ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានប្រាប់ឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ នេះ ការប្រកួតកីឡា សាកលវិទ្យាល័យប្រចាំឆ្នាំ នឹងរៀបចំជាទម្រង់ហ្គេម ដែលគេហៅថា ការប្រកួតកីឡា សាកលវិទ្យាល័យថ្នាក់ជាតិ។
តាមការគ្រោងទុក ការប្រកួត នឹងចាប់ផ្ដើមធ្វើ ពីថ្ងៃទី២ ដល់ទី១១ មិថុនា ខាងមុខនេះ។ ទាំងការបើកការប្រកួត និងបិទការប្រកួត នឹងធ្វើនៅទីលាន ពហុកីឡដ្ឋានជាតិ ។

សម្រាប់ការប្រកួតលើកទី១នេះ ដោយមានការឯកភាព ពីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានកីឡានោះ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត សម្រេចដាក់កីឡា ចំនួន ១២ ប្រភេទ ដែលមានចំនួន ៩៥ វិញ្ញាសា ឲ្យប្រកួត ។
កីឡាទាំង ១២ ប្រភេទនេះ មាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ កីឡាប៉េតង់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ កីឡាការាតេ តេក្វាន់ដូ I.T.F (International Taekwondo Federation)របស់កូរេខាងជើង កីឡាតេក្វាន់ដូWT (World Taekwondo) របស់កូរ៉េខាងត្បូង កីឡាហែលទឹក និងសីប៉ាក់តាក្រ។
នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នឹងរៀបចំទីកន្លែង ប្រកួតចំនួន ៥ កន្លែង គឺពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យជា ស៊ីម បឹងកេងកង និងវិទ្យាល័យច្បារអំពៅ ៕v
