ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាជនវៀតណាម ប្រារព្ធទិវាបង្កើតគណបក្សកុម្មុយនិស្ត របស់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភៈ ដើម្បីរំឭកដល់ថ្ងៃដែលចលនាកមុម្មុយនិស្តចំនួន ៣ របស់ វៀត ណាម ត្រូវបានរួមរួមគ្នា ក្រោមការសម្របសម្រួលរបស់ ហូ ជី មិញ បង្កើតបានជាបក្ស កុម្មុយ និស្តវៀតណាម នៅទីក្រុងហុងកុង កាលពីឆ្នាំ១៩៣០ ។
ភូមិសាស្ត្រ-ប្រជាសស្ត្រ
សាធារណរដ្ឋ សង្គមនិយម វៀតណាម ចាត់ទុកថា ជាប្រទេសកុម្មុយនិស្តកំណែទម្រង់មួយមានផ្ទៃដី ៣៣១.២១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងបី នៅឥណ្ឌូចិន បារាំង និងជាសមាជិកមួយ ក្នុងចំណោមសមាជិក ទាំង១០ នៃសមាគមអាស៊ាន មានព្រំដែនជាប់នឹងប្រទេសកម្ពុជា ឡាវ ឈូងសមុទ្ទ ថៃ ឈូងសមុទ្ទតុងកឹង និង ចិន ។ ឆ្នាំ២០២០ មានប្រជាពល រដ្ឋជាង ៩៧ លាននាក់ ភាគ ច្រើន ជាអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន ខុងជឺ និង តាវ រដ្ឋធានី គឺទីក្រុងហាណូយ ភាសាផ្លូវការ គឺភាសាវៀតណាម ។
ប្រវត្តិសាស្ត្រ-ធ្លាក់ក្រោមអាណានិគមបារាំង
បារាំង បានសម្លឹងឃើញទឹកដីវៀតណាម ថាជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់វិស័យកង ទ័ពផង និង សម្រាប់វិស័យពាណិជ្ជកម្មផង ហេតុនេះ បារាំង ត្រូវតែយក វៀតណាម ឱ្យបាន ហើយគិតត្រឹមឆ្នាំ ១៧៤៧ នាវាចម្បាំង បារាំង បានចូលទៅដល់ទឹកដី វៀតណាម ។
គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ប្រទេសមហាអំណាចលេបត្របាក់ទឹកដីដែលទន់ខ្សោយជាងខ្លួន គឺ បន្ទាប់ពីបង្កើតទំនាក់ទំនងដ៏ល្អុកល្អឺនមកក៏តែងតែបញ្ជូនសាស នទូត ទៅផ្សព្វផ្សាយសាសនាគ្រិស្ត ( ឬ ទំនាក់ទំនងពាណិជ្ជកម្ម ) ។ គឺសាសនាគ្រិស្តនេះ ឯងហើយ ដែលជាញឹកញាប់បំផុត តែងតែជាឈ្នាន់ ជាដៃជើង ឬជានុយ ក្នុងការស្វែងរក និង ប្រមែប្រមូលអំណាចទៅឱ្យម្ចាស់ប្រទេសរបស់ពួកគេ ( ប្រទេសដែលបានទៅផ្សព្វផ្សាយ សាសនាគ្រិស្តនៅប្រទេសណាមួយផ្សេងទៀត ) វិញ ។
យ៉ាងណាមិញ ពួកសាសនទូតកាតូលិក ដែលបញ្ជូនទៅផ្សព្វផ្សាយសាសនាគ្រិស្តនៅ វៀត បន្ទាប់ពីបានអូសទាញមនុស្ស បានមួយចំនួនហើយ ក៏បង្កើតបានជាទំនាស់ជាមួយម្ចាស់ស្រុក ដែលកាន់សាសនា ឬ ប្រពៃណីវប្បធម៌របស់ពួកគេ ( ព្រោះអ្នកដែលត្រូវបានអូសទាញឱ្យ ក្លាយជាអ្នកកាន់គ្រិស្តសាសនា ត្រូវបានបង្ហាត់បង្រៀនបណ្តុះមនោគមសាសនាឱ្យប្តូរចរិយា ក៏ទៅជាមាក់ងាយវប្បធម៌របស់ខ្លួន ) ។
ទំនាស់ជាញឹកញាប់ រវាងម្ចាស់ស្រុក និងពួកកាតូលិកនៅវៀតណាម បានជាលេស (ថាទៅ ការពារក្តីសុខរបស់ពួកអ្នកកាតូលិកនៅក្នុងទឹកដីវៀតណាម ) សម្រាប់បារាំង វាយលុកទៅលើ កំពង់ផែ ដាណាំង នៅឆ្នាំ ១៨៥៨ បណ្តាលឱ្យខូចខាតជាដំណំ ។ បន្ទាប់ពីបានវាយប្រហារ ជាច្រើនលើកច្រើនសារមក បារាំង បានបើកយុទ្ធនាការកងទ័ពដ៏ធំឱ្យឈ្មោះថា យុទ្ធនាការតុង កឹង ចាប់ពីឆ្នាំ ១៨៨៣-១៨៨៦ បានត្រួតត្រា វៀតណាម បានទាំងស្រុង ។ បារាំងបានបែងចែក ប្រទេស វៀតណាម ជា ៣ ផ្នែក គឺ ១. តុងកឹង ( វៀតណាមខាងជើង ) ២. អាណ្ណាម (វៀតណាម កណ្តាល ) និង ៣. កូសាំងស៊ីន (វៀតណាមខាងត្បូង ដែលជាទឹកដីខ្មែរកម្ពុជាក្រោម ) ។ តំបន់ ឥណ្ឌូចិន បារាំង ដែលមាន កម្ពុជា វៀតណាម ( ទាំង ៣ តំបន់ ខាងលើ ) និង ឡាវ ត្រូវបាន បង្កើតនៅក្នុងខែ តុលា ឆ្នាំ ១៨៨៧ ។
