ ) និង Cong Hoi (សមាគមកម្មករ ) CYC និង Thanh Niên បានចេញផ្សាយ ខិតប័ណ្ធខ្លីៗ និង កាសែត អំពីទ្រិស្តី បដិវត្តន៍ និង បច្ចេកទេសអនុវត្តដែលហៅថា The Road to Revolution (វិថីឆ្ពោះទៅបដិវត្តន៍ ) និង កាសែតចំនួន ៤ ទៀត គឺ កាសែតយុវជន ពីខែ មិថុនា ១៩២៥ ដល់ ខែ ឧសភា ឆ្នាំ ១៩៣០ , កាសែត កម្មករ-កសិករ ពីឆ្នាំ ធ្នូ ១៩២៦ ដល់ ដើមឆ្នាំ ១៩២៨ , កាសែត កងទ័ពបដិវត្តន៍ ពីដើមឆ្នាំ ១០២៧ ដល់ដើមឆ្នាំ ១៩២៨ និង កាសែត កងទ័ពជួរមុខ នៃ វៀតណាម នៅឆ្នាំ ១៩២៧ ។

ការបែកបាក់
ដោយសារគណបក្ស គួមីនតាំង ចិន ( របស់ ជាង កៃជៀក ) មានកម្លាំងខ្លាំងក្លាជាងគេ (ដោយសារបានទទួលជំនួយយោធា ពី អាមេរិក ) នៅទីនោះ ទើបបក្សនេះ កាប់សម្លាប់បង្ក្រាបលើបក្សកុម្មុយនិស្ត ដែលជាសត្រូវរបស់ខ្លួន ក្នុងបំណងផ្តាច់ផ្តិលដល់ឬសគល់ ។ សម្ព័ន្ធ Thanh Niên ដែល ជាបណ្តាញរបស់បក្ស កូមីនធឺន (បក្សកុម្មុយនិស្តអន្តរជាតិ ) ក៏ត្រូបង្ខំចិត្តសម្ងំលាក់ខ្លួន ពីការកាប់សម្លាប់របស់ពួកបក្សគួមីនតាំងដែរ ។ ទីតាំង និង មណ្ឌលហ្វឹកហ្វឺនរបស់សម្ព័ន្ធ Thanh Niên ក៏ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ ។ ហូ ជី មិញ បានចាកចេញពី កាន់តុង នៅក្នុងខែ ឧសភា ឆ្នាំ ១៩២៧ ហើយពុំអាចទំនាក់ទំនងជាមួយចលនា វៀតណាម ឡើយ ។

គណៈកម្មាធិការកណ្តាល នៃ សម្ព័ន្ធ Thanh Niên បានជួបប្រជុំថ្នាក់ជាតិ ពីថ្ងៃទី ១-៩ ខែ ឧសភា ឆ្នាំ ១៩២៩ ដែលចូលរួមដោយតំណាងមកពីតំបន់រដ្ឋបាលទាំង ៣ របស់ បារាំង នៅ វៀតណាម ( តុងកឹង , អាណ្ណាម និង កូសាំងស៊ី ) បូកទាំងអ្នកមកពី ហុងកុង និង សៀម ( ថៃ ) ផង ។ នាឱកាសនោះហើយ ដែលវិវាទបានកើតឡើងនាំឱ្យបែកបាក់គ្នា ជា ២ ក្រុម គឺ ក្រុមអ្នកខ្លះស្វែងរក ឯករាជភាពពីអាណានិគម និង មួយក្រុមទៀត ស្វែងរកបដិវត្តន៍សង្គម ។

នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩២៩ តំណាងជនកុម្មុយនិស្តមកពីតំបន់ តុងកឹង ប្រារព្ធសន្និសីទមួយនាទីក្រុង ហាណូយ ។ នៅទីនោះពួកគេបានប្រកាសរំលាយ សម្ព័ន្ធ Thanh Nien ហើយបង្កើតបក្សថ្មីមួយឈ្មោះថា ” បក្សកុម្មុយនិស្ត ឥណ្ឌូចិន (ICP) ” ។ ក្រុមផ្សេងទៀតរបស់ Thanh Niên នៅ អាណ្ណាម និង កូសាំងស៊ីន ក៏បានប្រកាសដាក់ឈ្មោះខ្លួនឯងថា ” បក្សកុម្មុយនិស្ត អាណ្ណាម ” នៅចុងឆ្នាំ ១៩២៩ នោះដែរ ។ ក្រុមទាំង ២ នេះ បានវាយប្រហារគ្នាដោយពាក្យសម្តី អស់រយៈពេលពេញមួយឆ្នាំ ១៩២៩ នោះ ដើម្បី ដណ្តើមអនុត្តរភាព លើចលនា សេរីភាព រ៉ាឌីកាល់ វៀតណាម ។

បក្សកុម្មុយនិស្ត វៀតណាម កើតឡើង
បក្សកុម្មុយនិស្តទី៣ របស់ វៀតណាម ក៏លេចឡើងនៅអំឡុងពេលនេះដែរ ដែលមានឈ្មោះថា ” សម្ព័ន្ធ នៃ កុម្មុយនិស្ត ឥណ្ឌូចិន ” ប៉ុន្តែមិនជាប់ទាក់ទងអ្វីជាមួយនឹង Thanh Niên ទេ មានឬសគល់នៅក្នុងក្រុមសេរីភាពជាតិផ្សេងទៀត ដែលមានគុណសម្បត្តិប្រហាក់ប្រហែលនឹង Thanh Niên ដែរ ហើយបង្កើតឡើងដោយលោក Phan Bội Châu ។

ក្រុមនេះ រៀបចំសន្និសីទបង្រួបង្រួមមួយ នៅក្នុងទីក្រុង ហុងកុង ពីថ្ងៃទី ៣ ( ដល់ថ្ងៃទី ៧ ) ខែ កុម្ភៈ ឆ្នាំ ១៩៣០ ។ ពេលនោះ ង្វៀន អាយ គួក ក្លាយជាជនដ៏សកម្មម្តងទៀត ទទួលបន្ទុកខាងសម្របសម្រួលក្រុមបែកបាក់គ្នាទាំង ២ គឺ បក្សកុម្មុយនិស្ត ឥណ្ឌូចិន និង បក្សកុម្មុយនិស្ត អាណាម ឱ្យរួបរួមគ្នាឡើងវិញ និង តាក់តែងលក្ខន្តិកៈផ្សេងៗរបស់ក្រុម ។

នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៩៣០ បក្សថ្មីមួយ ត្រូវបានបង្កើតឡើង ដោយឱ្យឈ្មោះថា ” បក្សកុម្មុយនិស្ត វៀតណាម ” ហៅកាត់ថា CPV ។ ដោយសារតួនាទីដ៏សកម្មរបស់ ង្វៀន អាយ គួក ក្នុងការសម្របសម្រួលទាំងនេះហើយ ទើបជាទូទៅត្រូវបានគេចាត់ទុកថា ” បក្សកុម្មុយនិស្ត វៀតណាម ” នេះ ត្រូវបានបង្កើតឡើងដោយ ង្វៀន អាយ គួក ។

បក្សកុម្មុយនិស្ត អន្តរជាតិ ជំទាស់ថា ចលនាកម្មុយនិស្ត គួរតែត្រូវបានផ្សព្វផ្សាយទៅពាសពេញ តំបន់ ឥណ្ឌូចិន បារាំង ( កម្ពុជា-ឡាវ និង វៀតណាម ) ។ ដូច្នេះ បក្សកុម្មុយនិស្ត វៀតណាម ក៏ទៅជា បក្សកម្មុយនិស្ត ឥណ្ឌូ ចិន ឬ ICP ។

