ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២ នឹង​ចាប់ផ្ដើម​ហើយ នៅ​យប់​ថ្ងៃទី​៨ កុម្ភៈ​នេះ ដោយ​ការប្រកួត មានតែ ៣ ទឹក ដូច​វគ្គ​ជម្រុះ​ជុំ​ទី​១ ដែរ ។​

​អ្នកចាញ់ នឹង​ខ្ទាត​ចេញពី​ការប្រកួត ចំពោះ​អ្នកឈ្នះ នឹង​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ទៀត​។ វគ្គ​ជម្រុះ​ជុំ​ទី​២ នៅសល់​អ្នក​ប្រដាល់ តែ​ចំនួន ១៦ រូប​ប៉ុណ្ណោះ ដែល​វគ្គ​នេះ នឹង​ជម្រុះ ៨ រូប​ចេញ ទុក ៨ រូប ឡើងទៅ​ប្រកួត​បន្ត វគ្គ​ជម្រុះ​ជុំ​ទី​៣ ។​

​ថ្ងៃ​ដំបូង នៃ​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ នេះ អ្នក​ប្រដាល់ អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ត្រូវ​តស៊ូ​ទល់​ជាមួយ អ្នក​ប្រដាល់ ឈ្មោះ ខាំ សាបាន មកពី​ក្លិប​រ៉ា​ហា់​ស្វាយប៉ាក ។​

អៀ​ប លី​ឆា និង ខាំ សាបាន​

​កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ អៀ​ប លី​ឆា ឈ្នះ​អ្នក​ប្រដាល់ ចិត្រ សុ​ភី ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ ក្នុងខណៈដែល ខាំ សាបាន ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ពុទ្ធ អ៊ុំ​អ៊័​ន ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ​ដែរនោះ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ប្រកាសថា ត្រូវតែ​ប្រជែង ឲ្យ​បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដូចគ្នា​។​

​សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១ បាន​ដូចគ្នា ទើប​ពួកគេ​ហ៊ាន​លេងសំដី ដាក់គ្នា ពី​រឿង​ប្រជែង​យក​កៅអី សម្រាប់​ជុំ​ទី​៣ បែបនេះ ។ ការពិត នឹង​បង្ហាញ បន្ទាប់ពី​ការប្រកួត​ចប់ តែ​បេះដូង​អ្នក​ប្រដាល់ តែងតែ​ស្រមៃ​ពី​ជ័យជំនះ បែបនេះហើយ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ រិ​ន សារ​ដ្ឋ ក្លិប​បញ្ជាការដ្ឋាន​កង​ទ័ពជើងទឹក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អ៊ុង កំសត់ ដែល​មកពី​ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ។​

​សារ​ដ្ឋ កាលពី​ជំនួប​ជុំ​ទី​១ គេ​ជួប​ជាមួយ​អ្នក​ប្រដាល់ សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា ។ កាលនោះ ពិសិដ្ឋ​មាន​ទម្ងន់​លើស តែ​ការប្រកួត នៅតែមាន គ្រាន់តែ​ជ័យជំនះ បានមក​សារ​ដ្ឋ ដោយ​ស្វ័យប្រវត្តិ​ទៅហើយ ។ ទោះជា​យ៉ាងណា ក៏​ការប្រកួត​កាលនោះ សារ​ដ្ឋ បាន​ផ្ដួល​ពិសិដ្ឋ នៅ​ទឹក​ទី​២ ។​

​ចំពោះ អ៊ុង កំសត់ វិញ កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ នូវ ដា​រ៉ូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ ។ ការប្រកួត​មួយ​នេះ ពិតជា​មិន​ងាយស្រួល​នោះទេ ។ តាមពិត កេរ្តិ៍ឈ្មោះ​របស់​កំសត់ មិន​ដល់​សា​រដ្ឋ​ឡើយ តែ​ជង្គង់​របស់ អ្នក​ប្រដាល់ មកពី​ខេត្តបាត់ដំបង​រូបនេះ វ៉ៃ​ចេញ​ច្បាស់​ល្អ​ណាស់ ។​

​សារ​ដ្ឋ គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស និង​ធ្លាប់​ចូលរួម​ប្រកួត ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន ព្រឹត្តិការណ៍ គ្រាន់តែ​គេ​ពុំ​ធ្លាប់​ដណ្ដើមបាន ខ្សែក្រវាត់​ប៉ុណ្ណោះ ។ មិនដឹងថា កៅអី​ជុំ​ទី​៣ នឹង​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ នរណា​នៅឡើយ​ទេ តែ​ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង​២​រូបនេះ អ្នកចាញ់ និង អ្នកឈ្នះ នឹង​ឈឺ​សាច់​ដូចគ្នា ។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព រវាង​កម្ពុជា និង ថៃ វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ រ៉ា កៃ​ថេប (Ra Kaithep) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ នេះ​ជា​អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី ដែល​ទើបតែ​ឆ្លងដែន មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ គេ​មិនមែនជា​ជើង​អន់​ទេ ទើប​ហ៊ាន​តស៊ូ ជាមួយ​អ្នក​ប្រដាល់ ផល សោ​ភ័​ណ្ឌ បែបនេះ ។ នរណា ជា​អ្នកឈ្នះ ? ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ជី ឆៃលី ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ល័​ក្ខ លាត ក្លិប​គុហារ​ព្រហ្ម​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v