ងាកមកខាងខ្មែរឯណេះវិញ បន្ទាប់ពី នាយចាយ ឬ នាយត្រសក់ផ្អែម ជ្រែករាជ្យនៅឆ្នាំ ១៣២៣ មក ចក្រភពអង្គរ ក៏ធ្លាក់ចុះជាបន្តបន្ទាប់ ហើយក៏ត្រូវទ័ពសៀមវាយបែកក្រុងអង្គរ លើកទី១ នៅឆ្នាំ ១៣៥៣ ។ ចាប់ពីពេលនោះមក ខ្មែរមានសង្គ្រាមស៊ីវិលផងសង្គ្រាមឈ្លាន ពានពីសៀម និងយួនផង ក៏ធ្វើឱ្យខ្មែរចេះតែទន់ខ្សោយទៅៗ ស្ទើររលាយរលត់បាត់ពីភពផែន ដី ។ ទឹកដីខ្មែរ ត្រូវបានយួន និងសៀម ដណ្តើមគ្នាជាបន្តបន្ទាប់ ហើយទីបំផុត ក៏មានចុះសន្ធិ សញ្ញារវាង សៀម និង យួន ចែកគ្នានូវទឹកដីខ្មែរលើកទី១ នៅឆ្នាំ ១៧៧៤ ដោយ យក ទន្លេមេគង្គជាតំបន់ខណ្ឌចែកគ្នា ។ ប៉ុន្តែដោយសារ បន្ទាប់ពីនោះ ទាំងខាង សៀម និង យួន សុទ្ធតែមានការបះបោរ ទើបការបែងចែកទឹកដីខ្មែរ នាគ្រានោះ ត្រូវបរាជ័យ ។
បន្ទាប់ពីបានដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ពួកគេរួចរាល់ហើយ ទាំង យួន និង សៀម ក៏ចាប់ ផ្តើមបន្តមហិច្ឆតារបស់ពួកគេ ដណ្តើមទឹកដីខ្មែរបន្តទៀត រហូតដល់ឆ្នាំ ១៨៣១ យួន និង សៀម ពុះចែកគ្នានូវទឹកដីខ្មែរម្តងទៀត ដោយសៀម យកត្រឹមបឹងធំ ឯយួន យកត្រឹមបឹងតូច (ទន្លេសាប ) ។
ប៉ុន្តែដោយសារវត្តមាន បារាំង ប្រាថ្នាក្តោបក្តាប់ វៀតណាម ហើយគិតត្រឹមឆ្នាំ ១៧៤៧ នាវាចម្បាំង បារាំង បានចូលទៅដល់ទឹកដី វៀតណាម ហើយប្រើគ្រប់មធ្យោបាយគាប សង្កត់ជាបន្តបន្ទាប់ រហូត វៀតណាម ធ្លាក់ក្រោមការគ្រប់គ្រងរបស់ បារាំងទាំងស្រុងដូចដែល បានលើកឡើងខាងលើមក ទើបមហិច្ឆតា នៃ ការលេបត្របាក់ទឹកដីខ្មែរ ពីសំណាក់ យួន និង សៀម ក៏បរាជ័យម្តងទៀត ។
ចលនាបោះបោរប្រឆាំងបារាំង
ចលនាតស៊ូជាច្រើន បានផ្ទុះឡើងនៅក្នុងបណ្តាតំបន់កាន់កាប់របស់បារាំង ដូជានៅឆ្នាំ ១៨៨៥ យុវាធិរាជ្យ Hàm Nghi បានចាកចេញពីរាជវាំងទៅបង្កើតចលនា Cần Vương (សង្គ្រោះព្រះ រាជា ) ហើយត្រូវបាន បារាំង ចាប់ខ្លួន និង និរទេសទៅប្រទេស អាល់ហ្សេរី នៅឆ្នាំ១៨៨៨ និងនៅវៀតណាម ខាងជើង ចលនាដឹកនាំដោយអតីតមន្ត្រីវៀតណាមលោក Phan Đình Phùng នៅឆ្នាំ ១៨៩៥ ជាដើម ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ក៏មានស្តេចរាជវង្ស ង្វៀន ២អង្គទៀតគឺ ព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន បារាំង និរទេសខ្លួនទៅអាហ្វ្រិកខាងត្បូង ពីបទមាននិន្នការប្រឆាំង បារាំង ។
គិតចាប់ពីឆ្នាំ ១៩០០ មកមានពួកយុវជនវៀតណាមដែលពុំធ្លាប់រស់នៅក្នុងប្រទេសក្រោម អាណានិគម បារាំង បានចេញមុខ ហើយពួកគេស្រេកឃ្លាននូវឯករាជភាព វៀតណាមដូចដូនតា និង ឳពុកម្តាយពួកគេដែរ ហើយមានអ្នកខ្លះបានបង្កើតសមាគមឯករាជភាព វៀតណាម នៅក្នុងប្រទេសជប៉ុន ។
ឆ្នាំ១៩០៥ មានចលនាបញ្ជូនសិស្សនិស្សិតទៅសិក្សានៅ ជប៉ុន ដោយពួកគេរំពឹងថា នៅពេល អនាគត ពួកគេចេះពីវិធីទំនើបក្នុងការដឹកនាំបដិវត្តន៍ប្រដាប់អាវុធប្រឆាំង បារាំង ។ ក្នុងចំណោម អ្នកទាំងនោះ ក៏មានព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបានរៀបចំអង្គការចាត់តាំងចំនួន ពីរនៅប្រទេស ជប៉ុន ។ បារាំង បានដាក់សម្ពាធការទូតចំពោះ ជប៉ុន ដែលទីបំផុត ជប៉ុន ត្រូវបង្ខំចិត្តបណ្តេញមេកដឹកនាំអង្គការចាត់តាំងម្នាក់ឈ្មោះ Châu ហើយជំនួសដោយលោក Phan Châu Trinh ដែលមាននិន្នាការតស៊ូដោយសន្តិភាព ។
