ដោយៈ មេសា/កំពង់ចាមៈ របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO ) ដែលត្រូវបានបង្ហាញ ដោយ អង្គការចលនា ដើម្បី សុខភាពកម្ពុជា ( CMH ) នៅក្នុងវគ្គបណ្តុះបណ្តាល អ្នក សារព័ត៌មានក្នុងស្រុកមកពី ២២ ស្ថាប័ន អំពីច្បាប់ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ នៅកម្ពុជា នៅឯសណ្ឋាគារ លាបវិរៈសា នៅឯក្រុងកំពង់ចាម នាថ្ងៃទី ៣-៤ ខែ មករា ឆ្នាំ ២០២០ នេះ បានឱ្យបង្ហាញថា នៅកម្ពុជា មនុស្សស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ ប្រមាណជា ១៥.០០០ នាក់ ក្នុង ១ ឆ្នាំ ឬ ប្រមាណជា ៤១ នាក់ក្នុង ១ ថ្ងៃ ។ គិតជាមធ្យមអ្នកជំងឺ ដោយសារការ ប្រើប្រាស់ ថ្នាំជក់ម្នាក់ ត្រូវចំណាយថវិកា ២ ម៉ឺនដុល្លារអាមេរិក សម្រាប់ព្យាបាល មុនពេលគាត់ស្លាប់ ។ ដូច្នេះ ក្នុង ១ ថ្ងៃ កម្ពុជា ចំណាយវិកា ៨២ ម៉ឺនដុល្លារអាមេរិក ឬ ជិត ៣០០ លាន ដុល្លារ អាមេរិក ក្នុង ១ ឆ្នាំ ទៅលើការព្យាបាលជំងឺដោយសារការប្រើប្រាស់ថ្នាំជក់ មុនពេលអ្នកជំងឺ ទាំងនោះស្លាប់ ។
លើសពីទៅ ក្នុង ១ ឆ្នាំ កម្ពុជា ចំណាយថវិកាប្រមាណជា ៣៦០ លានដុល្លារអមេរិកផ្សេងទៀត ទៅលើការទិញផលិតផលថ្នាំជក់ ។ ដូច្នេះក្នុង ១ ឆ្នាំៗ កម្ពុជា ខាតបង់ថវិកាប្រមាណជា ៦៦០ លានដុល្លារអាមេរិក ដោយសារតែថ្នាំជក់ ដែលនេះគឺជាការខាតបង់ដ៏ធំធេងបំផុតរបស់កម្ពុជា ព្រោះថារហូតមកដល់ពេលនេះ មិនទាន់មានគ្រោះថ្នាក់ ឬ ជំងឺណាមួយបណ្តាលឱ្យកម្ពុជា ខាតបង់ទាំងអាយុជីវិតមនុស្ស ទាំងថវិកាច្រើនដល់ថ្នាក់នេះទេ ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង ១ ថ្ងៃ គិតជាមធ្យម ៣ ទៅ ៥ នាក់ និង របួសពី ១០ ទៅ ១៨ នាក់ ។
លោកវេជ្ជបណ្ឌិត ម៉ុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បី សុខភាពកម្ពុជា បានផ្តល់អនុសាសន៍ថា ដើម្បី កាត់បន្ថយការខាតបង់ ឬ ផលប៉ះពាល់ពីផលិតផលថ្នាំជក់ គឺត្រូវកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយ ដើម្បី កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ គឺត្រូវអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់នៅកម្ពុជា ឱ្យបានល្អ ។
ចំណុចសំខាន់ៗ នៃ ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ គឺ ទី ១. ដំឡើងពន្ធទៅលើផលិតផលថ្នាំជក់ , ២. បញ្ចប់នូវរាល់ការផ្សព្វផ្សាយពិណ្ជកម្មថ្នាំជក់គ្រប់ទម្រង់ , ៣. ហាមឃាត់ការប្រើប្រាស់ថ្នាំជក់នៅទីតាំងសំខាន់ៗមួយចំនួន ដូចជាគ្រឹះស្ថានសុខាភិបាល , គ្រឹះស្ថានអប់រំ , គ្រឹះស្ថានសាសនា , កន្លែងធ្វើការ , សណ្ឋាគារ , ភោជនីយដ្ឋាន និង មធ្យោបាយធ្វើដំណើរសាធារណៈ ជាដើម ។
ធនាគារពិភពលោក និង អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលនានាគួរដកហូតពន្ធពីផលិតផលថ្នាំជក់ ៧៥ ភាគរយ ព្រោះថានៅពេលពន្ធឡើងខ្ពស់ ផលិតផលថ្នាំជក់ ក៏ឡើងថ្លៃ ធ្វើអ្នកជក់កាត់បន្ថយដោយខ្លួនឯង ហើយរដ្ឋក៏ប្រមូលថវិកាចូលជាតិបានច្រើនសម្រាប់យកទៅដោះស្រាយបញ្ហាដែលបង្ករឡើងដោយការប្រើប្រាស់ថ្នាំជក់ដែរ ។
ចំពោះនៅកម្ពុជា គិតមកដល់ពេលនេះ នៅទាបនៅឡើយធៀបទៅនឹងប្រទេសក្នុងតំបន់ គឺកម្ពុជា ទើបតែដំឡើងពន្ធ ២៥ ភាគរយសម្រាប់ផលិតផលថ្នាំជក់ក្នុងស្រុក និង ៣១ ភាគរយសម្រាប់ថ្នាំជក់នាំចូលពីក្រៅប្រទេស ខណៈប្រទេសខ្លះនៅក្នុងតំបន់ បានបង្កើនពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧០ ភាគរយឯណោះ ។
កម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងផលិតថ្នាំជក់ តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយក៏ត្រូវបានអនុវត្តមានប្រសិទ្ធភាពច្រើនគួរសមដែរ ជាក់ស្តែ មិនមានផ្សព្វផ្សាយពាណិជ្ជកម្ម បារី នៅតាមវិទ្យ ទូរទស្សន៍ កាសែត និង ទស្សនាវដ្ដីជាដើមទេ ហើយរាល់បារីដែលត្រូវបានដាក់លក់ ភាគច្រើនបំផុតក៏មានសារព្រមានសុខភាពជាអក្សរ និង ជារូបភាពនៅលើកញ្ចប់ផងដែរ ។
ទោះយ៉ាងណា នៅមានក្រុមហ៊ុនផលិតផលថ្នាំជក់ខ្លាំងនៅតែរឹងរូសលួចបំពានបម្រាម នៃ ច្បាប់ស្តីពីការគ្រប់គ្រងផលិតៀលថ្នាំជក់ ជាហូរហែរដែរ ដូចជាតាមរយៈបញ្ជូនបុគ្គលិករបស់ខ្លួនឱ្យដើរលក់បារីនៅតាមហាង រាត្រីជាដើម ៕ Kh