ជប៉ុន​បង្ខាំង​មនុស្ស​៣.៥០០​នាក់​នៅ​លើ​នាវា ​ដោយសារ​ខ្លាច​កូរ៉ូណា​វីរុស​

383
ចែករម្លែក

​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី​៤​កុម្ភៈ​ បាន​ដាក់​នាវា​ដែល​ដឹក​មនុស្ស​៣.៥០០​នាក់​នៅ​ដោយឡែក​ពី​គេ​ និង​បាន​ចាប់ផ្តើម​ធ្វើការ​ធ្វើតេស្ត​រក​កូរ៉ូណា​វីរុស​ដែល​កំពុង​សម្លា​ប់​​មនុស្ស​និង​ចម្លង​ពាសវាល​នៅ​ចិន បន្ទាប់​ពី​អ្នកដំណើរ​ម្នាក់​ដែល​បាន​ចេញដំណើរ​ពី​ហុងកុង​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​វីរុស​បង្ក​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅក្នុង​នាវា​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​បុគ្គលិក​ពេទ្យ​ជាច្រើន​នាក់​ចូល​ក្នុង​នាវា​កម្សាន្ត​Diamond Princess​នៅ​កំពង់ផែ​យ៉ូ​កូហា​ម៉ា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​ពិនិត្យ​សុខ​​ភាព​របស់​អ្នកដំណើ​រទាំង​២.៥០០​នាក់​និង​សមាជិក​នាវា​ចំនួន​១០០០​នាក់​។​

​ចំណាត់ការ​នេះ​ត្រូវបាន​ធ្វើឡើង​ភ្លាម​ក្រោយ​ពី​អ្នកដំណើ​រវ័យ​៨០​ឆ្នាំ​ម្នាក់​ដែល​បាន​ឡើង​ជិះ​នាវា​កាលពី​ថ្ងៃ​២៥​មករា​នៅ​ហុងកុង បាន​ធ្វើតេស្ត​ឃើញ​មាន​វីរុស​ឆ្លង​​គួរឲ្យខ្លាច​នេះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​ជប៉ុន​នឹងដាក់​នាវា​នេះ​នៅ​ដាច់​ពី​គេ បន្ទាប់​ពី​វា​បាន​មក​ដល់​ឆកសមុទ្រ​យ៉ូ​កូហា​ម៉ា​នៅមួយ​​ថ្ងៃមុន​កាលកំណត់​។​រាល់​អ្នកដំណើរ​ត្រូវ​បាន​ស្នើ​ឲ្យ​នៅ​ក្នុង​បន្ទប់​របស់​គេ​ដើម្បី​រង់ចាំ​ការ​ធ្វើ​តេស្ត​សុខភាព​។​

​នាវា​Diamond Princess បោះ​យុថ្កា​នៅ​ឯនាយ​កំពង់ផែ​យ៉ូ​កូហា​ម៉ានៅ​ជប៉ុន កាលពី​ថ្ងៃ​០៤​កុម្ភៈ​ដើម្បី​រង់​ការ​មន្ត្រី​ចូល​ធ្វើ​តេស្ត​លើ​មនុស្ស​ក្នុង​នាវា​

​សូមបញ្ជាក់​ថា​ ចាប់តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មក ជប៉ុន​បាន​ហាម​ជនបរទេស​ដែល​ធ្លាប់​ទៅ​ឬ​នៅ​ខេត្ត​ហ៊ូ​ប៉ី​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ រួមទាំង​អ្នក​កាន់​​លិខិតឆ្លងដែន​ចិន ចេញ​ដោយ​អាជ្ញាធរ​ហ៊ូ​ប៉ី មិន​ឲ្យចូល​ក្នុងប្រទេស​ខ្លួន​ទេ​។​ជន​ណា​ដែល​មក​ដល់​ជប៉ុន​ហើយ​បង្ហាញ​រោគសញ្ញា​កូ​រូណា​វីរុ​សក៏អាច​មិន​អនុញ្ញាត​​ឲ្យ​ចូល​ដែរ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រាប់​ឲ្យដឹងថា សរុប​ជនបរទេស​៨​នាក់​ត្រូវបាន​ហាម​មិន​ឲ្យ​ចូល​ជប៉ុន​តាំងពី​មុន​មក​។​

​ក្រសួង​សុខាភិបាល​ជប៉ុន​បាន​និយាយថា គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ មនុស្ស​២០​នាក់​ហើយ​ត្រូវ​បាន​ពិនិត្យ​រកឃើញ​កូរ៉ូណា​វីរុស​ថ្មី​នេះ​នៅ​ជប៉ុន ក្នុងនេះ​៤​នាក់​មិន​​បង្ហាញ​រោគសញ្ញា​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha