ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់សារជាថ្មីជូនជនរួមជាតិនិងនិស្សិតខ្មែរដែលកំពុងស្ថិតនៅទីក្រុងវូហាន ជុំវិញការផ្អាកដំណើរអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីក្រុងវូហានខេត្តហ៊ូប៉ីប្រទេសចិនដោយមូលហេតុខាងក្រសួងការបរទេសចិនឆ្លើយតបថាមិនអាច រៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចទៅកាន់ទីក្រុងវូហានបានទេព្រោះទីក្រុងនេះបានប្រកាសភាព អាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅ ឡើយហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បញ្ហានេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃ ទី ៥ ខែកុម្ភៈនេះដោយសម្តេចបានសរសេរថា៖«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិនដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ២៣នាក់់ដែលកំពុងសិក្សានៅទីនោះ ។ប៉ុន្តែមកទល់ម៉ោង ១១:០០ យប់ម៉ិញទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់ នៅបានដែរ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា៖«ដោយសារមិត្តចិនយល់អំពីការព្រួយបា រម្ភរបស់ខ្ញុំចំពោះពលរដ្ឋនិងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិននៅព្រឹកម៉ិញនេះខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិននិងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហានក៏ដូចជានៅទូទាំងប្រទេសចិន។ដូច្នេះនៅរសៀលនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំងមុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា វិញ ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិនិងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំនិងចង់អោយខ្ញុំមានសុខភាពល្អ»។
សូមជូនពរបងប្អូនជនរួមជាតិនិងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អនិងចៀស ផុតពីជំងឺទាំងឡាយ៕