កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​៤២៥​នាក់​និង​ឆ្លង​ជាង​២​ម៉ឺន​នាក់​, ចិន​អនុញ្ញាតឲ្យ​អ្នកជំនាញការ​អាម៉េរិក​ចូល​ជួយ​

383
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​បន្ត​កើនឡើង​ជា​ប្រចាំ ដោយ​គិត​មក​ត្រឹម​ដើម​ថ្ងៃ​អង្គារ​ទី​០៤​កុម្ភៈ​ អ្នកស្លាប់​ដោយ​វីរុស​នេះ​បាន​កើន​ដល់​៤២៥​នាក់ ​ក្រោយ​​ពី​អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី បាន​រាយការណ៍​អ្នកស្លាប់​ថ្មី​៦៤​នាក់​ទៀត​។​

​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​ចំនួន​២.៣៤៥​នាក់​។​នៅ​ទូទាំង​ប្រទេស​ចិន​មាន​អ្នក​ឆ្លង​ថ្មី​៣.២៣៥​នាក់​កាលពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ឡើងដល់​២០.៤៣៨​នាក់​។​

​គណៈកម្មាធិការ​សុខាភិបាល​ចិន​ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា សរុប​អ្នក​ជំងឺ​កូរ៉ូណា​វីរុស​៦៣២​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​គិត​ត្រឹម​ចុង​ថ្ងៃ​​ចន្ទ​។​

​ឥឡូវ រដ្ឋាភិបាល​ចិន​បាន​និយាយថា​ខ្លួន ត្រូវការ​ម៉ា​ស់មុខ​ពេទ្យ សម្លៀក​បំពាក់​ការពារ និង​វ៉ែន​តា​សុវត្ថិភាពជា​បន្ទាន់​ដើម្បី​ប្រយុទ្ធ​និង​គ្រប់គ្រង​ការផ្ទុះ​ជំងឺបង្ក​​ឡើង​ដោយ​កូរ៉ូណា​វីរុស​។​

​ក្នុងពេល​ជាមួយគ្នា​ ចិន​បាន​យល់ព្រម​ឲ្យអ្នកជំនាញការ​សុខភាព​អាម៉េរិក​ចូល​ក្នុងប្រទេស​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ជួយ​​ប្រយុទ្ធ​និង​បង្ក្រាប​វីរុស​ដែល​ឆ្លង​រាលដាល់​យ៉ាង​លឿន​នេះ ទោះជា​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទប្រកាន់​អាម៉េរិក​ថា​បង្ក​ការភ័យខ្លាច​វីរុស ដោយសារតែ​ការ​ចេញ​​បម្រាម​ធ្វើដំណើរ​មក​ចិន​និង​ការជម្លៀស​មនុស្ស​ចេញ​ពី​ចិន​ក្តី​។​

​អ្នកនាំពាក្យ​សេត​វិមាន បាន​និយាយថា​«​ចិន​បាន​ទទួលយក​សំណើ​របស់​អាម៉េរិក​ដើម្បី​ដាក់​អ្នកជំនាញ​អាម៉េរិក​ចូលក្នុង​បេសកកម្ម​របស់​អង្គការ​សុខភាព​ពិភព​​លោក​មក​កាន់​ប្រទេស​ចិន ដើម្បី​ស្វែងយល់​ច្រើន​ទៀត​អំពី​វីរុស​នេះ​ ហើយ​ប្រយុទ្ធប្រឆាំង​វា​»៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម