វីរុសកូរ៉ូណាលាតត្រដាងឱ្យឃើញពីភាពងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចពិភពលោក

810
ចែករម្លែក
វីរុសកូរ៉ូណាកំពុងចាប់ផ្តើមជះផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោក

ការបារម្ភភ្លាមៗអំពីវីរុសកូរ៉ូណាកាលពីសប្តាហ៍មុនគឺជាឧទាហរណ៍ជាក់ស្តែងដ៏ល្អបំផុតដើម្បីបង្ហាញពីល្បែងទាញព្រ័ត្រដែលគេកំពុងលេងនៅក្នុងទីផ្សារហិរញ្ញវត្ថុជាយូរមកហើយ នោះគឺ…រវាងអារម្មណ៍អំណោយផល និង ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចរយៈពេលវែង។

យ៉ាងហោចណាស់រហូតមកទល់ពេលនេះល្បែងនេះត្រូវបានដោះស្រាយដោយការទោរទន់ទៅរកតម្លៃភាគហ៊ុនខ្ពស់។

ប៉ុន្តែវិនិយោគិនចាំបាច់ត្រូវសម្រេចចិត្តថាតើពួកគេចង់ជ្រើសយកដំណោះស្រាយដដែលនេះថែមទៀត ដោយបន្តការអនុវត្តតាមក្បួនសៀវភៅវិនិយោគដែលផ្តល់ផលចំណេញដល់ពួកគេ ឬ តើពួកគេចង់ចាត់ទុកការរីករាលដាលនៃវីរុសកូរ៉ូណាជាចលាចលទីផ្សារ ដែលនឹងធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចដ៏ធំ បង្អាក់ដំណើរការកំណើនសេដ្ឋកិច្ចសកលលោកនិងធ្វើឱ្យទីផ្សារហ៊ុនរង្គោះរង្គើកើតឡើងដោយសារតែការសម្រុកទិញទ្រព្យសកម្មពេលវាធ្លាក់ថ្លៃខ្លាំង។

ចូលដល់ឆ្នាំ ២០២០ វិនិយោគិនប្រឈមនឹងការធ្វើឱ្យមានតុល្យភាពទីផ្សារអំណោយផលរយៈពេលខ្លីជាមួយសេដ្ឋកិច្ចនានាកំពុងនៅទន់ខ្សោយនៅឡើយ ហើយការធ្វើដូច្នេះជាមួយមូលប័ត្របំណុលរដ្ឋាភិបាលគឺផ្តល់ការការពារតិចតួចណាស់ ដោយហេតុថានឹងទទួលបានផលចំណេញវិញក្នុងកម្រិតទាបបំផុតហើយក្នុងករណីខ្លះជាផលចំណេញអវិជ្ជមានទៀតនៅក្នុងបណ្តាប្រទេសជឿនលឿន។

  • ភាពងាយរងគ្រោះថ្មីពីរយ៉ាង

ការផ្ទុះឡើងនៃវីរុសកូរ៉ណាធ្វើឱ្យមានភាពងាយរងគ្រោះពីរយ៉ាង ៖ កំណើនសេដ្ឋកិច្ចពិភពលោកខ្សោយតាមលំដាប់ និង ធនាគារកណ្តាលមិនសូវមានប្រសិទ្ធភាព។

វាកាន់តែពិបាកសម្រាប់ទីផ្សារក្នុងការចាត់ទុកភាពផុយស្រួយបែបនេះថាជារឿងមិនអាចកើតឡើងឆាប់ៗ ជាពិសេសក្នុងពេលរឿងមិនប្រាកដប្រជាជាច្រើនបានកំពុងកើតឡើងឥឡូវនេះរួចទៅហើយក្នុងនោះរួមមាន ភាពតានតឹងពាណិជ្ជកម្ម ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ វិបត្តិបច្ចេកវិជ្ជា ការបែកបាក់ខាងនយោបាយ និង ការផ្លាស់ប្តូរប្រជាសាស្ត្រ។

ការលក់រាយការធ្វើពាណិជ្ជកម្មនិងការធ្វើដំណើរគឺជាវិធីងាយៗដើម្បីគូសបង្ហាញពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន។

ហាងលក់ទំនិញកំពុងប្រឈមមុខនឹងការរំខានយ៉ាងខ្លាំងដោយសារការផ្អាកចរាចរណ៍លើដងផ្លូវ ខណៈអ្នកផ្គត់ផ្គង់កាន់តែមានការលំបាកនិងមានភាពយឺតយ៉ាវកាន់តែខ្លាំងក្នុងការធ្វើបំលាស់ទីទំនិញរបស់ពួកគេទាំងក្នុងនិងក្រៅប្រទេស។

