ប៉ុន្មានថ្ងៃបន្ទាប់ពីបណ្តារដ្ឋនៅតំបន់ឈូងសមុទ្រអារ៉ាប់សម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អ្នកតំណាងមកពីប្រទេសដដែលនេះនិងបណ្តាប្រជាជាតិមូស្លីមផ្សេងទៀតបានជួបប្រជុំគ្នានៅអារ៉ាប់ប៊ីសាអូឌីតនិងបានច្រានចោលផែនការរបស់សេតវិមានថា “លម្អៀង”។
រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ហ្វៃសាល ប៊ីន ហ្វានហាន បានមានបន្ទូលថា ព្រះរាជាណាចក្រនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលជំរុញឱ្យមានការចរចាប៉ុន្តែថាគំនិតផ្តួចផ្តើមបែបនេះត្រូវតែឈានដល់ដំណោះស្រាយយុត្តិធម៌ដែលធានានូវសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន “តាមរយៈការបង្កើតរដ្ឋឯករាជ្យមួយ ជាមួយទីក្រុងហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីរបស់ខ្លួន”។
ទ្រង់បានមានបន្ទូលបែបនេះនៅក្នុងកិច្ចជុំនៅទីក្រុងជេដដាប្រទេសអារ៉ាប់ប៊ីសាអូឌីតសម្រាប់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលមាន ៥៧ ប្រទេស ដែលបានបដិសេធផែនការរបស់លោកត្រាំ។
ការស្តីបន្ទោសជាផ្លូវការដោយអង្គការ OIC ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបណ្តាប្រទេសសម្ព័ន្ធអារ៉ាប់បានច្រានចោលសំណើរបស់សេតវិមានជាឯកច្ឆន្ទនៅឯកិច្ចប្រជុំមួយនៅទីក្រុងគែរ កន្លែងដែលប្រធានាធិបតីប៉ាឡេស្ទីន ម៉ាម៉ូដ អាប់បាស់ បានគំរាមកាត់ផ្តាច់សន្តិសុខជាមួយអ៊ីស្រាអែលនិងបានសំដៅទៅទីប្រឹក្សាសេតវិមានលោក ចារ៉េត គូស្នើ ប្រធានផ្តួចផ្តើមផែនការនេះ ថាគ្រាន់តែជាកូនប្រសាម្នាក់របស់ត្រាំប៉ុណ្ណោះ។
ផែនការរបស់សេតវិមានលម្អៀងយ៉ាងខ្លាំងទៅខាងអ៊ីស្រាអែលនិងព្រងើយកន្តើយចំពោះការទាមទារសំខាន់ៗរបស់ប៉ាឡេស្ទីន ដោយរក្សាទុកនូវពួកអ្នកតាំងទីលំនៅជនជាតិជ្វីហ្វប្រមាណ ៧៥០.០០០ នាក់ឱ្យនៅនឹងកន្លែងដដែល ទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើជ្រលងភ្នំហ្ស៊កដានី និង អះអាងថាទីក្រុងហ្ស៊េរុយសាឡិមជា “រដ្ឋធានីមិនអាចបំបែកបាន” របស់អ៊ីស្រាអែល។
អង្គការ OIC បានរិះគន់ “វិធីសាស្រ្តលម្អៀង” របស់សេតវិមាន ដោយនិយាយថា ផែនការនេះយល់ស្របតែលើអ្វីៗដែលអះអាងដោយអ៊ីស្រាអែលនិងគាំទ្រការកាត់យកតំបន់ជាច្រើននៃទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល ក្រោមលេសសន្តិសុខសម្រាប់អ៊ីស្រាអែល។ អង្គការនេះនិយាយថា សំណើរបស់សហរដ្ឋអាម៉េរិក “ខ្វះលក្ខខណ្ឌអប្បបរមានៃយុត្តិធម៌និងបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព”៕ ដោយ៖ កញ្ញាដាលីស
