ភ្នំពេញ៖ តារាចម្រៀងកំពុងមានប្រជាប្រិយភាពកញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើរឿងមួយមិនដែល មានពីមុនឡើយដោយនាងប្រកាសថានឹងផ្តល់ប្រាក់កំរ៉ៃ២០ភាគរយជូនអ្នកនិពន្ធកាឡាក់ស៊ីរាល់ការងាររបស់នាងពេលចេញច្រៀងតាមកម្មវិធីម្តងៗ។
លោក យឹម តាស្រង់ បានបង្ហាញអារម្មណ៍រំភើបរបស់លោក ក្រោយពេលដែលតារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា បានសម្រេចធ្វើកិច្ចសន្យា និងផ្តិតមេដៃឯកភាពគ្នាដោយមានមេធាវីរួម ទាំងម្ចាស់ផលិតកម្ម Galaxy Navatra ដោយមានការចូលរួមពីលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមដឹងឭនិងធ្វើជាសាក្សីនៅក្នុងឱកាសនៃកិច្ចសន្យានឹងផ្តល់ប្រាក់កំរ៉ៃ២០ភាគរយជូនអ្នក និពន្ធកាឡាក់ស៊ីរាល់ការងាររបស់នាងពេលចេញច្រៀងតាមកម្មវិធីម្តងៗ។
លោក យឹម តាស្រង់ បានថ្លែងចេញពីអារម្មណ៍លោកថា “រំភើបបំផុតមួយជីវិតនេះខ្ញុំទើប ជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្ដល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ២០ភាគរយពីការ ចេញច្រៀងគ្រប់កម្មវិធីប្រគំតន្ត្រីនិងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាព ពេញចិត្ត។ អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រី ពិតជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង”។
កវីនិពន្ធរូបនេះបានប្រាប់ថា ប្អូនស្រីប្រហែលជាអ្នកចម្រៀងទី១ហើយបងក៏ប្រហែលជាអ្នក និពន្ធទី១ផងដែរដែលបានទទួលការចែកភាគលាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែប នេះ បងនឹងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន ហើយក៏អរគុណផងដែរដល់បងប្អូនក្រុមមេធាវី និងសាក្សី។ ជាពិសេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ដែលបាន ចូលរួមជាកិត្តិយសដឹងឮក្នុងកិច្ចសន្យានេះ។
ខណៈផ្ទុះរឿងអាស្រូវមួយចំនួនផងដែរនោះ លោក យឹម តាស្រង់ បានបកស្រាយបន្ថែមថា គ្រប់យ៉ាងអាចធ្វើទៅបានក្នុងរឿងនេះ មិនមែនមកពីលោកម្នាក់ឯងឡើយ ដោយសារមាន ការយល់ព្រមពេញចិត្តពេញថ្លើមសហការពីឧកញ៉ា ដែលគាត់ក៏ជាអ្នកនិពន្ធដែលយល់ច្បាស់ ពីផលវិបាកនៃអាជីពអ្នកនិពន្ធនិងគោលបំណងទាំងអស់គ្នាចង់លើកកម្ពស់តម្លៃនៃអ្នកនិពន្ធក្នុងបរិបទថ្មីមួយដំបូងគេ ដើម្បីឲ្យប្អូនៗអ្នកនិពន្ធមកថ្មីៗក្រោយៗមានទឹកចិត្តលើវិថីតែងនិពន្ធនេះ។ ម្យ៉ាងទៀតក៏មានការពេញចិត្តគោរពនិងផ្តល់តម្លៃរបស់អ្នកចម្រៀង តន់ ចន្ទសីម៉ា ឲ្យលោក ទើបលោកទទួលបាន ២០ភាគរយនេះ។
អ្នកនិពន្ធល្បីរូបនេះបាននិយាយទៀតថា នៅថ្ងៃតទៅមុខទៀតនេះនឹងមានអ្នកចម្រៀងទី២ ទី៣ទៀតដែលផ្តល់តម្លៃសម្រាប់អ្នកនិពន្ធហើយមានតែពាក្យជូនពរប្អូនៗអ្នកនិពន្ធផ្សេងៗទៀត និងធ្វើបានដែរដើម្បីលើកកម្ពស់ស្នាដៃខ្លួនឯង។
ជាការកត់សម្គាល់តារាចម្រៀងវ័យក្មេងម្ចាស់បទ “យល់ច្រឡំថាគេស្រឡាញ់យើងហើយ” និងបទ “គេនោះជាស្រីកាប់ដាវ” របស់កញ្ញា តន់ ច័ន្ទសីម៉ា អំឡុងពេលដែលមានការលើក ស្ទួយពីសំណាក់ភាគីផលិតកម្ម Galaxy Navatra អំឡុងពេលចុងក្រោយនេះឃើញថា នាងហាក់មានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មិត្តៗយុវវ័យរួមទាំងមហាជនមួយចំនួនទៀត៕ ដោយៈ បូរិន