ដោយមានគោលបំណងរំដោះប្រទេសជាតិ ពីការគ្រប់គ្រងរបស់ បារាំង ជនជាតិ វៀត ណាម ជាច្រើនបាននាំគ្នាសិក្សាភាសាបារាំងយ៉ាងច្បាសលាស់ហើយក៏មានអ្នកខ្លះទៅសិក្សាចំណេះ ដឹងផ្សេងៗដល់ប្រទេសបារាំង ទៀតផង ហើយក្នុងនោះ ក៏មានយុវជន Nguyen Sinh Cun ដែលបានប្តូរឈ្មោះទៅជា បា ( ក្រោយមក ង្វៀន អាយ គួក គឺ ហូ ជីមិញ ) ម្នាក់ផង ហើយ ដើម្បី បានទៅសិក្សានៅប្រទេស បារាំង នោះ បា បានធ្វើដំណើរតាមកប៉ាល់ដោយធ្វើជា អ្នកបោសម្អាត លាងចាន ជាដើម ដោយគ្មានរាថយឡើយ ព្រោះមានគោលដៅច្បាស់លាស់ គឺទៅសិក្សាអំពីបារាំង ឱ្យស្គាល់បារាំង ដើម្បីរំដោះប្រទេសជាតិពីបារាំង ។
បន្ទាប់ពីមានបដិវត្តន៍ នៅចិន និងនៅរុស្ស៊ីមក ចលនាបដិវត្តន៍វៀតណាម ក៏ចាប់ផ្តើមកម្រើកដែរ ។ លោក Phan Bội Châu បានបង្កើតអង្គការចាត់តាំងមួយឈ្មោះ Việt Nam Quang Phục Hội ដោយមានបំណងបង្កើតចលនាតស៊ូប្រដាប់អាវុធប្រឆាំង បារាំង ។ ប៉ុន្តែនៅឆ្នាំ ១៩៥២ គាត់ត្រូវបាន បារាំង ចាប់ខ្លួននៅ សៀងហៃ ហើយបញ្ជូនមក វៀតណាម និងឃុំឃាំងទុកក្នុង ផ្ទះរហូតស្លាប់ ។
នៅឆ្នាំ១៩២៧ គណបក្សអ្នកជាតិនិយម វៀតណាម ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបានស្ថាបនាឡើង តាមបែបបក្ស កូមីនធឺន ( បក្សកុម្មុយនិស្ត អន្តរជាតិ ) នៅ ចិន ។ បក្ស នេះ បានចាប់ផ្តើមចលនាប្រដាប់អាវុធនៅឆ្នាំ ១៩៣០ នៅ តុងកឹង ហើយជាលទ្ធផល បារាំង បានចាប់មេដឹកនាំបក្សនេះ និង អ្នកដឹកនាំមួយចំនួនទៀតកាត់ទោសត្រង់ៗ ។
កាលពីឆ្នាំ១៩២៥ ង្វៀន អាយ គួក (ក្រោយមកគឺ ហូ ជីមិញ , Guyen : ង្វៀន = អ្នកស្នេហាជាតិ) ត្រូវបានបញ្ជូនពីទីក្រុងមូស្គូ ទៅប្រទេសចិន ក្នុងឋានៈជាអ្នកបកប្រែ ភាសា។ ប៉ុន្តែគាត់បានធ្វើ ការងារក្នុបំណងប្រមែប្រមូលចលនាជាតិនិយមតូចៗរបស់វៀតណាមដែលមានស្រាប់ហើយ នៅទីនោះ ដើម្បីឱ្យទៅជាចលនាបដវត្តន៍ គឺបង្កើតទៅជា សង្គមនិយម បដិវត្តន៍ ។ ង្វៀន អាយ គួក បានបង្កើតសម្ព័ន្ធ មួយឈ្មោះថា សម្ព័ន្ធយុវជនបដិវត្តន៍ វៀតណាម នៅឆ្នាំ ១៩២៥ ដោយហៅថា Thanh Niên ។
សម្ព័ន្ធ Thanh Nien ធ្វើការក្នុងគោលដៅ ២ គឺ ៖ ១. ស្វែងរកឯករាជភាព ជូនជាតិ និង ២. បែងចែកដីធ្លីប្រគល់ជូនប្រជាកសិករ ។ ទីចាត់ការរបស់ អង្គការនេះ នៅក្នុងប្រទេស ចិន ប៉ុន្តែដឹកនាំការងារចលនាបដិវត្តន៍នៅ វៀតណាម ។ សម្ព័ន្ធ Thanh Nien មានកាតព្វកិច្ចរៀបចំ ក្រុមតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងអាណានិគមបារាំង ។
ង្វៀន អាយ គួក និងសហការី បានធ្វើការ ៣ ដំណាក់កាលគឺ ៖ ទី ១ បង្កើត បរិយា កាស ខាងក្រៅ ធ្វើជាមជ្ឈមណ្ឌល បណ្តុះបណ្តាល ជាប្រភព នៃ កិច្ចការឃោសនា និង វិន័យ នៃ មនោគមវិជ្ជា ។ ក្រុមការងារបដិវត្តន៍សម្ងាត់នេះ បង្ហាត់មនុស្សនៅ កាន់តុង ប្រទេស ចិន ហើយបញ្ជូនទៅធ្វើសកម្មភាពនៅ វៀតណាម ។
ទី ២ សកម្មភាពរបស់ Thanh Niên គឺពាក់កណ្តាលសម្ងាត់ ដែលអ្នកបង្វឹករបស់ Thanh Niên បញ្ចូលនូវសកម្មភាព នយោបាយ និង សេដ្ឋកិច្ច រួមទាំង សកម្មភាពកុប្បកម្ម ពហិកា និង ការប្រឆាំងតវ៉ាផ្សេងៗ ដែលអាចជាអំពើហិង្សាផ្នែកនយោបាយ ជាមធ្យោបាយ ដើម្បីប្រមូល ផ្តុំមហាជន ។
ទី ៣. គឺ ការងើបបះបោរ និង ផ្តួលរំលំរបបនយោបាយដែលមានស្រាប់ ដោយប្រដាប់អាវុធ ហើយបង្កើតរដ្ឋាភិបាល បដិវត្តន៍ថ្មី ។ សម្ព័ន្ធ Thanh Niên មានអង្គការបើកចំហមួយទៀតឈ្មោះ ក្រុមយុវកុម្មុយនិស្ត (CYC) ដែលនៅឆ្នាំ ១៩២៩ ត្រូវគេជឿថា មានសមាជិក ២៤ រូប ។ សម្ព័ន្ធ Thanh Niên បានដឹកនាំក្រុម ២ ផ្សេងទៀត គឺ Nong Hoi ( សមាគមកសិករ ) និង Cong Hoi (សមាគមកម្មករ )។
