
ដោយៈ ឫទ្ធិស័ក្តិ-សាវរក្ស៖ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានជម្រុញឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ និងកម្លាំងនគរបាលតាមប៉ុស្ថិ៍រួមនិងកម្លាំងការិយាល័យជំនាញត្រូវយកចិត្តដាក់បំផុតទៅលើការងារប្រឆាំងគ្រឿងញៀន។ ពីព្រោះគ្រឿងញៀនជាបញ្ហាដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនិងបានបង្កប៉ះពាល់អសន្តិសុខ ក៏ដូចរងផលប៉ះពាល់អនាគតយុវជនជំនាន់ក្រោយ។
លោកបញ្ជាក់ថា កិច្ចការងារប្រឆាំងគ្រឿងញៀនទទួលបានលទ្ធផលកម្លាំងពាក់ព័ន្ធត្រូវស្រាវជ្រាវស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញាជនសង្ស័យគ្រឿងឱ្យបានច្បាស់លាស់មុននិងឈានចេញប្រតិបត្តិការ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការដឹកនាំការងារពង្រឹងអនុវត្តផែនការប្រឆាំងគ្រឿងញៀននៅមូលដ្ឋានក្នុងខណ្ឌប្ញស្សីកែវ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាព កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ចូលរួមពីលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន លោកអធិការ អធិការងទទួលការងារប្រឆាំងគ្រឿងញៀន និងលោកនាយ នាយរងនគរបាលប៉ុស្ថិ៍រដ្ឋបាលសង្កាត់ទាំង៧ នៃខណ្ឌប្ញស្សីកែវ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងទៀតថា ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះផងដែររាល់នៃកិច្ចប្រជុំនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែមានប្រសាសន៍អំពីការយកចិត្តទុកដាក់និងដាក់ចេញនូវផែនការក៏ដូចជាបទបញ្ជាឱ្យកម្លាំងនគរបាលក្រោមឱវាទត្រូវអនុវត្តការងារប្រឆាំងគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់បំផុត។
លោកឧត្តម សេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ក៏បានលើកនិងវាយតម្លៃខ្ពស់ដែលកន្លងមកកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវបានធ្វើសកម្មភាពចេញបង្រ្កាបគ្រឿងញៀនសម្រេចបានលទ្ធផលជាបន្តបន្ទាប់នាំឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ។កិច្ចការងារនេះត្រូវតែបន្តអនុវត្តជាប្រចាំដោយមិនដកថយនោះឡើយ៕
