អត្រារួមចំណែកនៃវិស័យកសិកម្ម ក្នុងសេដ្ឋកិច្ចជាតិថយចុះ តែតម្លៃ បន្ថែមកសិកម្មកើនឡើង

ដោយ:វិបុល/ភ្នំពេញ ៖ អត្រារួមចំណែក នៃវិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានការ ថយចុះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប៉ុន្តែតម្លៃបន្ថែមកសិកម្ម បានកើនឡើងក្នុងអត្រា​ថេរ និងចំនួនខ្ពស់។ នេះបើតាមការលើកឡើងរបស់លោក ស្រី វុឌ្ឍី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ស្រី វុឌ្ឍី បានបញ្ជាក់​ថា “អត្រារួមចំណែក នៃវិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានការថយចុះ ពី៣០.៧% មកត្រឹម២៣.៥% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប៉ុន្តែតម្លៃបន្ថែមកសិកម្ម បាន​កើន​ឡើងក្នុងអត្រា ៣-៤% ក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៨ បានកើនឡើងរហូតដល់ ២១,៩១៣ពាន់លានរៀល”។

ស្រី វុឌ្ឍី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
(រូបថត :វិបុល)

លោកបានបន្ថែមថា មូលហេតុដែលអត្រាចូលរួមចំណែករបស់វិស័យកសិកម្មបានថយចុះ ពីព្រោះសេដ្ឋកិច្ចកម្ពុជាមានសន្ទុះរីកចម្រើនផ្នែកឧស្សាហកម្ម និងសេវាកម្ម។

លោក វុឌ្ឍី បន្ដថា អនុវិស័យសំខាន់ៗ ដែលជាផ្នែកសំខាន់ៗរបស់វិស័យកសិកម្មរួមមាន ដំណាំ ផលិតកម្មសត្វ ជលផល និងព្រៃឈើ។ ទិន្នផលអនុវិស័យទាំងអស់មានការកើនឡើងគួរឲ្យកត់សម្គាល់ លើកលែងតែដំណាំរដូវ ដូចជាស្រូវ ដំឡូង និងពោតជាដើម ដែលមានទិន្នផលថយចុះ ដោយសារកត្តាអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។

ជាមួយគ្នានេះ លោកក៏បានលើកឡើង ពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដូចជា ៖
• កសិកម្មពឹងផ្អែកខ្លាំងលើកត្តាអាកាសធាតុ (ជំនន់ និងរាំងស្ងួត ព្រមទាំងការបំផ្លាញដោយជំងឺ សត្វល្អិត)
• កសិករនៅជួបបញ្ហាផលិតភាព គុណភាពទាប និងពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលកសិកម្មពីបរទេស
(១) កត្តាបច្ចេកទេសមិនទាន់គ្រប់គ្រាន់ (ពិសេសការស្រាវជ្រាវ និងផ្សព្វផ្សាយនៅមានកម្រិត)
(២) ថ្លៃដើមផលិតខ្ពស់ រួមទាំងកង្វះពលកម្មកសិកម្មនៅមូលដ្ឋានផលិត
(៣) ខ្វះខាតដើមទុនក្នុងការផលិតជាទ្រង់ទ្រាយធំ ឬកសិដ្ឋានធំ
• វិនិយោគឯកជនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅតិចតួច (ប្រមាណជាង១៥%នៃវិនិយោគសរុប) ដោយសារបញ្ហារាំងស្ទះដល់ការប្រកួតប្រជែង
• មិនទាន់មានសួនកែច្នៃកសិ-ឧស្សាហកម្ម (Agro-Processing Parks) ដែលជាទីកន្លែងប្រមូលទិញកសិផលសម្រាប់កែច្នៃនាំចេញ
• ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់ (ផ្លូវកសិដ្ឋាន ប្រឡាយបង្ហៀរចូលស្រែ ភ្លើងអគិ្គសនីបូមទឹកនៅតំបន់ផលិតធំៗ ឡូជីស្ទីក)
• សមត្ថភាពអាជីវកម្មកសិកម្មរបស់សហគមន៍កសិកម្មដែលជាតួអង្គផលិតទ្រង់ទ្រាយធំនៅមានកម្រិតនៅឡើយ
• ផលិតកម្មកសិកម្មតាមកិច្ចសន្យានៅមានចំនួនតិចតួច ដែលត្រូវបង្កើននាពេលខាងមុខ សម្រាប់រួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផល
• កត្តាថ្លៃកសិផលប្រែប្រួលមិនទៀងទាត់នៅអន្តរជាតិឬនៅក្នុងតំបន់ ។ល។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោកវុឌ្ឍី បានលើកឡើងពីចក្ខុវិស័យសម្រាប់ក្រសួងកសិកម្ម គឺ “កសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា”។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញនូវអភិក្រម នៃការអភិវឌ្ឍកសិកម្ម គឺ “បរិយាប័ន និងនិរន្ដភាពតាមរយៈយន្ដការ PPPP” ពោលគឺ ជំរុញកិច្ចសហការរវាងរាជរដ្ឋាភិបាល ផ្នែកឯកជន និងសហគមន៍កសិកម្ម ឬអ្នកផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...