CYC និង Thanh Niên បានចេញផ្សាយ ខិតប័ណ្ធខ្លីៗ និង កាសែត អំពីទ្រិស្តី បដិវត្តន៍ និង បច្ចេកទេសអនុវត្តដែលហៅថា The Road to Revolution (វិថីឆ្ពោះទៅបដិវត្តន៍ ) និងកាសែត ចំនួន ៤ ទៀត គឺ កាសែតយុវជន ពីខែមិថុនា ១៩២៥ ដល់ខែឧសភា ឆ្នាំ ១៩៣០ ,កាសែតកម្មករ -កសិករ ពីខែធ្នូ ឆ្នាំ១៩២៦ ដល់ដើមឆ្នាំ១៩២៨ , កាសែតកងទ័ពបដិវត្តន៍ ពីដើមឆ្នាំ១០២៧ ដល់ដើមឆ្នាំ១៩២៨ និងកាសែតកងទ័ពជួរមុខ នៃវៀតណាម នៅឆ្នាំ១៩២៧ ។
ការបែកបាក់
ដោយសារគណបក្ស គួមីនតាំង ចិន ( របស់ ជាង កៃជៀក ) មានកម្លាំងខ្លាំងក្លាជាងគេ (ដោយសារបានទទួលជំនួយយោធា ពីអាមេរិក ) នៅទីនោះ ទើបបក្សនេះ កាប់សម្លាប់បង្ក្រាបលើបក្ស កុម្មុយនិស្ត ដែលជាសត្រូវរបស់ខ្លួន ក្នុងបំណងផ្តាច់ផ្តិលដល់ឫសគល់ ។ សម្ព័ន្ធ Thanh Niên ដែលជាបណ្តាញរបស់បក្ស កូមីនធឺន (បក្សកុម្មុយនិស្តអន្តរជាតិ) ក៏ត្រូវបង្ខំចិត្តសម្ងំលាក់ខ្លួន ពីការកាប់សម្លាប់របស់ពួកបក្សគួមីនតាំងដែរ ។ ទីតាំង និង មណ្ឌលហ្វឹកហ្វឺនរបស់សម្ព័ន្ធ Thanh Niên ក៏ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ ។ ហូ ជី មិញ បានចាកចេញពី កាន់តុង នៅក្នុងខែឧសភា ឆ្នាំ១៩២៧ ហើយពុំអាចទំនាក់ទំនងជាមួយចលនា វៀតណាម ឡើយ ។
គណៈកម្មាធិការកណ្តាល នៃសម្ព័ន្ធ Thanh Niên បានជួបប្រជុំថ្នាក់ជាតិ ពីថ្ងៃទី ១-៩ ខែ ឧសភា ឆ្នាំ១៩២៩ ដែលចូលរួមដោយតំណាងមកពីតំបន់រដ្ឋបាលទាំង ៣ របស់ បារាំង នៅ វៀតណាម ( តុងកឹង , អាណ្ណាម និង កូសាំងស៊ីន ) បូកទាំងអ្នកមកពី ហុងកុង និង សៀម ( ថៃ ) ផង ។ នាឱកាសនោះហើយ ដែលវិវាទបានកើតឡើង នាំឱ្យបែកបាក់គ្នា ជា ២ ក្រុម គឺក្រុមអ្នកខ្លះ ស្វែងរក ឯករាជភាពពីអាណានិគម និងមួយក្រុមទៀត ស្វែងរកបដិវត្តន៍សង្គម ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩២៩ តំណាងជនកុម្មុយនិស្ត មកពីតំបន់ តុងកឹង ប្រារព្ធសន្និសីទ មួយ នាទីក្រុងហាណូយ ។ នៅទីនោះ ពួកគេបានប្រកាសរំលាយ សម្ព័ន្ធ Thanh Nien ហើយបង្កើតបក្សថ្មីមួយ ឈ្មោះថា ” បក្សកុម្មុយនិស្តឥណ្ឌូចិន (ICP) ” ។ ក្រុមផ្សេងទៀតរបស់ Thanh Niên នៅ អាណ្ណាម និង កូសាំងស៊ីន ក៏បានប្រកាសដាក់ឈ្មោះខ្លួនឯងថា ” បក្សកុម្មុយ និស្តអាណ្ណាម ” នៅចុងឆ្នាំ ១៩២៩ នោះដែរ ។ ក្រុមទាំង ២ នេះបានវាយប្រហារគ្នាដោយ ពាក្យសម្តី អស់រយៈពេលពេញមួយឆ្នាំ ១៩២៩ នោះ ដើម្បីដណ្តើមអនុត្តរភាពលើចលនា សេរីភាព រ៉ាឌីកាល់ វៀតណាម ។
បក្សកុម្មុយនិស្ត វៀតណាម កើតឡើង
បក្សកុម្មុយនិស្តទី៣ របស់ វៀតណាម ក៏លេចឡើងនៅអំឡុងពេលនេះដែរ ដែលមានឈ្មោះថា ” សម្ព័ន្ធនៃកុម្មុយនិស្តឥណ្ឌូចិន ” ប៉ុន្តែមិនជាប់ទាក់ទងអ្វីជាមួយនឹង Thanh Niên ទេ មានឫស គល់ នៅក្នុងក្រុមសេរីភាពជាតិផ្សេងទៀត ដែលមានគុណសម្បត្តិប្រហាក់ប្រហែលនឹង Thanh Niên ដែរ ហើយបង្កើតឡើង ដោយលោក Phan Bội Châu ។
ក្រុមនេះ រៀបចំសន្និសីទបង្រួបង្រួមមួយ នៅក្នុងទីក្រុងហុងកុង ពីថ្ងៃទី ៣ ( ដល់ថ្ងៃទី ៧ ) ខែកុម្ភៈ ឆ្នាំ១៩៣០ ។ ពេលនោះ ង្វៀន អាយ គួក ក្លាយជាជនដ៏សកម្មម្តងទៀតទទួលបន្ទុក ខាងសម្របសម្រួលក្រុមបែកបាក់គ្នាទាំង ២ គឺ បក្សកុម្មុយនិស្តឥណ្ឌូចិន និងបក្សកុម្មុយនិស្ត អាណាម ឱ្យរួបរួមគ្នាឡើងវិញ និង តាក់តែងលក្ខន្តិកៈផ្សេងៗរបស់ក្រុម ។
នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៩៣០ បក្សថ្មីមួយ ត្រូវបានបង្កើតឡើង ដោយឱ្យឈ្មោះថា ” បក្សកុម្មុយនិស្តវៀតណាម ” ហៅកាត់ថា CPV ។ ដោយសារតួនាទីដ៏សកម្មរបស់ ង្វៀន អាយ គួក ក្នុងការសម្របសម្រួលទាំងនេះហើយ ទើបជាទូទៅ ត្រូវបានគេចាត់ទុកថា ” បក្សកុម្មុយ និស្តវៀតណាម ” នេះ ត្រូវបានបង្កើតឡើងដោយ ង្វៀន អាយ គួក ។