អំឡុង ៥ ឆ្នាំដំបូង បក្ស ICP ទទួលបានសមាជិកប្រមាណជា ១.៥០០ នាក់ និង មាន អ្នកស្រឡាញ់យ៉ាងច្រើន ។ ICP បានបញ្ជ្រួតឥទ្ធិពល ទៅក្នុងសង្គមវៀតណាម ដ៏ច្របូកច្របល់បានយ៉ាងច្រើន ។ នៅឆ្នាំ ១៩២៩ និង ១៩៣០ ការប្រមូលភោគផលយ៉ាងខ្សត់ខ្សោយ និង បន្ទុកបំណុលដ៏ធ្ងន់ធ្ងរ បានធ្វើឱ្យប្រជាកសិករជាច្រើន មិនសប្បាយចិត្តយ៉ាងខ្លាំង ។

បក្សកុម្មុនិស្ត ឥណ្ឌូ ចិន រលាយ
នៅថ្ងៃទី ១ ខែ ឧសភា ១៩៣០ ពួកសកម្មជន ICP បានរៀបចំបាតុកម្មជាច្រើន ហើយហ្វូងមនុស្សក៏កាន់តែធំទៅៗ ចូលរួមបង្ហាញនូវការមិនពេញចិត្តចំពោះស្ថានភាពសេដ្ឋកិច្ចដែលពួកគេកំពុងប្រឈម ។ ក្បួនដង្ហែរយៈពេល ៣ ថ្ងៃ នៃ ខែ ឧសភា នោះ ធ្វើឱ្យអាជ្ញាធរអាណានិគម បារាំង មើលឃើញថា វានឹងអាចទៅជាបដិវត្តន៍កសិករដ៏គ្រោះថ្នាក់ ។ កម្លាំងរដ្ឋាភិបាល បានវាយប្រហារទៅលើហ្វូងបាតុករ សម្លាប់មនុស្សរាប់សឹបនាក់ ក៏បានបញ្ឆេះភ្លើងកំហឹងដល់ប្រជាពលរដ្ឋជាច្រើន។

ជាការឆ្លើយតប ក្រុមប្រឹក្សាមូលដ្ឋានជាច្រើន ត្រូវបានរៀបចំឡើងនៅតាមភូមិ ក្នុងការព្យាយាមគ្រប់គ្រងខ្លួនគេនៅតាមមូលដ្ឋាន ។ ការបង្ក្រាបរបស់អាជ្ញាធរអាណានិគមបារាំង បានចាប់ផ្តើមឡើងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៣១ ហើយមនុស្សប្រមាណជា ១.៣០០ នាក់ត្រូវបានសម្លាប់ និង មនុស្សជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ឬ ត្រូវនិរទេស ដែលក្នុងនោះ អគ្គលេខាធិការបក្ស ICP លោក ត្រាន់ ភូ និង អ្នកដឹកនាំជាច្រើនទៀត នៃ គណៈកម្មាធិការកណ្តាល ផងដែរ។ ICP ត្រូវបានបោសសម្អាតយ៉ាងមានប្រសិទ្ធភាព ចេញពីក្នុងតំបន់នោះ ។

ចលនាកុម្មុយនិស្ត ឥណ្ឌូ ចិន កើតឡើងវិញ
លោក ឡេ ហុងផុង ត្រូបានរៀបចំឱ្យស្តារ ចលនាកុម្មុយនិស្ត អន្តរជាតិ ឡើងវិញ ។ បក្ស ICP ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៣៥ ហើយលោក ឡេ ហុង ផុង ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការបក្ស ។ សមាជជាតិលើកទី ១ របស់ បក្ស ប្រារព្ធឡើងដោយសម្ងាត់នៅ ម៉ាកាវ នាឆ្នាំ ១៩៣៥ ។ ស្របពេលនោះ សមាជបក្សកុម្មុយនិស្ត អន្តរជាតិ នាទីក្រុង មូស្គូ បានអនុម័តគោលការណ៍ ប្រឆាំង ពួកហ្វាស៊ីសនិយម និង បានដឹកនាំចលនាកម្មុយនិស្ត ជុំវិញពិភពលោកដើម្បីសហការជាមួយកម្លាំងដែលប្រឆាំង ហ្វាស៊ីស ឆ្ពោះទៅសង្គមនិយម ។ ប្រការនេះ បានតម្រូវឱ្យ ICP មើលឃើញថា បក្សអ្នកជាតិនិយមនៅ ឥណ្ឌូ ចិន គឺជាសម្ព័ន្ធដ៏មានសក្តានុពល ។

