ប្រទេសថៃបានបញ្ជាក់៦ករណីថ្មីនៃការឆ្លងវីរុសផ្លូវដង្ហើម(កូរ៉ូណាវីរុស)កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈ ដែលនាំឱ្យចំនួនករណីឆ្លងសរុបគឺមានដល់ ២៥ នាក់។
អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លោក ស៊ូវ៉ាន់ណាឆៃ វ៉ាតតាណាយីងចារឺនឆៃ បាននិយាយនៅសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារនៅទីក្រុងបាងកកថា ករណី៤នៃករណីថ្មីទាំងនេះគឺជនជាតិថៃនិង ២ករណីទៀតគឺជនជាតិចិន។
លោកបាននិយាយថាក្នុងចំណោមជនជាតិថៃទាំង៤នាក់នោះ មាន២នាក់ជាអ្នកបើករថយន្តដែលបានដឹកពួកអ្នកដំណើរជនជាតិចិន ហើយ២នាក់ទៀតជាប្តីប្រពន្ធដែលបានត្រឡប់មកកាលពីថ្ងៃថ្មីៗនេះពីដំណើរកម្សាន្តនៅប្រទេសជប៉ុនតែវាមិនច្បាស់ទេថាតើប្តីប្រពន្ធទាំង២នាក់នេះបានឆ្លងវីរុសនេះនៅប្រទេសជប៉ុនឬបន្ទាប់ពីវិលត្រឡប់មកថៃវិញ។
មនុស្ស១៧នាក់នៃករណីសរុប២៥នាក់នេះ គឺនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ចំនួនករណីឆ្លងវីរុសដែលបានបញ្ជាក់នៅប្រទេសថៃបច្ចុប្បន្នគឺខ្ពស់បំផុតនៅក្រៅប្រទេសចិន។
សូមបញ្ជាក់ថា ក្រុងបាងកកនិងហុងកុងជាកន្លែងនៅក្រៅចិនដីគោកដែលប្រឈមការចម្លងកូរ៉ូណាវីរុសខ្លាំងជាងគេ នេះបើផ្អែកលើចំនួនអ្នកទេសចរចិនចេញទៅទស្សនាទីក្រុងនានាក្នុងលោក។ការសិក្សាដោយសកលវិទ្យាល័យSouthamptonបានសន្និដ្ឋានថា ថៃនិងជប៉ុនជាប្រទេសប្រឈមការឆ្លងខ្លាំងជាងគេ បន្ទាប់មកមានអាម៉េរិក អូស្ត្រាលីនិងអង់គ្លេស។
ក្រុងបាងកកទទួលអ្នកទេសចរចិនច្រើនបំផុត និងក៏ជាកន្លែងចម្លងខ្លាំងបំផុតផងដែរ
កាលពីថ្ងៃអង្គារ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ស្ត្រីកូរ៉េខាងត្បូងម្នាក់ត្រូវបានធ្វើតេស្តឃើញកូរ៉ូណាវីរុសថ្មី បន្ទាប់ពីស្ត្រីរូបនេះបានទៅលេងប្រទេសថៃ។
ការបង្ហាញករណីឆ្លងថ្មីនេះកើតឡើងចំពេលយន្តហោះមួយដែលដឹកជនជាតិថៃចេញពីទីក្រុងវូហានប្រទេសចិនបានចុះចតនៅអាកាសយានដ្ឋានដនមឿងនៃខេត្តរ៉ាយ៉ង។យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ថៃAirAsiaបានដឹកជនជាតិថៃ១៣៨នាក់។ពួកគេនឹងដាក់នៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃនៅមូលដ្ឋានយោធាមួយក្នុងខេត្តចុនប៊ូរី៕ប្រែសម្រួល៖សុខា/វាសនា/Ha
យន្តហោះដឹកជនជាតិថៃចេញពីក្រុងវូហានបានចុះចតនៅអាកាសយានដ្ឋានដនមឿងកាលពីយប់ថ្ងៃអង្គារ