អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖ មន្ត្រី​ច្រកទ្វារព្រំដែន​ចាំ​យាម និង​ម​មន្ទីរពេទ្យបង្អែក​នៅ​ខេត្តកោះកុង បាន​អះអាង​រួមគ្នា​ថា​ពួកគេ​នៅ​មិនទាន់​រកឃើញ​មេរោគ​សញ្ញា​ជំងឺ​កូ​រ៉ូ​ណា​លើ​អ្នក​ឆ្លងដែន​ណាមួយ​នោះទេ​។​ស្រពពេល​បន្ត​បង្កើន​ការតាមដាន​ពិនិត្យ​និង​អប់រំ​អនាម័យ​គ្រប់ពេលវេលា​ដើម្បី​ជៀស​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ខាងលើ​។​

​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​សុវណ្ណ​ប៊ុនធឿន​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​និង​លោក​វេជ្ជបណ្ឌិត​ហៃ​ឡៃ​សុន​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា​ជាង​២​សប្តាហ៍​មកនេះ​ពុំមាន​ការរកឃើញ​នូវ​ជំងឺ​កូ​រ៉ូ​ណា​ឡើយ​សម្រាប់​ពលរដ្ឋ​ដែល​អាជីវករ​មាត់ច្រក​ទ្វារ​ព្រំដែន និង​អ្នកដំណើរ​ឆ្លងដែន​ចូលកាន់​កម្ពុជា​។​

​លោក​សុវណ្ណ​ប៊ុនធឿន​លើកឡើងថា​មន្ត្រី​របស់លោក​,​មន្ត្រី​សុខាភិបាល​និង​នគរបាល​អន្តោ​យ​ប្រវេ​ន៍​យ៉ាង​ជិតស្និទ​លើ​វិធាន​ការតាមដាន​ពិនិត្យ​រក​មេរោគ​ជំងឺ​ផ្សេងៗ​ជាពិសេស​ជំងឺ​កូ​រ៉ូ​ណា​តែម្តង​ចំពោះ​អ្នកដំណើរ​ឆ្លងដែន​។​រីឯ​ប្រជាពលរដ្ឋ​ដែល​អាច​ប្រកប​អាជីវកម្ម​នៅ​មាត់​ច្រកទ្វារព្រំដែន​ក៏មាន​ការប្រុងប្រយ័ត្ន​យល់ដឹង​ពី​វិធាន​ការបង្ការ​ខ្លួន​បញ្ចៀស​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះដែរ​។​

​លោក សុវណ្ណ ប៊ុនធឿន បាន​បន្ថែមថា ការធ្វើដំណើរ​របស់​អ្នកទេសចរ និង​ការ​ចរាចរណ៍​ទំនិញ​ធំ​តូច ប្រព្រឹត្ត​ទៅដោយ​ភាពប្រក្រតី​គឺ​ពុំមាន​ការរកឃើញ​សញ្ញា​ណា​ម្នាក់​ដែល​ផ្ទុក​នូវ​ជំងឺ​កូ​រ៉ូ​ណា​ធ្វើដំណើរ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​ចាំ​យាម​ឡើយ​។​ដោយឡែក​លោក​វេជ្ជបណ្ឌិត​ហៃ​ឡៃ​សុន​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​វិញ​មានប្រសាសន៍​ដែរ​ថា​រាល់ពេល​មាន​អ្នកដំណើរ​ឆ្លងកាត់​ទៅមក​ពួកគេ​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​របស់លោក​។ ក្នុងនោះ​ជាមួយ​មន្ត្រី​សុខាភិបាល តាមដាន​ពិនិត្យ​ការបាញ់​កម្តៅ របស់​អ្នកដំណើរ​លាងដៃ​នឹង​សាប៊ូ​និង​ផ្តល់​ម៉ាស់​ដោយ​ឥតគិតថ្លៃ​ដើម្បី​ទប់ស្កាត់​ការពារ​ជំងឺ​រលាក​ផ្លូវដង្ហើម​។​ករណី​បើ​សង្ស័យ​អ្វី​នោះទេ នឹង​ឃាត់ខ្លួន​រួច​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​បន្ត​ពិនិត្យ​ទៀត​។​

​ទោះយ៉ាងណា​លោក​វេជ្ជបណ្ឌិត​ក៏បាន​កត់សម្គាល់​ដែរ​ថា​២​ទៅ​៣​ថ្ងៃ​កន្លងទៅ​សង្កេតឃើញ​មាន​ស្ត្រី​ជា​ជនជាតិ​កូរ៉េ​បារាំង​និង​អាមេរិក​ប្រមាណ​ជា​៥​នាក់​បាន​ស្ម័គ្រចិត្ត​ចូល​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​របស់លោក​ដោយ​សារ​តែ​ពួកគេ​បារម្ភ​ពី​សុខភាព​ខ្លួន​អំឡុងពេល​ឡើង​កំដៅ​ក្នុង​រាងកាយ​។​ភ្លាមៗ​នោះ​ក្រុមគ្រូពេទ្យ​របស់លោក​ក៏​តាមដាន​ពិនិត្យ​និង​ផ្តល់​ថ្នាំ​មួយចំនួន​ប៉ុន្តែ​គ្មាន​សញ្ញា​ណាមួយ​ពី​ជំងឺ​កូ​រ៉ូ​ណា​អ្វី​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង ពន្យល់​ទៀតថា ក្រុមគ្រូពេទ្យ​របស់លោក នៅតែមាន វេន​ប្រចាំ​រង់ចាំ​ជួយ​ពិនិត្យ​សង្គ្រោះ​អ្នកជំងឺ​ប្រសិន​មាន​ពលរដ្ឋ​ឬ​ជនបរទេស​ណាមួយ​មាន​បញ្ហា​សុខភាព​។​ក្រៅពី​រង់ចាំ​ទទួល​អ្នកជំងឺ ក៏មាន​ការអប់រំ​ធ្វើ​អនាម័យ​ខ្លួនប្រាណ និង​ការហូបចុក​ស្អាត រស់នៅ​ស្អាត​ជូន​ដល់​ពលរដ្ឋ​ដែល​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​នៅ​មន្ទីរពេទ្យ​។​ចំពោះ​បន្ទប់​នៅ​ដាច់ដោយឡែក​សម្រាប់​អ្នកជំងឺ​រលាក​ផ្លូវដង្ហើម​ក៏​មន្ទីរពេទ្យ​បាន​ត្រៀម​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​រួចរាល់​ហើយ​ដែរ​។​

​ដើម្បី​ត្រៀមលក្ខណ​:​ប្រយុទ្ធ​ទប់ស្កាត់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កាលពី​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​ខេត្តកោះកុង​បើក​វគ្គ​បណ្តុះបណ្តាល​រំលឹកអំពីរបៀបពាក់និងដោះសម្ភារបង្ការការឆ្លងរោគ(PPE=PersonalProtectiveEquipment)​ដល់​មន្ត្រី​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ត្រៀមលក្ខណ​:​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទុកជាមុន ។​

​ទន្ទឹម​នោះ​មន្ទីរពេទ្យ​ក៏​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​ការបង្ការ​ការឆ្លង​វីរុស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​មន្ត្រី​សុខាភិបាល​ជំនាញ​ទាំងអស់គ្នា​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​រ៉ូ​ណា ខណៈ​ពិភពលោក​នៅតែ​ព្រួយបារម្ភ​សុវត្ថិភាព​សុខភាព​រស់នៅ​៕S/​