ក្រុងម៉ាកាវដែលជាកន្លែងលេងល្បែងធំជាងគេបំផុតនៅលើពិភពលោកបាននិយាយនៅថ្ងៃអង្គារទី៤ ខែកុម្ភៈថាខ្លួនបានស្នើឱ្យប្រតិបត្តិករកាស៊ីណូទាំងអស់ផ្អាកប្រតិបត្តិការរយៈពេល២ សប្តាហ៍ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃកូរ៉ូណាវីរុស។
ចំណាត់ការនេះបានកើតឡើង ស្របពេលដែល ក្រុងម៉ាកាវបានបញ្ជាក់អំពីករណីទី១០នៃការឆ្លងវីរុសនេះ ដែលបានសម្លាប់មនុស្សជាង ៤០០នាក់នៅប្រទេសចិនឆ្លងដល់មនុស្សជាង២ម៉ឺននាក់នៅចិននិងប្រទេសជាង២០ទៀត ។
នាយកប្រតិបត្តិរបស់ក្រុងម៉ាកាវបាននិយាយថាឧស្សាហកម្មល្បែងនេះនឹងបិទដំណើរការរយៈពេល២សប្តាហ៍ ប៉ុន្តែលោកបាននិយយាថាការបិទនេះ អាចត្រូវបានបន្ត ប្រសិនបើវីរុសនេះនៅតែបន្តរាលដាលនោះ។
នៅថ្ងៃអង្គារនេះផងដែរ ក្រុមហ៊ុនរថយន្តHyundai បាននិយាយថាខ្លួនមានផែនការនឹងផ្អាកការផលិតជាបណ្តើរៗនៅរោងចក្រកូរ៉េខាងត្បូងរបស់ខ្លួនចាប់ពីថ្ងៃអង្គារទី៤ខែកុម្ភៈនេះ ។ នេះជាក្រុមហ៊ុនផលិតរថយន្តដ៏ធំដំបូងគេនៅលើពិភពលោកដែលផ្អាកការផលិតនៅខាងក្រៅប្រទេសចិន ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានបណ្តាលមកពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមនេះ។
ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅលើពិភពលោកដែលរួមទាំងក្រុមហ៊ុន Ford ក្រុមហ៊ុនបារាំង PSA Peugeot Citroen និងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda Motor របស់ជប៉ុនបានផ្អាកដំណើរការរោងចក្រមួយចំនួននៅប្រទេសចិននៅក្នុងសប្តាហ៍នេះ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
មន្ត្រីសហជីពម្នាក់បាននិយាយថា រោងចក្រកូរ៉េខាងត្បូងជាច្រើនរបស់ក្រុមហ៊ុនរថយន្តHyundai នឹងមិនដំណើរការទាំងស្រុងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឬ ថ្ងៃទី ១១ ខែកុម្ភៈ៕ប្រែសម្រួល៖សុខា/sn

ផ្លូវនៅទីក្រុងម៉ាកាវ ក្លាយជាស្ងាត់ មិនមានការធ្វើដំណើរច្រើនដោយសារការភ័យខ្លាចកូរ៉ូណាវីរុស