ឆ្នាំ ១៩៣៦ លោក ហា ហ៊ួយ តាប់ ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្ស ចំណែកលោក ឡេ ហុង ផុង ត្រឡប់ទៅ វៀតណាម ដើម្បី ស្តារគណៈកម្មាធិការកណ្តាលឡើងវិញ ។
សង្គ្រាមលោកលើកទី ២-កើតឡើង នៃ វៀតមិញការងើបបះបោរប្រឆាំងបារាំង នៅ កូសាំងស៊ីន នៅឆ្នាំ ១៩៤០ មេដឹកនាំគណៈកម្មាធិការកណ្តាល ច្រើនបំផុត រួមទាំង អគ្គលេខាធិកា ង្វៀន វ៉ាន់ គូ និង ហាយ ហ៊ួយ តាប់ ផង ត្រូវបានចាប់ខ្លួន និង សម្លាប់ ហើយលោក ឡេ ហុង ផុង ត្រូវបាននិរទេសទៅតំបន់ Côn Đảo រហូតស្លាប់ ។ ចំណែក ង្វៀន អាយ គួក ត្រូវបានចាប់ខ្លួនដែរ ។

សង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) បានធ្វើឱ្យការក្តោបក្តាប់របស់បារាំង នៅឥណ្ឌូចិន ធ្លាក់ខ្សោយ គឺដោយសារ បារាំង ធ្លាក់ក្រោមការកាន់កាប់របស់ អាល្លឺម៉ង់ នៅក្នុងខែ មិថុនា ឆ្នា ១៩៤០ ទើបឥណ្ឌូចិន បារាំង ត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុន ។ ពេលនោះ លោក ង្វៀន អាយ គួក ក៏ត្រូវបានមានសេរីភាពឡើងវិញ ។

ក្រុមអ្នកដឹកនាំថ្មី រួមទាំងលោក ទ្រឿង ឈិន , ផាំ វ៉ាន់ ដុង និង វ៉ូ ង្វៀន យ៉ាប ក៏បានលេចមុខឡើង ។ អ្នកទាំងអស់នេះ ជាមួយនឹង ង្វៀន អាយ គួក បានក្លាយជាអ្នកដឹកនាំ បក្សកុម្មុយនិស្ត ICP អស់រយៈពេល ៤ ទសវត្សរ៍ក្រោយមក ។

នៅពេលសង្គ្រាមលោកទើបតែចាប់ផ្តើម ពួកបក្សកុម្មុយនិស្ត ឥណ្ឌូចិន បានបង្ហាត់​ង្រៀន សមាជិករបស់ខ្លួនឱ្យលាក់ខ្លួននៅតាមជនបទ ជាអង្គការមូលដ្ឋាន ។ ប៉ុន្តែសមាជិករបស់ ICP ជាង ២០០ នាក់ នៅតែត្រូវបានឡោមព័ទនិងចាប់ខ្លួន ។ សកម្មជនរបស់ ICP ប្រយុទ្ធយ៉ាងលំបាក នៅតំបន់ កូសាំងស៊ីន ។

ខែ កុម្ភៈ ឆ្នាំ ១៩៤១ ង្វៀន អាយ គួក បានត្រឡប់ទៅ វៀតណាម វិញ ដោយប្រើឈ្មោះថា ” ហូ ជី មិញ ” ហើយបង្កើតអង្គការកងទ័ពមួយដែលមានឈ្មោះថា ” សម្ព័ន្ធ ដើម្បី ឯក​រាជភាព នៃ វៀតណាម ” ដែលគេស្គាល់ជាពាក្យកាត់ថា ” វៀតមិញ ” គឺជាក្រុមប្រយុទ្ធដ៏ដាច់ខាត ប្រឆាំងនឹងការត្រួតត្រារបស់ ជប៉ុន ហើយពួកគេ ធ្វើការជាមួយ CIA អាមេរិក ដែលមានសត្រូវរួមគឺ ជប៉ុន ដែរ ។ កងទ័ព វៀតមិញ ត្រូវបានកងទ័ព អាមេរិក បង្រៀនអំពីសង្គ្រាមឈ្លបនាគ្រានោះឯង ។ ឈ្មោះ ហូ ជី មិញ ត្រូវបានស្គាល់ចាប់ពីពេលនោះឯង ។