បក្សកុម្មុយ និស្តអន្តរជាតិ ជំទាស់ថា ចលនាកម្មុយនិស្តគួរតែត្រូវបានផ្សព្វផ្សាយទៅពាសពេញ តំបន់ ឥណ្ឌូចិន បារាំង ( កម្ពុជា-ឡាវ និង វៀតណាម ) ។ ដូច្នេះ បក្សកុម្មុយនិស្ត វៀតណាម ក៏ទៅជា បក្សកម្មុយនិស្ត ឥណ្ឌូចិន ឬ ICP ។
អំឡុង៥ឆ្នាំដំបូង បក្ស ICP ទទួលបានសមាជិកប្រមាណជា ១.៥០០ នាក់ និងមានអ្នកស្រឡាញ់ យ៉ាងច្រើន ។ ICP បានបញ្ជ្រាបឥទ្ធិពលទៅក្នុងសង្គមវៀតណាមដ៏ច្របូកច្របល់បានយ៉ាង ច្រើន ។ នៅឆ្នាំ ១៩២៩ និង ១៩៣០ ការប្រមូលភោគផលយ៉ាងខ្សត់ខ្សោយ និងបន្ទុកបំណុលដ៏ ធ្ងន់ធ្ងរ បានធ្វើឱ្យប្រជាកសិករជាច្រើន មិនសប្បាយចិត្តយ៉ាងខ្លាំង ។
បក្សកុម្មុនិស្ត ឥណ្ឌូចិន រលាយ
នៅថ្ងៃទី១ ខែឧសភា ១៩៣០ ពួកសកម្មជន ICP បានរៀបចំបាតុកម្មជាច្រើន ហើយហ្វូងមនុស្ស ក៏កាន់តែធំទៅៗ ចូលរួមបង្ហាញនូវការមិនពេញចិត្ត ចំពោះស្ថានភាពសេដ្ឋកិច្ចដែលពួកគេ កំពុងប្រឈម ។ ក្បួនដង្ហែរយៈពេល ៣ ថ្ងៃ នៃខែឧសភា នោះ ធ្វើឱ្យអាជ្ញាធរអាណានិគមបារាំង មើលឃើញថា វានឹងអាចទៅជាបដិវត្តន៍កសិករដ៏គ្រោះថ្នាក់។ កម្លាំងរដ្ឋាភិបាលបានវាយ ប្រហារទៅលើហ្វូងបាតុករ សម្លាប់មនុស្សរាប់សឹបនាក់ ក៏បានបញ្ឆេះភ្លើងកំហឹងដល់ប្រជា ពលរដ្ឋជាច្រើន ។
ជាការឆ្លើយតប ក្រុមប្រឹក្សាមូលដ្ឋានជាច្រើន ត្រូវបានរៀបចំឡើងនៅតាមភូមិក្នុងការព្យាយាម គ្រប់គ្រងខ្លួនគេនៅតាមមូលដ្ឋាន ។ ការបង្ក្រាបរបស់អាជ្ញាធរអាណានិគមបារាំងបានចាប់ផ្តើម ឡើងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៣១ ហើយមនុស្សប្រមាណជា ១.៣០០នាក់ត្រូវបាន សម្លាប់ និង មនុស្សជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ឬ ត្រូវនិរទេស ដែលក្នុងនោះ អគ្គលេខាធិការបក្ស ICP លោក ត្រាន់ ភូ និង អ្នកដឹកនាំជាច្រើនទៀត នៃគណៈកម្មាធិការ កណ្តាល ផងដែរ។ ICP ត្រូវបានបោសសម្អាតយ៉ាងមានប្រសិទ្ធភាព ចេញពីក្នុងតំបន់នោះ ។
ចលនាកុម្មុយនិស្ត ឥណ្ឌូ ចិន កើតឡើងវិញ
លោក ឡេ ហុងផុង ត្រូបានរៀបចំឱ្យស្តារ ចលនាកុម្មុយនិស្ត អន្តរជាតិ ឡើងវិញ ។ បក្ស ICP ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៣៥ ហើយលោក ឡេ ហុង ផុង ត្រូវបានជ្រើសតាំងជាអគ្គ លេខាធិការបក្ស ។ សមាជជាតិលើកទី ១ របស់ បក្ស ប្រារព្ធឡើងដោយសម្ងាត់នៅ ម៉ាកាវ នាឆ្នាំ ១៩៣៥ ។ ស្របពេលនោះ សមាជបក្សកុម្មុយនិស្ត អន្តរជាតិ នាទីក្រុង មូស្គូបានអនុម័ត គោលការណ៍ ប្រឆាំងពួកហ្វាស៊ីសនិយម និង បានដឹកនាំចលនាកម្មុយនិស្ត ជុំវិញពិភពលោក ដើម្បីសហការជាមួយកម្លាំងដែលប្រឆាំង ហ្វាស៊ីស ឆ្ពោះទៅសង្គមនិយម ។ ប្រការនេះបាន តម្រូវឱ្យ ICP មើលឃើញថា បក្សអ្នកជាតិនិយមនៅ ឥណ្ឌូ ចិន គឺជាសម្ព័ន្ធដ៏មានសក្តានុពល ។
ឆ្នាំ១៩៣៦ លោក ហា ហ៊ួយ តាប់ ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្ស ចំណែកលោក ឡេ ហុង ផុង ត្រឡប់ទៅវៀតណាម ដើម្បីស្តារគណៈកម្មាធិការកណ្តាលឡើងវិញ ។
សង្គ្រាមលោកលើកទី ២-កើតឡើង នៃ វៀតមិញ
ការងើបបះបោរប្រឆាំងបារាំង នៅកូសាំងស៊ីន នៅឆ្នាំ១៩៤០មេដឹកនាំគណៈកម្មាធិការកណ្តាលច្រើនបំផុត រួមទាំង អគ្គលេខាធិកា ង្វៀន វ៉ាន់ គូ និង ហាយ ហ៊ួយ តាប់ ផង ត្រូវបានចាប់ខ្លួន និងសម្លាប់ ហើយលោក ឡេ ហុង ផុង ត្រូវបាននិរទេស ទៅតំបន់ Côn Đảo រហូតស្លាប់ ។ ចំណែក ង្វៀន អាយ គួក ត្រូវបានចាប់ខ្លួនដែរ ។
