ដោយអ្នកឆ្លងកូរ៉ូណាវីរុសឡើងហួស២០.០០០នាក់ ចិនកាលពីថ្ងៃអង្គារទី០៤កុម្ភៈបានចាប់ផ្តើមនាំអ្នកជម្ងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសថ្មី ចូលក្នុងមន្ទីរពេទ្យដែលត្រូវសង់អោយហើយត្រឹមតែ១០ថ្ងៃដើម្បីទទួលអ្នកជម្ងឺ ។
អ្នកជម្ងឺ៥០នាក់ដំបូង ត្រូវបាននាំចូលក្នុងមន្ទីរពេទ្យ Huoshenshanឬ «មន្ទីរពេទ្យភ្នំព្រះអគ្គី»នៅជាយក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះជម្ងឺឆ្លង។រូបភាពវីដេអូបានបង្ហាញអាគារមានគ្រែពេទ្យ១.០០០បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើប ជាមួយនឹងបន្ទប់មិនអាចអោយវីរុសជ្រាបចេញមកក្រៅផង។
មន្ទីរពេទ្យទី២ក្នុងក្រុងដដែលឈ្មោះថាលីសេនសាន(Leishenshan)ជាមួយនឹងគ្រែអ្នកជម្ងឺ១.៦០០ក៏នឹងបើកទទួលអ្នកជម្ងឺផងដែរនៅក្នុងពេលឆាប់ៗ ។
នៅកន្លែងផ្សេងទៀតនៅក្រុងវូហាន អាជ្ញាធរបានប្រែក្លាយកន្លែងហាត់កីឡា សាលពិព័រណ៍និងមជ្ឈមណ្ឌលវប្បធម៌ទៅជាមន្ទីរពេទ្យដែលមានគ្រែទទួលអ្នកជម្ងឺមិនស្តង់ដាសរុបបាន៣.៤០០នាក់។
សូមបញ្ជាក់ថា មន្ទីរពេទ្យបំរុងមាន១.០០០គ្រែនេះត្រូវបានបញ្ជាអោយសាងសង់អោយហើយក្នុង១០ថ្ងៃដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យនានាក្នុងក្រុងវូហានដែលកំពុងជោរជន់ដោយអ្នកជម្ងឺបង្កឡើងដោយកូរ៉ូណាវីរុសថ្មី។
គិតមកត្រឹមថ្ងៃអង្គារ ចិនមានមនុស្ស៤២៥នាក់ស្លាប់ដោយកូរ៉ូណាវីរុស និង២០.៤៣៨នាក់ឆ្លង។
អ្នកជម្ងឺកូរ៉ូណាវីរុសត្រូវបាននាំចូលមន្ទីរពេទ្យនៅទីវាលមួយដែលត្រូវបានសាងសង់រួចរាល់ក្នុងពេលតែ២សប្តាហ៍
ការផ្ទុះជម្ងឺឆ្លងនេះក៏បណ្តាលអោយមនុស្សជាច្រើនក្នុងចំណោមប្រជាពលរដ្ឋចិន១,៤ពាន់លាននាក់មានការភ័យខ្លាច និងនាំគ្នារកទិញម៉ាស់មុខ តែបណ្តារោងចក្រចិនអាចផលិតបានតែ២០លានម៉ាស់ក្នុងមួយថ្ងៃ។បុគ្គលិកពេទ្យក៏ត្រូវការគ្រឿងផ្គត់ផ្គង់បន្ទាន់ដូចជាម៉ាស់មុខរបស់ពេទ្យ សម្លៀកបំពាក់ការពារ និងវែនតាពេទ្យ។
រូបភាពក្នុងប្រព័ន្ធផ្សព្វផ្សាយបង្ហាញពួកវេជ្ជបណ្ឌិតចិនពាក់ម៉ាស់មុខនិងសម្លៀកបំពាក់ការពារវីរុសផលិតដោយខ្លួនឯងនៅមន្ទីរពេទ្យមួយក្នុងក្រុងវូហាន។ទោះជាយ៉ាងណា សហជីពមន្ទីរពេទ្យក្រុងនិយាយថា រូបភាពទាំងនេះក្លែងក្លាយទេ។
ក្នុងពេលជាមួយគ្នា ចិនបាននិយាយថា ប្រទេសជាច្រើនរួមមានកូរ៉េខាងត្បូង ជប៉ុន កាហ្សាក់ស្ថាននិងហុងគ្រីបានជួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ៕ប្រែសម្រួល៖វាសនា

បណ្តារោងចក្រចិនអាចផលិតបានតែ២០លានម៉ាស់ក្នុងមួយថ្ងៃ