ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ នៅក្នុងពិភពប្រដាល់គុនខ្មែ ស្រាប់តែលេចចេញ នូវព័ត៌មានថា អ្នកប្រដាល់ជើងខ្លាំកម្ពុជា ឡុង សុភី ហៅ នី សុភី បានបង្ហាញពីគម្រោង រៀបការប្រពន្ធទី៣ ។
ជាមួយនឹងព័ត៌មានបែបនេះ នៅក្នុងហ្វេសប៊ុកផ្ទាល់ របស់សុភី ក៏បានបង្ហោះរូបភាព ភ្ជាប់ពាក្យនារី វ័យក្មេងមួយរូប ជាមួយនឹងការប្រកាសថា គេនឹងរៀបការជាមួយ នារីរូបនេះ នៅក្នុងពេល ដ៏ខ្លីខាងមុខនេះ ។ តែនៅពេលនេះ រូបភាពទាំងនេះ ត្រូវបានដកចេញ ទៅវិញអស់ហើយ ព្រោះកុំឲ្យគេ ផ្អើលពេក ។
អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា បានជួបផ្ទាល់ជាមួយ អ្នកប្រដាល់រូបនេះ ហើយគេបាននិយាយ ទាំងសោះអង្គើយថា នេះជារឿងពិត គេនឹងរៀបការ ជាលើកទី៣ មែន គេទទួលយកនារីរូបនេះ ជាភរិយាពេញច្បាប់ ដោយមានមង្គលការត្រឹមត្រូវ វាមិនខុសស្អីទេ ។
សុភី បានសារភាពថា គេបានរៀបការ ជាមួយប្រពន្ធទី១ នៅឆ្នាំ២០០៨ ។ ប្រពន្ធទី១ នេះ គេមានចំណងដៃកូន ២ តែដោយសាររស់នៅ មិនចុះសម្រុងគ្នានោះ (នៅឆ្នាំ?) គេនឹងប្រពន្ធទី១ បានចែកផ្លូវគ្នា ដោយកូនទាំង ២ រស់នៅជាមួយប្រពន្ធទី១ ឬប្រពន្ធដើម ហើយកូនៗទាំងនោះ នៅរាប់អានរូបគេ ជាឪពុកដដែល ។
នៅឆ្នាំ២០១៥ គេបានរៀបការ ជាមួយនារីមួយរូបផ្សេងទៀត ដែលនាងលក់បាយ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អិន ។ គេបានរស់នៅជាមួយគ្នា ដោយបានឆ្លងកាត់មង្គលការត្រឹមត្រូវ ។ ពេលនេះ គេសម្រេចចិត្តរៀបការ ជាមួយនារីមួយទៀត ដោយគេយកទាំង ២ តែម្ដង។ វាមិនខុសទាស់អ្វីទេ ព្រោះប្រពន្ធរបស់គេ បានយល់ព្រម ។
ច្បាប់ឯកពន្ធភាព ពេលនេះ នៅមានសុពលភាពនៅឡើយ ដែលច្បាប់នោះ បានកំណត់ឲ្យបុរសម្នាក់ មានសិទ្ធិយកប្រពន្ធ តែមួយរូបប៉ុណ្ណោះ។ ចុះ សុភី ដែលមានគម្រោង រៀបការជាមួយប្រពន្ធទី៣ ក្នុងខណៈដែលគេកំពុងតែរស់នៅ ជាមួយប្រពន្ធទី២ បែបនេះ តើលោកមេឃុំ ឬលោកចៅសង្កាត់ គេចុះសំបុត្រអាពាហ៍ពិពាហ៍ ឲ្យឬទេ ? ឬក៏រៀបការដោយមិនមានចុះសំបុត្រអាពាហ៍ពិពាហ៍ ? ឬក៏មង្គលការទាំងអស់ របស់ សុភី សុទ្ធតែមិនមានសំបុត្រអាត្រានុកូលដ្ឋាន ? រឿងនេះ មានតែ ឡុង សុភី ឬ នី សុភី តែម្នាក់ឯងប៉ុណ្ណោះ ដែលដឹងជាងគេ ? ៕v