​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​កុម្ភៈ​បាន​ចោទប្រកាន់​អាម៉េរិក​ថា​បង្ក​ការភិតភ័យ​ស្លន់ស្លោរ ដោយសារតែ​ការឆ្លើយតប​របស់​ខ្លួន​ចំពោះ​កូរ៉ូណា​វីរុស​រួម​មាន​ការដាក់បំរាម​​លើ​អ្នកដំណើរ​ចិន​ផង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួរ ជុន​យី​ង បាន​និយាយថា​អាម៉េរិក​មិន​បាន​ផ្តល់​ជំនួយ​ធំដុំ​ណាមួយ​ទេ​និង​គ្រាន់តែ​បាន​បង្ក​«​ការភិតភ័យ​តកមា​»​ប៉ុណ្ណោះ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បានប្រកាស​គ្រាអាសន្ន​សុខភាព​សាធារណៈ​មួយ និង​បាន​ហាម​មិន​អោយ​ចូល​អាម៉េរិក​ជា​បណ្តោះអាសន្ន​​ចំពោះ​ជន​បរទេស​ណា​ដែល​បាន​ធ្វើដំណើរ​ទៅ​ចិន​ឬ​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លងមក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ពិឃាត​។​

​ឥឡូវ​អាម៉េរិក​បានប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​៨​ករណី ដែល​មាន​ប្រភព​ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។​កូរ៉ូណា​វីរុសក៏​បានបង្ហាញវ​ត្តមាន​នៅ​២៤​ប្រទេស​​ផ្សេងទៀត តាមរយៈ​អ្នកដំណើរ​ទៅ​ពី​ចិន និង​ការឆ្លង​ក្នុងស្រុក​ផ្ទាល់​ក្នុងប្រទេស​ទាំងនោះ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​រួច​ហើយ​ថា ការផ្ទុះ​ជម្ងឺ​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី​បច្ចុប្បន្ន​ដែល​បាន​សម្លាប់​មនុស្ស​៣៦២​នាក់ និង​ឆ្លង​ជា​១៧.០០០​នាក់​ជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​សកល​មួយ និង​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​នានា​អោយ​ត្រៀម​ទប់ទល់​។​

​ប្រទេស​មួយចំនួន បានធ្វើការ​រឹតត្បិត​ការធ្វើដំណើរ​ទៅ​និង​ចូល​មក​ពី​ចិន ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ក៏​ផ្អាក​ឬ​កាត់បន្ថយ​ការហោះហើរ​របស់​ខ្លួន​ទៅ​​ចិន​ផង​ដែរ​។​

​ប្រឈម​ការ​ការ​ផ្អើល​និង​ភិតភ័យ​នេះ កាលពី​ថ្ងៃ​ចន្ទ​ទី​៣​កុម្ភៈ ពួក​វិនិយោគិន​បាន​ដក​ប្រាក់​ជាង​៤០០​ពាន់​លាន​ដុល្លារ​ចេញពី​តំលៃ​ភាគហ៊ុន​ចិន​ក្នុង​ការជួញដូរ​​ភាគហ៊ុន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ការឈប់​សម្រាល​ចូលឆ្នាំថ្មី នៅពេល​តំលៃ​ហ៊ុន​នៅ​ទីផ្សារ​ភាគហ៊ុន​ចិន​ធ្លាក់​ចុះ​ជិត​១០​ភាគរយ​។​

​សូម​រំលឹក​ថា កាល​ពី​ផ្សារ​ហ៊ុន​ចិន​បិទ​កាលពី​ថ្ងៃ​២៣​មករា​ដើម្បី​ឈប់​ចូលឆ្នាំ ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​មាន​ត្រឹមតែ​១៧​នាក់ តែ​នៅ​ពេល​វា​បើក​ឡើង​​វិញ​កាលពី​ថ្ងៃ​០៣​កុម្ភៈ ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​៣៦១​នាក់​នៅ​ចិន បូក​បន្ថែម​ម្នាក់​នៅ​ហ្វីលីពីន​។​ពួក​អ្នកវិនិយោគ​ដែល​មាន​ការភិតភ័យ បាន​បំផ្លាញ​តំលៃ​​ហ៊ុន​៤២០​ពាន់​លាន​ដុល្លារ​ភ្លាម​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​នាំគ្នា​លក់​ចេញ​ថោកៗ រីឯ​ប្រាក់​យ័ន ប្រេង ដែក ទង់ដែង​សុទ្ធតែ​ធ្លាក់​ថ្លៃ​។​

​តែ​ធនាគារកណ្តាល​ចិន​ក៏​បាន​បញ្ចេញ​ប្រាក់​១,២​លាន​លាន​យ័ន​(១៧៥​ពាន់​លាន​ដុល្លារ​)​ជា​បន្ទាន់​ផង​ដែរ​ដើម្បី​ទប់​សភាពការណ៍​និង​ធានា​ទិញ​ប័ណ្ណបំណុល​(​មូលប​ត្រ​)​មក​ពី​ឈ្មួញ​ណា​ដែល​ចង់​លក់​ចេញ​៕​ប្រែ​សម្រួល​៖​វាសនា​

តារាង​ភាគហ៊ុន​នៅ​ផ្សារ​ក្រុង​ប៉េកាំង​និង​សិន​ចិន​បង្ហាញ​ការធ្លាក់​ចុះ​ជិត​៩​ភាគរយ​