សង្គ្រាមលោកលើកទី២ ( ១៩៣៩-១៩៤៥ ) បានធ្វើឱ្យការក្តោបក្តាប់របស់បារាំង នៅឥណ្ឌូចិន ធ្លាក់ខ្សោយ គឺដោយសារ បារាំង ធ្លាក់ក្រោមការកាន់កាប់របស់ អាល្លឺម៉ង់ នៅក្នុងខែ មិថុនា ឆ្នា ១៩៤០ ទើបឥណ្ឌូចិន បារាំង ត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុន ។ ពេលនោះ លោក ង្វៀន អាយ គួក ក៏ត្រូវបានមានសេរីភាពឡើងវិញ ។
ក្រុមអ្នកដឹកនាំថ្មី រួមទាំងលោក ទ្រឿង ឈិន , ផាំ វ៉ាន់ ដុង និង វ៉ូ ង្វៀន យ៉ាបក៏បានលេចមុខឡើង ។ អ្នកទាំងអស់នេះ ជាមួយនឹង ង្វៀន អាយ គួក បានក្លាយជាអ្នកដឹក នាំបក្សកុម្មុយនិស្ត ICP អស់រយៈពេល ៤ ទសវត្សរ៍ក្រោយមក ។
នៅពេលសង្គ្រាមលោក ទើបតែចាប់ផ្តើម ពួកបក្សកុម្មុយនិស្តឥណ្ឌូចិន បានបង្ហាត់ បង្រៀន សមាជិករបស់ខ្លួន ឱ្យលាក់ខ្លួននៅតាមជនបទ ជាអង្គការមូលដ្ឋាន ។ ប៉ុន្តែសមាជិករបស់ ICP ជាង ២០០នាក់ នៅតែត្រូវបានឡោមព័ទ្ធ និងចាប់ខ្លួន ។ សកម្មជនរបស់ ICP ប្រយុទ្ធយ៉ាង លំបាក នៅតំបន់កូសាំងស៊ីន ។
ខែកុម្ភៈ ឆ្នាំ១៩៤១ ង្វៀន អាយ គួក បានត្រឡប់ទៅវៀតណាមវិញ ដោយប្រើឈ្មោះថា ” ហូ ជី មិញ ” ហើយបង្កើតអង្គការកងទ័ពមួយ ដែលមានឈ្មោះថា ” សម្ព័ន្ធដើម្បី ឯករាជភាព នៃវៀតណាម ” ដែលគេស្គាល់ជាពាក្យកាត់ថា ” វៀតមិញ ” គឺជាក្រុមប្រយុទ្ធដ៏ដាច់ខាត ប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន ហើយពួកគេ ធ្វើការជាមួយ CIA អាមេរិកដែលមានសត្រូវ រួមគឺ ជប៉ុន ដែរ ។ កងទ័ពវៀតមិញ ត្រូវបានកងទ័ព អាមេរិកបង្រៀនអំពីសង្គ្រាមឈ្លបនាគ្រា នោះឯង ។ ឈ្មោះ ហូ ជី មិញ ត្រូវបានស្គាល់ចាប់ពីពេលនោះឯង ។
ហូ ជីមិញ ជួបការលំបាកយ៉ាងច្រើន ដោយសារទីតាំងរបស់គាត់នៅដាច់ពីគេ ។ ហូបានធ្វើ ដំណើរទៅប្រទេសចិន នៅខែសីហា ឆ្នាំ១៩៤២ ដើម្បីស្វែងរកជំនួយកងទ័ព ។ ប៉ុន្តែគាត់ត្រូវ បានរដ្ឋាភិបាលជាតិនិយមចិន ចាប់ខ្លួន ហើយកាត់ទោសដាក់ពន្ធនាគារដ៏ឃោរឃៅរយៈពេល ១៤ ខែ និងត្រូវតាមដានយ៉ាងតឹងរឹងមួយឆ្នាំទៀត ។ ដូចនេះ ហូមិនអាចត្រឡប់ទៅវៀតណាម វិញ រហូតដល់ខែកញ្ញា ឆ្នាំ១៩៤៤ ។ ប៉ុន្តែបក្សកុម្មុយ និស្ត និងចលនា វៀតមិញរបស់គាត់ បានដំណើរការដោយល្អ ដោយពុំមាន ហូ ។ តាមពិតទៅ ទោះជា ក្រុមវៀតមិញនេះជាស្នូល នៃបក្សកុម្មុយនិស្តឥណ្ឌូចិនក្តី ក៏អំឡុងឆ្នាំនៃសង្គ្រាម ពួកគេនៅតែជាក្រុមតូចនៅឡើយ ដោយមានគ្នាប្រមាណជា ២.០០០ ទៅ ៣.០០០ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៤៤ ។
សង្គ្រាម ដើម្បីឯករាជភាព
ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ កងទ័ពអាមេរិក ទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ ទៅលើទីក្រុងហ៊ី រ៉ូហ្ស៊ីម៉ា និងថ្ងៃទី៩ ខែឆ្នាំដដែលនោះ ទម្លាក់គ្រាប់ទី២ ទីក្រុងណាហ្កាសាគី បង្ខំឱ្យជប៉ុន ចុះចាញ់សង្គ្រាមលោកលើកទី២ ។ ទឹកដីវៀតណាម ត្រូវបានប្រគល់ទៅឱ្យ អង់គ្លេស ជាអ្នកកាន់កាប់ជំនួសបារាំង ព្រោះ បារាំង ពុំសូវមានសមត្ថភាពទៀតទេ បន្ទាប់ពីត្រូវបាន អាល្លឺម៉ង់ ចូលកាន់កាប់ នៅក្នុងសម័យសង្គ្រាម ។