ហើយការធ្លាក់ចុះយ៉ាងខ្លាំងនៃការធ្វើដំណើរទៅកាន់ប្រទេសចិនគឺជាការវាយសំពងមួយផ្សេងទៀតចំពោះសកម្មភាពសេដ្ឋកិច្ចចិន ដែលកំពុងរងផលប៉ះពាល់ស្រាប់ដោយការធ្វើដំណើរក្នុងស្រុកមានចំនួនតិចតួច។

ការបញ្ឈប់សកម្មភាពសេដ្ឋកិច្ចជាក់ស្តែងនេះកំពុងកើតមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិនដែលជាសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោកនិងជាប្រទេសមួយដែលមានទំនាក់ទំនងក្នុងតំបន់និងពិភពលោក។ នេះបានធ្វើឱ្យវិស័យសេវាកម្មរបស់ប្រទេសចិនចុះខ្សោយស្របពេលកំពុងមានបញ្ហាប្រឈមជាច្រើនសម្រាប់វិស័យផលិតកម្ម។

  • សេដ្ឋកិច្ចចិនមានល្បឿនយឺតយ៉ាវ

ជាមួយក្បាលម៉ាស៊ីនកំណើនទាំងពីរ (សេវាកម្មនិងផលិតកម្ម) នាពេលបច្ចុប្បន្នកំពុងដាំក្បាលចុះទាំងក្នុងនិងក្រៅស្រុក ចិនក៏នឹងកាន់តែពិបាកក្នុងកាច់ចង្កូតនាវារបស់ខ្លួនចេញពីប្រទេសដែលមានប្រាក់ចំណូលមធ្យមផងដែរ។

សន្ទុះសេដ្ឋកិច្ចដែលសុខៗស្រាប់តែបញ្ឈប់ភ្លាមបែបនេះក៏ជះផលប៉ះពាល់ទៅក្រៅផងដែរ ជាដំបូងបំផុតគឺបណ្តាប្រទេសសេដ្ឋកិច្ចកំពុងងើបឡើងនៅអាស៊ី ដែលមានទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងរឹងមាំជាមួយចិន។

ប្រទេសចិនដែលចុះខ្សោយក៏ជាបញ្ហាសម្រាប់អឺរ៉ុបផងដែរ កន្លែងដែលធនាគារកណ្តាលអឺរ៉ុបលែងមានអាវុធផលិតភាពទៀតហើយ ហើយពួកអ្នកនយោបាយនៅមិនទាន់បានអនុវត្តកញ្ចប់គោលនយោបាយគាំទ្រកំណើនគ្រប់ជ្រុងជ្រោយនៅឡើយទេ។

ហើយស្របពេលវីរុសកំពុងជះឥទ្ធិពលដល់ការចល័តទីរបស់មនុស្សនិងទំនិញ វាកាន់តែមានហានិភ័យក្នុងការធ្វើឱ្យថយចុះសាកលភាវូបនីយកម្មរយៈពេលច្រើនឆ្នាំ ដែលគ្មានប្រទេសលើពិភពលោកណាមួយឬទីផ្សារណាមួយចង់បានឡើយ។

វីរុសកូរ៉ូណាក៏អាចបណ្តាលឱ្យមានការផ្អាកដ៏យូរនៅក្នុងទីផ្សារផងដែរ ដែលនេះជាវិបត្តិដ៏ធំធ្វើឱ្យចិត្តអ្នកវិនិយោគងាករ៉េ។

  • ផែនការថ្មី

កាលពីមុនទីផ្សារត្រូវបានគាំទ្រដោយជំនឿថាធនាគារកណ្តាលតែងតែមានឆន្ទៈនិងអាចបង្ក្រាបភាពងាយក្រឡាប់ចាក់និងជំរុញតម្លៃទ្រព្យសកម្ម។ ការណ៍នេះបានជំរុញឱ្យពួកវិនិយោគិនភ័យខ្លាចពីការខាតបង់ដោយសារតែការធ្វើអន្តរាគមន៍មិនចេះចប់នេះ។