ហូ ជីមិញ ជួបការលំបាកយ៉ាងច្រើន ដោយសារទីតាំងរបស់គាត់នៅដាច់ពីគេ។ ហូ បានធ្វើដំណើរទៅ ប្រទេស ចិន នៅខែ សីហា ឆ្នាំ ១៩៤២ ដើម្បីស្វែងរកជំនួយកងទ័ព ។ ប៉ុន្តែ គាត់ត្រូវបានរដ្ឋាភិបាល ជាតិនិយម ចិន ចាប់ខ្លួន ហើយកាត់ទោសដាក់ពន្ធនាគារដ៏ឃោឃៅរយៈពេល ១៤ ខែ និង ត្រូវតាមដានយ៉ាងតឹងរឹងមួយឆ្នាំទៀត។ ដូចនេះ ហូ មិនអាចត្រឡប់ទៅវៀតណាម វិញរហូតដល់ខែ កញ្ញា ឆ្នាំ ១៩៤៤។ ប៉ុន្តែបក្សកុម្មុយ​និស្ត និង ចលនា វៀតមិញ របស់គាត់ បានដំណើរការដោយល្អ ដោយពុំមានហូ ។ តាមពិតទៅ ទោះជា ក្រុមវៀតមិញ នេះជាស្នូល នៃ បក្សកុម្មុយនិស្ត ឥណ្ឌូចិន ក្តី ក៏អំឡុងឆ្នាំ នៃ សង្គ្រាម ពួកគេនៅតែជាក្រុមតូចនៅឡើយ ដោយមានគ្នាប្រមាណជា ២.០០០ ទៅ ៣.០០០ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៤៤ ។

សង្គ្រាម ដើម្បីឯករាជភាព
ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៤៥ កងទ័ពអាមេរិក ទម្លាក់គ្រាប់បែក នុយគ្លីអ៊ែរ៍ ទៅលើទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា និង ថ្ងៃទី ៩ ខែ និង ឆ្នាំ ដដែលនោះ ទម្លាក់គ្រាប់ទី ២ ទីក្រុង នាហ្កាសាគី បង្ខំឱ្យជប៉ុន ចុះចាញ់សង្គ្រាមលោកលើកទី ២ ។ ទឹកដីវៀតណាម ត្រូវបានប្រគល់ទៅឱ្យ អង់គ្លេស ជាអ្នកកាន់កាប់ជំនួស បារាំង ព្រោះ បារាំង ពុំសូវមានសមត្ថភាពទៀតទេ បន្ទាប់ពីត្រូវបាន អាល្លឺម៉ង់ ចូលកាន់កាប់នៅក្នុងសម័យសង្គ្រាម។

ប៉ុន្តែដោយសារពេលនោះ អង់គ្លេស ក៏ពុំសូវមានកម្លាំងគ្រ់គ្រាន់បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ផង ណាមួយមើលឃើញ ឥណ្ឌូចិន មិនសូវមានផលប្រយោជន៍សម្រាប់ខ្លួន ( អង់គ្លេស ) ផង ឥណ្ឌូចិន មានចលនាប្រឆាំងដ៏ស្មុគស្មាញផង ភូមិសាស្ត្រក៏ស្មុគស្មាញទៀត ជាពិសេសពេលនោះអង់គ្លេស កំពុងជាប់ដៃធ្វើសង្គ្រាមបង្ក្រាបចលនាប្រឆាំងអាណានិគមអង់គ្លេស នៅ អាល់ហ្ស៊េរី ផង ទើបអង់គ្លេស សម្តេចចិត្តបោះបង់ និង ប្រគល់ ឥណ្ឌូចិន ទៅឱ្យ បារាំង ដែលជាអាណានិគមចាស់នៅទីនេះស្រាប់ផង ។ ដូច្នេះ ឥណ្ឌូចិន គឺរួមទាំង វៀតណាម ផង ក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃ បារាំង ម្ងតទៀត ។