ប៉ុន្តែដោយសារពេលនោះ អង់គ្លេស ក៏ពុំសូវមានកម្លាំងគ្រប់គ្រាន់ បន្ទាប់ពីសង្គ្រាម លោកលើក ទី២ ផង ណាមួយមើលឃើញ ឥណ្ឌូចិន មិនសូវមានផលប្រយោជន៍សម្រាប់ខ្លួន ( អង់គ្លេស ) ផង ឥណ្ឌូចិន មានចលនាប្រឆាំងដ៏ស្មុគស្មាញផង ភូមិសាស្ត្រក៏ស្មុគស្មាញទៀត ជាពិសេស ពេលនោះអង់គ្លេស កំពុងជាប់ដៃធ្វើសង្គ្រាម បង្ក្រាបចលនាប្រឆាំងអាណានិគមអង់គ្លេស នៅអាល់ហ្ស៊េរី ផង ទើបអង់គ្លេស សម្តេចចិត្តបោះបង់ និងប្រគល់ ឥណ្ឌូចិន ទៅឱ្យ បារាំង ដែលជាអាណានិគមចាស់ នៅទីនេះស្រាប់ផង ។ ដូច្នេះ ឥណ្ឌូចិន គឺរួមទាំង វៀតណាម ផង ក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃ បារាំង បន្តទៀត ។
ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ ក្រុមវៀតមិញ បានរៀបចំការងើបបះបោរ ធ្វើបដិវត្តន៍ ប្រឆាំងនឹងការគ្រប់គ្រងរបស់ បារាំង ដែលគេហៅថា បដិវត្តន៍ខែសីហា ។ ក្នុងរយៈ ពេល ២សប្តាហ៍ ប៉ុណ្ណោះ កងកម្លាំងរបស់វៀតមិញ ដណ្តើមកាន់កាប់ភូមិជនបទ ទីក្រុងនានាទូទាំងភាគខាង ជើង , ភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសវៀតណាម រួមទាំងទីក្រុង ហាណូយ ផង ។ ប៉ុន្តែនៅតំបន់ខ្លះមិនទាន់ដណ្តើមបាននៅឡើយដូចជាតំបន់ Móng Cái, Vĩnh Yên, Hà Giang, Lào Cai និង Lai Châu ។
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីក្រុងហាណូយ លោកប្រធាន ហូ ជី មិញ បានប្រកាសឯករាជភាពរបស់វៀតណាម បង្កើតជាសាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម(DRV) ក៏បានបង្ខំឱ្យ ព្រះចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់រាជវង្ស ង្វៀន នាគ្រានោះហោង ។
ទោះយ៉ាងណា រដ្ឋាភិបាលរបស់លោក ហូ ជីមិញ មិនទទួលបានការទទួលស្គាល់ដោយ ប្រទេសណាមួយឡើយ ។ ហូ បានដាក់ញត្តិជាច្រើនលើក ទៅប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ ដើម្បី សុំការគាំទ្រ ។ ប៉ុន្តែលោក ទ្រូម៉ាន់ មិនដែលឆ្លើយតបឡើយ ។
ឆ្នាំ១៩៤៦ វៀតណាម បានប្រារព្ធការបោះឆ្នោតជ្រើសរើសសមាជិកសភា លើកដំបូងរបស់ខ្លួន (ជ័យជម្នះបានលើ វៀតមិញ) ហើយក៏បានព្រាងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ ប៉ុន្តែស្ថានភាពនៅ ទូទាំងប្រទេសកំពុងស្ថិតក្នុងសភាពវឹកវរនៅឡើយ គឺ បារាំង ព្យាយាមកាន់កាប់ឡើងវិញ ដោយកម្លាំងទ័ព ។ អ្នកនយោបាយខ្លះ នៅតំបន់កូសាំងស៊ីន បង្កើតរដ្ឋាភិបាល កូសាំងស៊ីន ខ្លួនគេ ខណៈពួកកុម្មុយនិស្ត និងអ្នកមិនមែនកុម្មុយនិស្ត វក់វីរនឹងការប្រយុទ្ធគ្នា រីឯពួកតស៊ូនានា បង្កើតកងទ័ពរៀងៗខ្លួន ។
ប្រទេសវៀតណាម ត្រូវបានកាន់កាប់ដោយកងទ័ពជាតិនិយម របស់ចិន និងកងទ័ព បារាំង ។ បក្សកុម្មុយនិស្ត ត្រូវបានរំលាយ ហើយក្នុងការអនុវត្តជាក់ស្តែង វៀតមិញ បានក្លាយជា សមាជិកដ៏ធំមួយ នៃ ចលនាតស៊ូដើម្បីឯករាជភាព ។ បើតាម CIA សមាជិករបស់ វៀតមិញ កើនឡើងដល់ ៤០០.០០០ នៅត្រឹម ១៩៥០ ។ វៀតមិញ នៅតែបន្តប្រយុទ្ធ ប្រឆាំង អាណានិគម បារាំង តទៅទៀត ។
សង្គ្រាមពេញបន្ទុក រវាង វៀត មិញ និង អាណានិគម បារាំង ឬ សង្គ្រាមលើកទី១នៅ ឥណ្ឌូចិន បានផ្ទុះឡើងជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ ។ ឆ្នាំ១៩៥១ បក្សកុម្មុយ និស្តត្រូវបាន បង្កើតឡើងវិញជាផ្លូវការ ដោយដាក់ឈ្មោះថា បក្សពលករ នៃ វៀណាម ។ កងទ័ព វៀត មិញ យកឈ្នះលើកងទ័ពរបារាំងនៅ បៀន បៀន ភូ នាថ្ងៃទី១ ខែ សីហា ឆ្នាំ ១៩៥៤ ។ បក្សកុម្មុយ និស្ត វៀតណាម ក្លាយជាបក្សដឹកនាំប្រទេស ជាផ្លូវការចាប់ពីពេលនោះមក ។
បំបែកវៀតណាមជា ២