រហូតដល់ថ្ងៃសុក្រសប្តាហ៍មុន (៣១ មករា) នៅពេលផ្សារភាគហ៊ុនអាម៉េរិកធ្លាក់ចុះប្រហែល ២ ភាគរយ ទំនោររបស់ទីផ្សារដើម្បីឆ្លើយតបទៅនឹងការសម្រុកលក់ហ៊ុនចោលគឺការដាក់ឱ្យប្រើផែនការថ្មីដែលមានប្រសិទ្ធភាពក្នុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ រួមទាំងការឆ្លើយតបទៅនឹងវិបត្ដិនានាដូចជាការវាយប្រហារមីស៊ីលរបស់អាម៉េរិកដែលសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់និងការរំខានដល់ផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីត។

សម្រាប់ឆ្នាំកន្លងទៅ ពួកពាណិជ្ជករនិងវិនិយោគិនបានសម្រុកទិញហ៊ុនដែលធ្លាក់ថ្លៃដោយជឿថា វិបត្តិកើតឡើងថ្មីៗនេះគ្រាន់តែជាវិបត្តិបណ្តោះអាសន្ន អាចទប់ទល់បាន និង អាចត្រឡប់មកល្អប្រសើរឡើងវិញបាន។

ឥឡូវគម្លាតរយៈពេលច្រើនឆ្នាំរវាងការកើនឡើងតម្លៃទ្រព្យសកម្មនិងស្ថានភាពសេដ្ឋកិច្ចខ្សោយកំពុងលែងមាននិរន្តរភាព។

សេដ្ឋកិច្ចនិងទីផ្សារពិភពលោកកាន់តែខិតកាន់តែកៀកទៅរកវិថីនៃកំណើនយឺតបំផុត។ អ្វីដែលកើតឡើងបន្ទាប់ពីនោះគឺពាក់ព័ន្ធនឹងរឿងផ្ទុយស្រឡះមួយ ដែលអាស្រ័យលើរបៀបដែលពួកអ្នកធ្វើគោលនយោបាយឆ្លើយតប។

រឿងផ្ទុយស្រឡះមួយនោះគឺអាចពាក់ព័ន្ធនឹងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក អស្ថិរភាពហិរញ្ញវត្ថុ និង នយោបាយកាន់តែស្មុគស្មាញ។ រឿងផ្ទុយស្រឡះមួយទៀតគឺដំណើរការរីកចម្រើនពិតប្រាកដមួយដែលធ្វើឱ្យតម្លៃទ្រព្យសកម្មកើនឡើងតាមរបៀបរៀបរយនិងបើកផ្លូវសម្រាប់នយោបាយដែលមានលក្ខណៈស្ថាបនា។

ប្រសិនបើវិនិយោគិននៅតែទទូចចង់សម្រុកទិញហ៊ុនដែលធ្លាក់ថ្លៃភ្លាមៗ ពួកគេគួរតែធ្វើតាមរបៀបផ្សេងពីមុន ដោយងាកមកគាំទ្រដល់ស្ថាប័នដែលចេញសន្លឹកហ៊ុនដែលមានគុណភាពខ្ពស់ ដែលមានការគាំទ្រដោយតារាងតុល្យការរឹងមាំ។

ពួកគេក៏គួរតែចៀសវាងការប្តូរយកទ្រព្យសកម្មអាម៉េរិកដើម្បីទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិផងដែរ ដែលពុំសូវមានភាពធន់ទ្រាំទៅនឹងភាពទន់ខ្សោយនៃសេដ្ឋកិច្ចពិភពលោក ត្បិតមានតម្លៃទាក់ទាញជាងមុនក៏ដោយ។

ដើម្បីជាការដាស់តឿនជាពិសេសចំពោះវិនិយោគិនភាគច្រើន ពួកគេគួរតែពិចារណាថាវិបត្តិចុងក្រោយនេះចំពោះសេដ្ឋកិច្ចនានាអាចមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ក្នុងការធ្វើឱ្យដួលទីផ្សារហ៊ុនមួយរយៈធំ។

ដោយហេតុថាផលប៉ះពាលជាអវិជ្ជមានដល់សេដ្ឋកិច្ចពីវីរុសកូរ៉ូណានៅមិនទាន់ស្រូបយកគ្រប់គ្រាន់ដោយទីផ្សារនៅឡើយ នេះក៏ជាការអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ផងដែរចំពោះភាពងាយរងគ្រោះដែលអាចកើតមានឡើងនៅក្នុងទីផ្សារផលប័ត្រ ក្នុងទម្រង់ជាហានិភ័យដើមទន់និងហានិភ័យសាច់ប្រាក់ងាយ៕ ដោយ៖ កញ្ញាដាលីស

ប្រភព ៖ Channelnewsasia

ទីតាំងផ្សាយពាណិជ្ជកម្ម