ស្ត្រីមានផ្ទៃពោះម្នាក់ ដែលឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវកូរ៉ូណា (Coronavirus) សម្រាល បានកូនស្រីមានសុខភាពល្អស្ទើរមិនគួរឱ្យជឿនៅមន្ទីរពេទ្យមួយក្នុងក្រុងហាពិន (Harbin) ខេត្តហីឡុងជាំង (Heilongjiang) ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា នេះបើយោង តាមគណៈកម្មការសុខាភិបាលក្រុងហាពិន (Harbin Municipal Health Commission) កាលពីថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ។
យោងតាមមន្ទីរពេទ្យដែលជួយសម្រាលទារិកានេះឱ្យដឹងថា ទារិកានេះមានសុខភាពល្អធម្មតា និងថ្លោសគួរសមដោយមានទម្ងន់ ៣,០៥ គីឡូ។
បន្ទាប់ពីពេទ្យដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងពិនិត្យតាមដានយ៉ាងយកចិត្ត ទុកដាក់ រយៈពេលប៉ុន្មានថ្ងៃ ពេលនេះទាំងម្ដាយ និងកូនមានស្ថានភាពសុខភាពនឹងន។
គួររំឭកថា នៅពេលស្ត្រីមានផ្ទៃពោះ៣៨ សប្តាហ៍នេះត្រូវបានរាយការណ៍ទៅគណៈ កម្មការ សុខាភិបាលកាលពីព្រហស្បតិ៍ សប្តាហ៍មុន ក្រុមអ្នកជំនាញផ្នែកសម្ភព រោគផ្លូវដង្ហើម និង ប្រព័ន្ធប្រសាទសាស្ត្របានផ្តល់ការពិគ្រោះយោបល់ដល់នាង។
ដើម្បីបងា្ករកុំឱ្យស្ត្រីជាម្ដាយមានស្ថានភាពសុខភាពកាន់តែដុនដាបក្រុមអ្នកជំនាញបានសម្រេច ចិត្តវះកាត់បន្ទាន់។ ប៉ុន្តែបុគ្គលិកពេទ្យទាំងអស់ដែលចូលរួមក្នុងដំណើរការវះកាត់នេះកំពុងស្ថិត ក្រោមស្ថានភាពដាក់ឱ្យនៅដាច់ដោយឡែកពីគេដើម្បីតាមដាន ព្រោះខ្លាចឆ្លងវីរុស។
ហើយជាសំណាងល្អ ទារិកាខាងលើមិនឆ្លងវីរុសកូរ៉ូណា នោះទេ ក្រោយពីឆ្លងកាត់ការធ្វើតេស្ត ២ ដងជាប់គ្នា៕ ប្រែសម្រួលៈ ខុម