ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ រថយន្តបែនដឹកដីរេចង្កូតបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ពីរនាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ២៦និង២៧។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្កើលនៅត្រងចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា នៅមុនកើតហេតុគឃើញបុរសរងគ្រោះបីនាក់រួមមាន១.ឈ្មោះ អែល អាយុ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅ និងកន្លែងនាក់រួមដំណើរជាមួយមានឈ្មោះម៉ាត់ យ៉េប អាយុ៣៤ឆ្នាំ រងរបួសធ្ងន់និងឈ្មោះ ម៉ាត់ អែល អាយុ៣៧ឆ្នាំ រងរបួសធ្ងន់។
អ្នកទាំងបីនាក់រស់នៅភូមិស្រែកោះឃុំតាគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០០៨ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1A5265 បើកបរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងជាប្រភេទបែនដឹកដីមិនស្គាល់ម៉ាក ដែលបើកបរពីជើងទៅត្បូងបានរេចង្កូតបុកជាមួយម៉ូតូយ៉ាងពេញទំហឹង ហើយកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅ និងកន្លែងតែម្តង។
ប្រភពបានបន្តថា ក្រោយពីរថយន្តបង្កបុកហើយអ្នកបើកបរ ដែលមិនស្គាល់អត្តសញ្ញាណបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុមន្ត្រីជំនាញ បានហៅរថយន្តសាមុយដឹងអ្នករងរបួសទាំង២នាក់ទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកឧដុង្គ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីបន្តស្រាវជ្រាវរករថយន្តបង្កចាត់កាតាមនិតិវិធី៕B/Ha