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ ក្រុម វៀតមិញ បានរៀបចំ ការងើបបះបោរ ធ្វើបដិវត្តន៍ ប្រឆាំងនឹងការគ្រប់គ្រងរបស់ បារាំង ដែលគេហៅថា បដិវត្តន៍ ខែ សីហា ។ ក្នុងរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ កងកម្លាំងរបស់ វៀតមិញ ដណ្តើមកាន់កាប់ភូមិជនបទ ទីក្រុងនានាទូទាំង ភាគខាងជើង , ភាគកណ្តាល និង ភាគខាងត្បូង នៃ ប្រទេសវៀតណាម រួមទាំងទីក្រុង ហាណូយ ផង ។ ប៉ុន្តែនៅតំបន់ខ្លះមិនទាន់ដណ្តើមបាននៅឡើយដូចជាតំបន់ Móng Cái, Vĩnh Yên, Hà Giang, Lào Cai និង Lai Châu ។

ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ នៅទីក្រុង ហាណូយ លោកប្រធាន ហូ ជី មិញ បានប្រកាសឯករាជភាពរបស់វៀតណាម បង្កើតជាសាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម(DRV) ក៏បានបង្ខំឱ្យព្រះចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់រាជវង្ស ង្វៀន នាគ្រានោះហោង ។

ទោះយ៉ាងណា រដ្ឋាភិបាល របស់ លោក ហូ ជីមិញ មិនទទួលបានការទទួលស្គាល់ដោយប្រទេសណាមួយឡើយ ។ ហូ បានដាក់ញត្តិជាច្រើនលើកទៅប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ ដើម្បី សុំការគាំទ្រ ។ ប៉ុន្តែលោក ទ្រូម៉ាន់ មិនដែលឆ្លើយតបឡើយ ។

ឆ្នាំ ១៩៤៦ វៀតណាម បានប្រារព្ធការបោះឆ្នោតជ្រើសរើសសមាជិកសភា លើកដំបូងរបស់ខ្លួន (ជ័យជម្នះបានលើ វៀត មិញ) ហើយក៏បានព្រាងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ ប៉ុន្តែស្ថានភាពនៅទូទាំងប្រទេសកំពុងស្ថិតក្នុងសភាពវឹកវរនៅឡើយ គឺ បារាំង ព្យាយាមកាន់កាប់ឡើងវិញដោយកម្លាំងទ័ព ។ អ្នកនយោបាយខ្លះនៅតំបន់ កូសាំងស៊ីន បង្កើតរដ្ឋាភិបាល កូសាំងស៊ីន ខ្លួនគេ ខណៈពួកកុម្មុយនិស្ត និង អ្នកមិនមែនកុម្មុយនិស្ត វក់វីរនឹងការប្រយុទ្ធគ្នា រីឯពួកតស៊ូនានាបង្កើតកងទ័ពរៀងៗខ្លួន ។

ប្រទេសវៀតណាម ត្រូវបានកាន់កាប់ដោយកងទ័ព ជាតិនិយម របស់ ចិន និង កងទ័ព បារាំង ។ បក្សកុម្មុយនិស្ត ត្រូវបានរំលាយ ហើយក្នុងការអនុវត្តជាក់ស្តែង វៀតមិញ បានក្លាយជាសមាជិកដ៏ធំមួយ នៃ ចលនាតស៊ូដើម្បីឯករាជភាព ។ បើតាម CIA សមាជិករបស់ វៀតមិញ កើនឡើងដល់ ៤០០.០០០ នៅត្រឹម ១៩៥០ ។ វៀតមិញ នៅតែបន្តប្រយុទ្ធ ប្រឆាំង អាណានិគម បារាំង តទៅទៀត ។

