​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​ដល់​យ៉ាងតិច​៤៩០​នាក់ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ​ បាន​រាយការណ៍​ការស្លាប់​ថ្មី​ចំនួន​៦៥​ករណី​ទៀត​។​

​តួលេខ​បញ្ចេញ​ដោយ​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​បង្ហាញ​ចំនួន​កើនឡើង​នៃ​អ្នក​ឆ្លង គឺ​៣.១៥៦​ករណី​ថ្មី ដោយ​ធ្វើឲ្យ​ក្នុង​ខេត្ត​ទាំងមូល​មាន​អ្នក​​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ឡើងដ​ល់​១៦.៦៧៨​នាក់ និង​អ្នកស្លាប់​សរុប​៤៧៩​នាក់​។​

​នៅ​ទូទាំង​ប្រទេស​ចិន​ឥឡូវ​មាន​អ្នក​ឆ្លង​ជាង​២៣.៥០០​នាក់​។​

​រំលេច​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាលដាល​នៅក្នុង​តំបន់​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ចិន​ក្រៅពី​ទីក្រុង​វូ​ហាន អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រឹតត្បិត​ការធ្វើដំណើរ​​នៅ​ទីក្រុង​ចំនួន​៣​ទៀត​ក្នុង​ខេត្ត​ហ្សេ​ជាំង​។​ប្រជាជន​ក្នុង​ទីក្រុង​ទាំង​នេះ​អាច​ចេញ​ក្រៅ​ទៅ​ទិញ​អីវ៉ាន់​ក្នុង​មួយ​គ្រួសារ​បាន​តែ​ម្នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ម្តង​។​

​ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា​ ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញការ​សុខភាព​អន្តរជាតិ​មួយ​ទៅ​ធ្វើការ​ជាមួយ​សម​ភាគី​ចិន​ដើម្បី​​ជួយ​ប្រយុទ្ធ​នឹង​វីរុស​ថ្មី​ដែល​ចម្លង​សាហាវ​គួរ​សមនេះ​។​អង្គការ​ក៏​បញ្ជូន​ម៉ា​ស់មុខ ស្រោមដៃ​ ឧបករណ៍​ដកដង្ហើម​និង​សម្លៀក​បំពាក់​ពេទ្យ​ទៅកាន់​ប្រទេស​ដែល​​ត្រូវការ​។​

​កាលពី​ថ្ងៃ​អង្គារ អង់គ្លេស​បាន​អំពាវនាវ​ឲ្យពលរដ្ឋ​ខ្លួន​ចេញពី​ចិន​នៅ​ពេល​បែ​ល​ហ្សិ​ក​​បាន​ក្លាយជា​ប្រទេស​ថ្មី​មួយទៀត​ដែល​បាន​រកឃើញ​កូរ៉ូណា​វីរុស​ជា​លើក​​ដំបូង​។​

​បារាំង​ក៏​បាន​ចេញ​ការណែនាំ ដោយ​ព្រមាន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ចិន​បើ​មិនចាំបាច់ និង​បាន​ស្នើ​ឲ្យពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha