អង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃចន្ទទី៣កុម្ភៈបានវាយតំលៃខ្ពស់អំពីវិធានការទប់ស្កាត់និងគ្រប់គ្រងកូរ៉ូណាវីរុសរបស់ចិន និងបានអំពាវនាវដល់ប្រទេសទាំងអស់ធ្វើការត្រៀមខ្លួនទប់ទល់នឹងវីរុសឆ្លងនេះ តែកុំភិតភ័យស្លន់ស្លោនៅក្នុងការចាត់ចែងគ្រប់គ្រងជម្ងឺឆ្លងនេះ។
ថ្លែងនៅក្នុងអង្គប្រជុំនៃគណៈនាយករបស់WHOកាលពីថ្ងៃចន្ទ អគ្គនាយករបស់អង្គការនេះបាននិយាយថា ចិន«ចាត់វិធានការមាំមួននៅកន្លែងស្នូលនៃការផ្ទុះជម្ងឺ» ដែលវាមិនគ្រាន់តែការពារប្រជាជនចិនតែរារាំងការឆ្លងរាលដាលទៅកាន់ប្រទេសផ្សេងៗផងដែរ។បើមិនមានកិច្ចខិតខំរបស់ចិនទេ ម្ល៉េះសមចំនួនអ្នកឆ្លងវីរុសនេះនៅក្រៅប្រទេសចិននឹងមានចំនួនខ្ពស់ជាងបច្ចុប្បន្ន។

កិច្ចប្រជុំរបស់គណៈនាយករបស់WHOកាលពីថ្ងៃចន្ទ
នៅក្រៅប្រទេសចិនមានករណីឆ្លងកូរ៉ូណាវីរុស១៤៦ករណី នៅ២៣ប្រទេស។
WHO ក៏បានផ្តល់អនុសាសន៍ថា មិនមានហេតុផលសំរាប់ចេញវិធានការដែលជ្រៀតជ្រែកដល់ការហាមឃាត់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្មអន្តរជាតិ ហើយប្រទេសទាំងអស់ត្រូវតែគាំទ្រប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយជាង ព្រមទាំងពន្លឿនការអភិវឌ្ឍបង្កើតវ៉ាក់សាំង វិធីព្យាបាលនិងការរករោគសញ្ញា។
អង្គការសុខភាពសហប្រជាជាតិនេះក៏បាននិយាយថា ពិភពលោកគួរប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងព័ត៌មានមិនពិត ត្រួតពិនិតផែនការត្រៀមខ្លួនឡើងវិញ សំគាល់ការខ្វះចន្លោះ និងវាយតំលៃប្រភពធនធានត្រូវការចាំបាច់ដើម្បីត្រៀមទប់ទល់ក្នុងករណីមានផ្ទុះជម្ងឺ។
កាលពីថ្ងៃចន្ទនេះដែរ ចិនបានទទូចអោយប្រទេសនានាមើលការផ្ទុះជម្ងឺឆ្លងនេះក្នុងលក្ខណៈសមហតុផល និងធ្វើការឆ្លើយតបតាមកំរិតនិងផ្អែកលើវិទ្យាសាស្ត្រ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួរ ជុនយីងបាននិយាយដូច្នេះក្រោយពីប្រទេសមួយចំនួនហាមឃាត់មិនអោយពលរដ្ឋចិនចូលប្រទេសរបស់គេ។ក្នុងចំណោមប្រទេសទាំងនេះ រួមមានអាម៉េរិកដែលបានបង្កើនការព្រមានអំពីការធ្វើដំណើរទៅកាន់និងមកពីប្រទេសចិនដល់កំរិតខ្ពស់បំផុត ដោយហាមមិនអោយជនបរទេសណាដែលបានទៅឬនៅចិនក្នុងរយៈពេល១៤ថ្ងៃមកនេះចូលទឹកដីអាម៉េរិក៕ប្រែសម្រួល៖វាសនា