ការស្រាវជ្រាវមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទទី៣កុម្ភៈបានបង្ហាញថា សុនខស៊ើបអង្កេតប្រហែលជាអាចជួយសង្គ្រោះពពួកផ្លែក្រូចបាន។

ក្រុមអ្នកវិទ្យាសាស្ត្របានបង្វឹកសត្វឆ្កែដើម្បីហិតជំងឺដំណាំ ដែលគេហៅថា Citrus Greening​ ដែលបានបំផ្លាញផ្លែក្រូច ក្រូចឆ្មា និង ក្រូចថ្លុង នៅរដ្ឋផ្លរីដា រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋតិចសាស។ ក្រុមអ្នកស្រាវជ្រាវរាយការណ៍ថា សត្វឆ្កែអាចហិតដឹងអំពីជំងឺនេះនៅប៉ុន្មានសប្តាហ៍រហូតដល់ឆ្នាំ មុនពេលជំងឺនេះបង្ហាញខ្លួននៅលើស្លឹកឈើនិងឫសឈើ។

លោក ធីម៉ូធី ហ្គោតវ៉ាល់ អ្នកស្រាវជ្រាវមកពីក្រសួងកសិកម្មអាម៉េរិកនិងជាសហអ្នកនិពន្ធនៃការស្រាវជ្រាវនេះបាននិយាយថា “បច្ចេកវិជ្ជានេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ នោះគឺច្រមុះឆ្កែ។ យើងទើបតែបង្ហាត់ឆ្កែពីរបៀបប្រមាញ់ចំណីថ្មី គឺ បាក់តេរី ដែលបង្កឱ្យមានជំងឺដំណាំដ៏បំផ្លិចបំផ្លាញ”។

យោងតាមការសិក្សាដែលចេញផ្សាយក្នុងព្រឹត្តិប័ត្រមួយហៅថា Proceedings of National Academies of Sciences បានឱ្យដឹងថា សុនខស៊ើបអង្កេតរបស់ប៉ូលិសគឺមានល្បឿនលឿនជាង ថោកជាង និង សុក្រិតជាងការដែលមនុស្សប្រមូលស្លឹករាប់រយទុកសម្រាប់វិភាគនៅមន្ទីរពិសោធន៍។ ជំងឺ Citrus Greening ឬហៅម្យ៉ាងទៀតថា Huanglongbing គឺបង្កឡើងពីបាក់តេរី ដែលចម្លងរាលដាលដោយសត្វល្អិត ដែលស៊ីចំណីនៅលើស្លឹកនិងដើមក្រូច។ នៅពេលណាដែលដើមឈើឆ្លងមេរោគ គឺគ្មានវិធីព្យាបាលនោះឡើយ។

ជំងឺនេះក៏ធ្វើឱ្យប៉ះពាល់ដល់ដំណាំក្រូចនៅអាម៉េរិកកណ្តាលនិងអាម៉េរិកខាងត្បូងនិងអាស៊ីផងដែរ។

នៅក្នុងការពិសោធន៍មួយនៅក្នុងចម្ការក្រូចថ្លុងនៅរដ្ឋតិចសាស សត្វឆ្កែដែលបានបង្ហាត់ គឺហិតបានត្រឹមត្រូវ ៩៥ភាគរយក្នុងពេលបែងចែងរវាងដើមឈើដែលទើបឆ្លងមេរោគនិងដើមឈើដែលមានសុខភាពល្អ។

លោកហ្គោតវ៉ាល់បានពន្យល់ថា “ការដែលអ្នកឆាប់រកឃើញជំងឺ អ្នកនឹងកាន់តែមានឱកាសល្អក្នុងការបញ្ឈប់ការឆ្លងរាលដាល” ដោយការកាប់បំផ្លាញចោលនូវដើមឈើដែលឆ្លងមេរោគ៕ ដោយ៖ កញ្ញាដាលីស

សុនខអាចហិតក្លិនដឹងមុនថាដើមក្រូចមានឆ្លងជំងឺ Citrus Greening ឬអត់នៅប៉ុន្មានសប្តាហ៍ឬប៉ុន្មានឆ្នាំជាមុន