អ្នកក្រុងព្រះសីហនុគាំទ្រចំណាត់​ការជីកស្តារអូរប្រឡាយទាំង៥ខ្សែ​ឡើងវិញ

ដោយៈប.ខុន/ភ្នំពេញ ៖ អូរ និងប្រឡាយ សំខាន់ៗទាំង៥ ខ្សែនៅក្នុង ក្រុងព្រះសីហនុត្រូវ បាន រដ្ឋបាលខេត្តនេះ បង្កើនសកម្មភាពជីកកាយស្តារពង្រីកទៅតាមប្លង់ដីប្រព័ន្ធ ដែល បានកំណត់ដោយច្បាប់ភូមិបាល ដើម្បីដោះស្រាយបញ្ហាទឹកកុំឱ្យ មានការលិចលង់ទីក្រុងនេះជាថ្មីម្តងទៀតដូច កាលពីរដូវវស្សាឆ្នាំមុនៗ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ ទី៣ខែកុម្ភៈឆ្នាំ២០២០ថា អូរនិងប្រឡាយសំខានៗ៥ខ្សែ នៅក្នុងក្រុងព្រះសីហនុ ដែលបានបើកការដ្ឋានជីកកាយស្តារពង្រីកកាលពីដើមខែធ្នូ ពេលនេះកំពុងតែ អនុវត្តយ៉ាងសកម្មដើម្បី​ឈានទៅកាត់បន្ថយការលិចលង់ឱ្យបានទាន់ពេលវេលា នៅក្នុងរដូវវស្សាខាងមុខ។

ការជីកស្តារប្រឡាយខាងលើនេះលោកអភិបាលខេត្តនិយាយថា កន្លែងខ្លះ មិនអាចធ្វើបាន លឿន ដោយសារមានសំណង់មិនរៀបរយ បានសង់នៅលើអូរប្រឡាយ ដែលបានកំណត់ទុកដោយប្លង់ចុះបញ្ជីដីធ្លីជាប្រព័ន្ធ។ សំណង់ចំកណ្តាលពោះប្រឡាយមួយចំនួន ត្រូវបានប្រជាពលរដ្ឋយល់ព្រមរុះរើចេញដោយខ្លួនឯងរួចទៅ ស្នាក់នៅកន្លែងផ្សេងជាបណ្តោះអាសន្ននិងសំណង់មួយចំនួនត្រូវបានក្រុមការងារធ្វើការសម្របសម្រួលនិងររុះរើចេញបណ្តើរៗ បន្ទាប់ពីរដ្ឋបាលខេត្តបានធ្វើការជូនដំណឹងរួច។

លោកគួច ចំរើន បញ្ជាក់ថា ការជីកស្តារប្រឡាយនេះដើម្បីដោះស្រាយការ លិចលង់ដោយទឹកភ្លៀងហើយពេលវេលាសម្រាប់ធ្វើការងារនេះនៅមានសល់មិនច្រើនទេហេតុដូច្នេះហើយបានជាក្រុមការងារធ្វើបណ្តើរដោះស្រាយការប៉ះពាល់បណ្តើរ គឺមិនរង់ចាំដោះសា្រយហើយបានធ្វើនោះទេ ព្រោះពេលវេលាអំណោយផលសម្រាប់ជីកស្តារប្រឡាយនេះនៅមានមិនច្រើនទៀតឡើយ។ ប្រជាពល រដ្ឋជាច្រើននៅក្នុងក្រុងព្រះសីហនុដែលរងគ្រោះពីការលិចលង់ដោយសារអូរនិងប្រឡាយត្រូវបានគេ ទន្ទ្រានយកនោះមានការគាំទ្រយ៉ាងខ្លាំងដល់ចំណាត់ការ របស់រដ្ឋបាលខេត្ត។

ប្រជាពលរដ្ឋដែលតាំងទីលំនៅមិនរៀបរយនៅលើអូរប្រឡាយក្នុងក្រុងព្រះសីហនុដែលត្រូវជីកកាយបើកផ្លូវ ទឹកឡើងវិញនេះ លោកអភិបាលខេត្តនិយាយថា មានចំនួនប្រមាណជា២៩០គ្រួសារ ដោយភាគច្រើនបានស្មគ័្រចិត្តចាកចេញតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត។ ចំពោះបងប្អូនដែលគ្មានដីធ្លីពិតប្រាកដ ហើយមក ស្នាក់នៅលើប្រឡាយដែលជាដីរបស់នេះ រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំដីសប្បទានជូនដូចជាបងប្អូនរស់នៅលើផ្លូវស្ពានឆេះនោះដែរ។

លោក គួច ចំរើន នៅថ្ងៃដដែលនេះ បានថ្លែងអំណរគុណដល់ពលរដ្ឋម្ចាស់សំណង់ពាក់ព័ន្ធនៅចំណុចផ្លូវអេម៉ារីអូរជិតព្រះរាជដំណាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុដែលស្ម័គ្រចិត្តរុះរើសំណង់មិនរៀបរយចេញ ដើម្បីឱ្យក្រុមការងាររៀបចំប្រព័ន្ធរំដោះទឹកជំនន់ និងធ្វើផ្លូវឲ្យបានទាន់ពេលវេលានៅមុនរដូវវស្សាមកដល់។
រំលឹកឱ្យដឹងថាក្នុងរដូវវស្សាឆ្នាំ២០១៩កន្លងទៅ ក្រុងព្រះសីហនុត្រូវបានលិចលង់យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងជាច្រើនសារ បន្ទាប់ពីអូរប្រឡាយ ដែលជាផ្លូវរំដោះទឹករបស់ទីក្រុងត្រូវបានគេទន្ទ្រានដោយចាក់ដីលប់ និងសង់ផ្ទះ ពីលើស្ទើរពេញអស់រួចមក។

នៅក្នុងពេលលិចលង់យ៉ាងធ្ងន់ធ្ងរនោះ មានការជួយអន្តរាគមន៍ជាបន្តបន្ទាប់ពីលោកឧបនា យករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងធនធានទឹករដ្ឋមន្ត្រីក្រសួងសាធារណការ និង មន្ត្រីក្រុមការងារផ្សេងៗទៀតជាច្រើនក្រុម តែនៅតែមិនអាចដោះស្រាយបានដោយសារផ្លូវទឹកត្រូវបានគេរំលោភយកអស់។

ផ្តើមចេញពីបញ្ហាខាងលើនេះហើយដែលចាំបាច់តម្រូវឱ្យរដ្ឋបាលខេត្តព្រះសីហនុនិងស្ថាប័នពាក់ព័ន្ធសម្រេចយកអូរនិងប្រឡាយទាំងនោះមកវិញ ដោយយោងទៅតាមច្បាប់ភូមិបាល ដែលបានកំណត់ក្នុងផែនទីចុះបញ្ជីដីធ្លីជាប្រព័ន្ធ។ អូរ និងប្រឡាយចំនួន៥ ខ្សែ សំខាន់ៗ រួមមាន ប្រឡាយ អូរ ឈើទាល, អូរ ម៉ា រី អូ, អូរ សំអាត, អូរអណ្តូង អ៊ុនតាក់ និង អូរ ស្ពានឆេះសរុបប្រវែង២៥.៩៦៧ ម៉ែត្រ ត្រូវបានបើកការដ្ឋានជីកស្តារឡើងវិញនៅថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...

ក្រុម​ឧ​ទ្យា​នុ​រក្ស ប្រទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...