នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន សួនហ្វ៊ុក បាននិយាយកាលពីថ្ងៃចន្ទទី០៣កុម្ភៈថាជនជាតិវៀតណាមនិងជនបរទេសដែលចូលប្រទេសវៀតណាមពីប្រទេសចិន នឹងត្រូវបានដាក់នៅដោយឡែករយៈពេល ១៤ ថ្ងៃ។ នេះបើយោងតាមវេបសាយVnExpress ។
ការបញ្ជានេះនឹងអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលបានឆ្លងកាត់ខេត្តចំនួន៣១ នៅប្រទេសចិន ដែលបានរាយការណ៍អំពីការឆ្លងវីរុសផ្លូវដង្ហើមnCoV ។
នាយករដ្ឋមន្ត្រីបាននិយាយថាអ្នកដែលបានទៅឬឆ្លងកាត់ខេត្តហ៊ូប៉ី(Hubei)ដែលជាចំណុចនៃការផ្ទុះឡើងនៃវីរុសនេះ ត្រូវតែត្រូវបានចាត់ទុកជាករណីឆ្លងនិងត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេនៅពេលពួកគេមកដល់និងចាត់វិធានការដើម្បីការពារការឆ្លងរាលដាលនៅក្នុងតំបន់ដាច់ពីគេនោះ។
រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃសៅរ៍បានប្រកាសវីរុសnCoV ថាជាជំងឺឆ្លង។ គិតត្រឹមថ្ងៃចន្ទទី០៣ខែកុម្ភៈប្រទេសនេះបានកត់ត្រាករណីសង្ស័យចំនួន ២៣៦ ករណីដែលមានរោគសញ្ញាដូចជាក្តៅខ្លួនខ្លាំងនិងក្អកដោយនៅក្នុងចំនួននោះមានអ្នកខ្លះបានទៅលេងតំបន់ដែលឆ្លងវីរុសនៅប្រទេសចិន។នៅក្នុងចំនួននោះ មនុស្ស១៦៣ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះហើយ ៧៣នាក់ ស្ថិតនៅដោយឡែកពីគេ ដោយរង់ចាំលទ្ធផលតេស្តិ៍។
មនុស្ស ៨នាក់នៅប្រទេសនេះ ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ ដោយនៅក្នុងចំនួននេះ មានម្នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ៕ប្រែសម្រួល៖សុខា/sn

មន្ត្រីឈរនៅពីមុខកន្លែងព្យាបាលដោយឡែកមួយនៅមន្ទីរពេទ្យក្នុងខេត្តខាញ់ហ័រប្រទេសវៀតណាម កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០