ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អាជ្ញាធរ​និង​មាតាបិតា​សិស្ស​ចូលរួម​ជាមួយ​មន្ត្រី​អប់រំ​លើកទឹកចិត្ត​សិស្ស​អំ​ណាន​កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ ការឧបត្ថម្ភ គាំទ្រ​និង​ផ្តល់​ការលើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​អំ​ណាន​ថ្នាក់​ទី​៤​ដល់ទី​៦​នៃ​សាលាបឋមសិក្សា​នៅ​ក្រុង​ប៉ោយប៉ែត ។​
​លោក​ចែម សំបូរ​ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​ប៉ោយប៉ែត​ឱ្យដឹង​ថ្ងៃទី​៣​ខែកុម្ភៈ​ថា ៖​ការប្រឡង​អំ​ណាន​ធ្វើឡើង​នៅ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​សម្រាប់​សិស្ស​បឋមសិក្សា​ថ្នាក់​ទី​៤​ដល់​ថ្នាក់​ទី​៦ មកពី​សាលា​នានា​ទូទាំង​ក្រុង​ប៉ោយប៉ែត​ចំនួន​ជាង​៤០​នាក់ ។​

​លោក​ភ​ត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​សាលា​លោកគ្រូ​អ្នកគ្រូ​និង​មន្ត្រី​អប់រំ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អប់រំ​បង្ហាត់បង្រៀន​ក្មួយ​។​លោក​ព្រមទាំង​បាន​ចូលរួម​អបអរសាទរ​លើកទឹកចិត្ត​ដល់​ក្មួយៗ​ដែល​បាន​ខិតខំ​រៀនសូត្រ​ទទួលបាន​លទ្ធផល​ល្អ​ធ្វើខ្លួន​ជា​កូន​ល្អ​សិស្ស​ល្អជា​ទំពាំង​ស្នង​ឬ​ស្សី ។​

នា​ឨ​កាស​នោះ​លោក​ក្នុងនាម​រដ្ឋបាល​ក្រុង​ក៏បាន​ឧបត្ថម្ភ​ដល់​សិស្ស​ដែល​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣ និង​លួង​ចិត្ត​សិស្ស​ជា​បេក្ខជន​ដែល​បានមក​ចូលរួម​ប្រឡង ក្នុងនោះ​៖​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣​នាក់ ក្នុង​ម្នាក់ៗ​ទ​ទទួលបាន​កង់​១ គ្រឿង និង​ថវិកា​១៥ ម៉ឺន​រៀល ។​

​ចំណាត់ថ្នាក់​លេខ​២ ចំនួន​៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅសរសេរ ១០​ក្បាល ប៊ិច​០៥​ដើម ថវិកា​១២​ម៉ឺន​រៀល ។​ចំណាត់ថ្នាក់​លេខ​៣ ចំនួន​០៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅសរសេរ​១០ ក្បាល ប៊ិច​៥ ដើម និង​ថវិកា ១០​ម៉ឺន​រៀល ។​សិស្ស​មិន​ទទួលបាន​ជ័យលាភី​ចំនួន​៣៣​នាក់ ក្នុង​ម្នាក់ៗ សៀវភៅសរសេរ ថវិកា​១៥.០០០ រៀល ៕S/

​រូបថត​៖​អាជ្ញាធរ​មន្ត្រី​អប់រំ​និង​មាតាបិតា​សិស្ស​ចូលរួម​ជាមួយ​មន្ត្រី​អប់រំ​លើកទឹកចិត្ត​សិស្ស​អំ​ណាន​បឋមសិក្សា​នៅ​ក្រុង​ប៉ោយប៉ែត (​រូប​៖ ភ្នំ​ស្វាយ​)​