សង្គ្រាមពេញបន្ទុករវាង វៀត មិញ និង អាណានិគម បារាំង ឬ សង្គ្រាមលើកទី១នៅ ឥណ្ឌូចិន បានផ្ទុះឡើងជាផ្លូវការ នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៤៦ ។ ឆ្នាំ ១៩៥១ បក្សកុម្មុយនិស្ត ត្រូវបានបង្កើតឡើងវិញជាផ្លូវការ ដោយដាក់ឈ្មោះថា បក្សពលករ នៃ វៀណាម ។ កងទ័ព វៀត មិញ យកឈ្នះលើកងទ័ពរបារាំងនៅ បៀន បៀន ភូ នាថ្ងៃទី ០១ ខែ សីហា ឆ្នាំ ១៩៥៤ ។ បក្សកុម្មុយនិស្ត វៀតណាម ក្លាយជាបក្សដឹកនាំប្រទេស ជាផ្លូវការចាប់ពីពេលនោះមក ។

បំបែកវៀតណាមជា ២
ជាអ្នកឈ្នះសង្គ្រាមលោកលើកទី ២ ហើយកំពុងបន្តដឹកនាំសង្គ្រាមត្រជាក់ផងនោះ អាមេរិក ពិតជាចង់ត្រួតត្រាវៀតណាម ព្រោះជាយុទ្ធសាស្ត្រកងទ័ព និង នយោបាយផង ។ ដើម្បី បញ្ចៀសការប្រឈមមុខដាក់គ្នាត្រង់ៗ រវាង អាមេរិក និង សូវៀត ដែលទើបតែបញ្ចប់សន្និសីទទីក្រុង ហ្សឺណែវ ឆ្នាំ ១៩៥៤ បានបំបែកវៀតណាមជាពីរផ្នែក ដោយរដ្ឋាភិបាលកុម្មុយនិស្ត របស់ ហូ ជីមិញ គ្រប់គ្រងភាគ ខាងជើង ចាប់ពីទីក្រុង ហាណូយ ហើយសាធារណរដ្ឋ វៀត ណាម របស់លោក ង៉ូ ឌិញ ឌៀម គាំទ្រដោយ អាមេរិក គ្រប់គ្រងផ្នែកខាងត្បូងចាប់ពីទីក្រុង សាយហ្កន (ព្រៃនគរ) ។

ភាពមិនសាន្តត្រាណនៃវៀតណាមទាំងពីរនេះនាំឱ្យផ្ទុះសង្គ្រាឥណ្ឌូចិន លើកទី ២ (ជះឥទ្ធិពលដល់កម្ពុជា និង ឡាវ យ៉ាងធ្ងន់ធ្ងរ ) ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ១៩៥៥ រវាងវៀតណាមខាងជើង គាំទ្រដោយសហភាពសូវៀត ចិន និង សម្ព័ន្ធកុម្មុយនិស្ត ចំណែកវៀតណាខាងត្បូង គាំទ្រដោយអាមេរិក ហ្វីលីពីន និង សម្ព័ន្ធមិត្តដែលប្រឆាំងកុម្មុយនិស្ត ។

ស្ថានភាពក្នុងប្រទេសមានការប្រែប្រួលផង កងទ័ពអាមេរិកបានដកចេញពីវៀតណាមខាងត្បូងនៅឆ្នាំ ១៩៧៣ ។ ទីក្រុង សាយហ្កន ឬ ទីក្រុងព្រៃនគរ ដែលជារដ្ឋធានីរបស់​វៀតណាមខាងត្បូង បានធ្លាក់ក្រោមការត្រួតត្រារបស់វៀតណាមខាងជើង ឬ វៀតណាមកុម្មុយនិស្ត ។ទាហានវៀតណាខាងត្បូងបានចុះចាញ់វៀតណាមកុម្មុយនិស្ត នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ហើយសង្គ្រាមបានបញ្ចប់ដោយវៀតណាមទាំងស្រុងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមកុម្មុយនិស្តរហូតសព្វថ្ងៃ។