ជាអ្នកឈ្នះសង្គ្រាមលោកលើកទី២ ហើយកំពុងបន្តដឹកនាំសង្គ្រាមត្រជាក់ផងនោះ អាមេរិក ពិតជាចង់ត្រួតត្រាវៀតណាម ព្រោះជាយុទ្ធសាស្ត្រកងទ័ព និងនយោបាយផង ។ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាត្រង់ៗ រវាង អាមេរិក និង សូវៀតដែលទើបតែបញ្ចប់សន្និសីទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ បានបំបែកវៀតណាមជាពីរផ្នែក ដោយរដ្ឋាភិបាលកុម្មុយនិស្តរបស់ ហូ ជីមិញ គ្រប់គ្រងភាគខាងជើង ចាប់ពីទីក្រុងហាណូយ ហើយសាធារណរដ្ឋ វៀតណាម របស់លោក ង៉ូ ឌិញ ឌៀម គាំទ្រដោយអាមេរិក គ្រប់គ្រងផ្នែកខាងត្បូងចាប់ពីទីក្រុង សាយហ្កន (ព្រៃនគរ) ។
ភាពមិនសាន្តត្រាណនៃវៀតណាម ទាំងពីរនេះ នាំឱ្យផ្ទុះសង្គ្រាឥណ្ឌូចិន លើកទី២(ជះឥទ្ធិពល ដល់កម្ពុជា និងឡាវ យ៉ាងធ្ងន់ធ្ងរ) ពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ១៩៥៥ រវាងវៀតណាមខាងជើងគាំទ្រ ដោយសហភាពសូវៀត ចិន និងសម្ព័ន្ធកុម្មុយនិស្ត ចំណែកវៀតណាខាងត្បូងគាំទ្រដោយ អាមេរិក ហ្វីលីពីន និងសម្ព័ន្ធមិត្តដែលប្រឆាំងកុម្មុយនិស្ត ។
ស្ថានភាពក្នុងប្រទេស មានការប្រែប្រួលផង កងទ័ពអាមេរិកបានដកចេញពីវៀតណាមខាងត្បូង នៅឆ្នាំ១៩៧៣ ។ ទីក្រុងសាយហ្កន ឬ ទីក្រុងព្រៃនគរ ដែលជារដ្ឋធានីរបស់វៀតណាមខាងត្បូង បានធ្លាក់ក្រោមការត្រួតត្រារបស់វៀតណាមខាងជើង ឬ វៀត ណាមកុម្មុយនិស្ត ។ ទាហាន វៀតណាខាងត្បូង បានចុះចាញ់វៀតណាមកុម្មុយនិស្ត នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ១៩៧៥ ហើយសង្គ្រាម បានបញ្ចប់ដោយវៀតណាមទាំងស្រុងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម កុម្មុយនិស្តរហូតសព្វថ្ងៃ។
បំបែកបក្សជា ៣ សម្រាប់ឥណ្ឌូចិន
សន្និសីទទី២ របស់បក្ស សម្រេចចិត្តថា បក្សកុម្មុយនិស្ត ត្រូវបំបែកជា ៣ ដោយបក្ស ១ នៅក្នុងប្រទេស ១ នៅឥណ្ឌូចិន គឺ កម្ពុជា វៀតណាម និង ឡាវ ហើយ បក្សកុម្មុយនិស្ត វៀតណាម មានសិទ្ធិត្រួតមើលសកម្មភាពរបស់បក្សទាំង ២ ផ្សេងទៀត ដែលមានទីតាំងនៅកម្ពុជា និង ឡាវ ។
បក្សប្រជាជនកម្ពុជា គឺបក្សបដិវត្តន៍ប្រជាជនខ្មែរ ឬ បក្សកុម្មុយនិស្តកម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងខែមេសា ឆ្នាំ១៩៥១ ដោយមាន ប៉ុល ពត ជាអ្នកដឹកនាំ បក្សបដិវត្តន៍ប្រជាជន ឡាវ ត្រូវបានបង្កើតនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ១៩៥៥ ។
សន្និសបាតលើកទី៣ របស់បក្ស ប្រារព្ធនៅទីក្រុងហាណូយ នាឆ្នាំ១៩៦០ បានធ្វើប្រក្រតីកម្ម នូវភារកិច្ច នៃការកសាងសង្គមនូវអ្វីដែលក្រោយមក វៀតណាម ខាងជើង ឬ ក៏សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម និងបានប្តេជ្ញាបក្ស ចំពោះសេរីភាព នៃវៀតណាម ខាងត្បូង ។
នៅឆ្នាំ ១៩៧៥ បក្សពលករនៃវៀតណាមខាងជើង ត្រូវបានរំលាយចូលជាមួយ បក្សបដិវត្តន៍ នៃវៀតណាម ខាងត្បូង ។ សន្និសីទ លើកទី ៤ នៃ បក្ស នាឆ្នាំ ១៩៧៦ បក្សត្រូវបានដាក់ឈ្មោះ ទៅជា ” បក្សកុម្មុយនិស្ត វៀតណាម ” ដើម្បីពង្រឹងជាមួយសក្តិភូមិ វណ្ណៈកម្មករ និងសម្ព័ន្ធ កសិករ ។
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ១៩៧៦ វៀតណាម ខាងត្បូង និង វៀតណាម ខាងជើង ត្រូវបានរួបរួម ដើម្បីបង្កើតជាសាធារណរដ្ឋ សង្គមនិយម វៀតណាម រហូតបច្ចុប្បន្នមក ។
ជាការកត់សម្គាល់ គឺឃើញថា ភាពគួរឱ្យគោរពរបស់ជនជាតិតវៀតណាម គឺការដែលចេះតែ ងើបឡើងវិញឥតឈប់ឈររហូតបានជោគជ័យពីបរទេសឈ្លានពាន បើទោះ បីជាពួកគេតែង តែត្រូវបានតាមកាប់សម្លាប់ផ្តាច់ផ្តិលយ៉ាងណាក៏ដោយ ៕ ស្រាវជ្រាវប្រែសម្រួល៖ មេសា

