ភ្នំពេញ៖ តារាសម្តែងល្បី មានប្រជាប្រិយខ្លាំងលើបណ្តារឿងភាគរបស់ស្ថានីយ ទូរទស្សន៍ ជាច្រើនគឺ ទេព កញ្ញា សម្រាប់មុនថ្ងៃខួបកំណើតឆ្នាំនេះ បានធ្វើរឿងល្អមួយដោយនាងបានទៅជួបក្មេងៗពិការ លើកទឹកចិត្តជូនអំណោយ។
តារាស្រីរូបនេះ បាននិយាយថា “ថ្ងៃនេះ ពិតជារំភើប ដែលបាននាំយក កាដូបន្តិចបន្តួចមុនថ្ងៃកំណើត ជូនដល់ប្អូនៗដែលរស់នៅអង្គការសាមគ្គីធម៌ម៉ារីស្តបកម្ពុជា (ចង់ប្រាប់ថាស្រឡាញ់ប្អូនៗទាំងអស់គ្នា)”។
សកម្មភាពរបស់នាងដែលចេញទៅជួបក្មេងៗពិការនៅអង្គការសាមគ្គីធម៌ម៉ារីស្តបកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានអ្នកគាំទ្រនាង និងមហាជនសរសើរចំពោះទឹកចិត្តល្អរបស់នាង ដែលចេះយកឱកាសមុនថ្ងៃខួបកំណើតឆ្នាំនេះធ្វើបុណ្យនិងការចែករំលែក សេចក្តីស្រឡាញ់។
សូមបញ្ជាក់ថា តារាសម្តែង ទេព កញ្ញា មានថ្ងៃកំណើតចំថ្ងៃទី២ ខែកុម្ភៈ ហើយអ្នកគាំទ្ររបស់នាង លាន់មាត់ និងសរសើរ ចំពោះតារាស្រីស្អាតរូបនេះ មិនត្រឹមតែស្អាត និងពូកែសម្តែងនោះទេ ថែមទៀតចេះច្រៀងបង្ហាញពីទេពកោសល្យ នៃការច្រៀងរបស់នាងធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ។
រំលឹកផងដែរថា រូបនាងកាលពីដើមឆ្នាំ២០១៩ នាងមានប្រជាប្រិយខ្លាំងក្នុងរឿងភាគ “គ្រូខ្មែរ” របស់ស្ថានីយបាយ័ន ។ ជាមួយគ្នានោះ នាងក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទដែលស្តាប់ហើយ ធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍ត្រូវចិត្ត ឬចាក់ដោតដល់អារម្មណ៍មែនទែន គឺមានចំណងជើងថា “បេះដូងខ្វះស្នេហ៍ពិត” ដែលអ្នកគាំទ្រ និងអ្នកលេងហ្វេសប៊ុកជាច្រើននាំស្តាប់ហើយពេញចិត្ត ចំពោះអត្ថន័យ និងសំនៀងរបស់នាង៕ ដោយ៖ បូរិន/Ha