បំបែកបក្សជា ៣ សម្រាប់ឥណ្ឌូចិន
សន្និសីទទី ២ របស់ បក្ស សម្រេចចិត្តថា បក្សកុម្មុយនិស្ត ត្រូវបំបែកជា ៣ ដោយបក្ស ១ នៅក្នុងប្រទេស ១ នៅ ឥណ្ឌូចិន គឺ កម្ពុជា វៀតណាម និង ឡាវ ហើយ បក្សកុម្មុយនិស្ត វៀតណាម មានសិទ្ធិ ត្រួតមើលសកម្មភាពរបស់បក្សទាំង ២ ផ្សេងទៀត ដែលមានទីតាំងនៅកម្ពុជា និង ឡាវ ។

បក្សប្រជាជនកម្ពុជា គឺ បក្សបដិវត្តន៍ប្រជាជន ខ្មែរ ឬ បក្សកុម្មុយនិស្តកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុង ខែ មេសា ឆ្នាំ ១៩៥១ ដោយមាន ប៉ុល ពត ជាអ្នកដឹកនាំ បក្សបដិវត្តន៍ប្រជាជន ឡាវ ត្រូវបានបង្កើតនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ១៩៥៥ ។

សន្និសបាតលើកទី ៣ របស់បក្ស ប្រារព្ធនៅទីក្រុង ហាណូយ នា ឆ្នាំ ១៩៦០ បានធ្វើប្រក្រតីកម្មនូវភារកិច្ច នៃ ការកសាងសង្គមនូវអ្វីដែលក្រោយមក វៀតណាម ខាងជើង ឬ ក៏សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម និង បានប្តេជ្ញា បក្ស ចំពោះសេរីភាព នៃ វៀតណាម ខាងត្បូង ។

នៅឆ្នាំ ១៩៧៥ បក្សពលករ នៃ វៀតណាម ខាងជើង ត្រូវបានរំលាយចូលជាមួយ បក្សបដិវត្តន៍ នៃ វៀតណាម ខាងត្បូង ។ សន្និសីទ លើកទី ៤ នៃ បក្ស នាឆ្នាំ ១៩៧៦ បក្សត្រូវបានដាក់ឈ្មោះទៅជា ” បក្សកុម្មុយនិស្ត វៀតណាម ” ដើម្បី ពង្រឹងជាមួយសក្តិភូមិ បណ្ណៈកម្មករ និង សម្ព័ន្ធកសិករ ។

នៅថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៩៧៦ វៀតណាម ខាងត្បូង និង វៀតណាម ខាងជើង ត្រូវបានរួបរួម ដើម្បី បង្កើតជា សាធារនរដ្ឋ សង្គមនិយម វៀតណាម រហូតបច្ចុប្បន្នមក ។
ជាការកត់សម្គាល់គឺឃើញថា ភាពគួរឱ្យគោរពរបស់ជនជាតិតវៀតណាម គឺការដែលចេះតែងើបឡើងវិញឥតឈប់ឈររហូតបានជោគជ័យពីបរទេសឈ្លានពាន បើទោះបីជាពួកគេតែងតែត្រូវបានតាមកាប់សម្លាប់ផ្តាច់ផ្តិលយ៉ាងណាក៏ដោយ៕/B

ទីក្រុងព្រៃនគរ ឬ ទីក្រុង សៃហ្កន ប្តូរទៅជា ទីក្រុង ហូ ជីមិញ ដើម្បី ផ្តល់កិត្តិយសដល់ ហូ ជីមិញ ( សៃហ្កន )
ហូ ជីមិញ ដែលត្រូវបានប្រវត្តិសាស្ត្រវៀតណាម គោរពស្មើអាទិទេព និង ចាត់ទុកថាជាស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម ( ហូ ជី មិញ)