ដោយ: គង់ហេង/កំពង់ចាម: មន្ត្រីនគរបាលពាក់ស័ក្តិបួនម្នាក់បានស្រវឹងស្រាកម្រិត០,៨៤មីលីក្រាម ក្នុងមួយលីត្រនៃខ្យល់នៅតែបន្តបើកបររថយន្តបានបណ្តាលឱ្យទៅបុកមនុស្សស្លាប់ម្នាក់និងរបួសចំនួនពីរនាក់។ខណ:ជនរងគ្រោះទាំងនោះកំពុងជិះម៉ូតូនិងបើករថយន្តនៅក្បែរចំណុចបុកល្ហុងខាងក្រោមស្ពានគីហ្ស៊ូណាក្រុងកំពង់ចាមកាលពីរសៀលថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ២០២០។

ប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងកំពង់ចាមបាននិយាយថា បុរសជាជនរងគ្រោះ ដែលស្លាប់ឈ្មោះ យ៉ន យឿនអាយុ៧៣ឆ្នាំមានទីលំនៅភូមិរលៀកឃុំអម្ពិលស្រុកកំពង់សៀម។ពេលកើតហេតុគាត់កំពុងឈប់ម៉ូតូម៉ាកវ៉េវអិលហ្វាគ្មានស្លាកលេខ ដើររើសចុងអំពៅនៅចំណុចកើតហេតុខាងលើ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ប្រភពនោះបាននិយាយទៀតថា បណ្តាលឱ្យបួសស្រាលលើស្រី្តចំនួន ពីរ នាក់ ម្នាក់ឈ្មោះ សុគន្ធ យុទ្ធិកាអាយុ១៨ឆ្នាំនៅភូមិរលៀកដែរកំពុងបើកបរម៉ូតូម៉ាកZOOMERXពណ៌ក្រហម។ម្នាក់ទៀតឈ្មោះ ឡាច យន់ណែត អាយុ ៣៣ ឆ្នាំបើកបររថយន្តម៉ាកនីសាន់ពណ៌ប្រផេះលេខ ភ្នំពេញ 2AQ-1165និងមានទីលំនៅភូមិឈូកសណ្តល់ឃុំរកាពប្រាំស្រុកត្បូងឃ្មុំ។ខូចម៉ូតូចំនួនពីរគ្រឿងនិងរថយន្តចំនួន ពីរ គ្រឿងកម្រិតស្រាលដូចគ្នា។

ប្រភពដដែលបាននិយាយបន្តថាចំណែកខាងរថយន្តបង្កហេតុបុកមនុស្សស្លាប់និងរបួសម៉ាក់លុចស៊ីសRX300ពណ៌ខ្មៅលេខកំពង់ចាម2A7297បើកបរដោយបុរសឈ្មោះអ៊ុកសុបញ្ញាអាយុ៤០ឆ្នាំជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ដែលមានទីលំនៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាមត្រូវចាប់ខ្លួនបញ្ជូនមកអធិការនគរបាលក្រុងកំពង់ចាម។
លោកអ៊ឹងប៊ុនអធិការក្រុងកំពង់ចាមបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២០ថាជុំវិញករណីមន្ត្រីនគរបាលពាក់ស័ក្តិបួនបើកបររថយន្តបុកមនុស្សស្លាប់និងរបួសខាងលើនេះយើងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕S/


