ដោយគូលែន:សៀមរាប: កាលពីថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅវត្តសិលាចារបន្ទាយស្រី មានរៀបចំកម្មវិធីបំបួសកុលបុត្រ និងការអប់រំចិត្ត ដោយមានការចូលរួម ជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះគ្រូសិរីឫទ្ធី នៅ មុនី អនុគណស្រុកបន្ទាយស្រី ។
ព្រះគ្រូសិរីឫទ្ធី នៅ មុនី អនុគណស្រុកបន្ទាយស្រី មានសង្ឃដីកាថា កម្មវិធីបំបួសកុលបុត្រ និងការអប់រំចិត្ត បានចាប់ផ្តើមតាំងពីថ្ងៃ៩ កើតខែមាឃ ឆ្លងបញ្ចប់កម្មវិធីបុណ្យ នៅថ្ងៃ១ រោច ខែមាឃ ដោយប្រព្រឹត្តឡើងនៅ វត្តសិលាចារបន្ទាយស្រី ស្ថិតនៅឃុំ ខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ព្រះអង្គបានមានសង្ឃដីកាបន្តថា តាមសេចក្តីរាយការណ៍សង្ខេបរបស់សាលាអនុគណថា កម្មវិធីអប់រំនៅវត្តសិលាចារបន្ទាយស្រី មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃ ៩ កើត ខែមាឃ ដល់ថ្ងៃ ១ រោច ខែមាឃ ជាថ្ងៃឆ្លងបញ្ចប់បុណ្យបំបួសកុលបុត្រនិងការអប់រំចិត្តតាមបែបព្រះពុទ្ធសាសនា។ ក្នុងនោះ មានភិក្ខុ ចំនួន១៩ រូប ,សាមណេរចំនួន ៤៦ រូប និង មានឧបាសក ឧបាសិកា ចំនួន១៩ដែលបាន មកចុះឈ្មោះចូលមកអប់រំ ។
ព្រះអនុគណស្រុក បានបន្តថា បើតសមអត្ថបទស្តីពី”របងដ៏រឹងមាំក្នុងព្រះពុទ្ធសាសនា តាមទស្សនសិក្សា” ដើម្បីអានកម្សាន្តក្នុងជ្រុងមួយនៃព្រះពុទ្ធសាសនាក្នុង សង្គមដែលគេ គប្បីគិតពិចារណា រាវរកគន្លឹះល្អ យកមកប្រតិបត្តិតាមសទ្ធាជ្រះថ្លា គឺទី១~អត្ថន័យនៃរបងដែលគេធ្វើឡើងដើម្បីវត្ថុបំណងក្នុងការជួយការពាររបស់អ្វីៗនៅជុំវិញជីវិតរស់នៅសព្វថ្ងៃនេះឱ្យគង់វង្សនៅស្ថិតស្ថេរ។ការធ្វើរបងជុំវិញដំណាំដូង ឬ ស្រូវស្រែចម្ការនិង សួនច្បារផ្សេងៗទៀតនោះ គឺគេធ្វើវាឡើង ដើម្បីបង្ការ និងថែរក្សា របស់របរឬ ដំណាំទាំងអស់នោះ ឱ្យបានល្អ ដើម្បីទុកប្រើប្រាស់តាមសេចក្តីត្រូវការក្នុងជីវភាពរស់នៅ ឱ្យបានគ្រប់គ្រាន់។ ការធ្វើរបងនេះ ភាគច្រើនគេកាប់កូនឈើយកមកធ្វើក៏មាន វាអាស្រ័យទៅលើនៅទីជិតៗនោះសម្បូរកូនឈើរច្រើន ប៉ុន្តែ គេសង្កេតឃើញតាមដីឡូតិ៍ដែលគេពុះប្លង់លក់នោះ ភាគច្រើន គេធ្វើរបងអំពីស៊ីមងត៍ ដើម្បីចៀសវាង ការឆាប់បាក់ពុកផុយ នំាតែលំបាកធ្វើច្រើនដង គឺគេធ្វើពីវត្ថុរឹងមាំបែបនេះក៏មានច្រើនដែរ។ ដើតាមផ្លូវ គ្រាន់តែសង្កេតមើលការធ្វើរបង ក៏គង់តែយល់ដឹងខ្លះថាម្ចាស់ចម្ការនោះចង់បានអ្វីហើយ ។ ចំណែក ឯរបងវត្តនីមួយៗក្នុងក្រុង ក៏ដូច្នោះដែរ ហ៊ានសាកលមើលតែលោកគ្រូចៅអធិការវត្តណាមួយ មិនបានធ្វើរបងឱ្យត្រឹមត្រូវតាមប្លង់ជាក់ស្តែងនោះទេ ដីវត្តនោះអាចនឹងមាន ពួកអ្នកស្រុកមករស់នៅរញ៉េរញៃក្នុងវត្ត នាំឱ្យកើយរឿងរ៉ាវ ទោះតិចឬ ច្រើនមិនខានឡើយ។ ដូច្នេះ របងទាំងអស់ គេធ្វើឡើង ដើម្បីការពារទ្រព្យសម្បត្តិរបស់ ឬ កេរ្តិ៍មត៌កដូនតា ឱ្យនៅគង់វង្ស កុំឱ្យអ្នកណាមកលួចបន្លំយកបាន។
ទី២~របងនគរវត្តដែលមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំមកហើយ ក៏មានតួនាទីដ៏សំខាន់ទៅលើការចូលរួមធ្វើជារនាំងការពារតួប្រាង្គប្រាសាទដ៏ល្អវិចិត្រផងដែរ។ជាការពិតណាស់ របង វាជាវត្ថុ ដែលមិនមានវិញ្ញាណដឹងឮអ្វីដែលនៅជិតឆ្ងាយទាំងអស់ ។ ប៉ុន្តែ មនុស្សលោក ដែលមានប្រាជ្ញាឈ្លាសវៃ អាចធ្វើជាវត្ថុជំនួយ សម្រាប់ជួយការពាររារាំង សម្ភារបរិក្ខារដែលគេគិតថាមានតម្លៃ ឱ្យនៅតែមាអត្ថិភាព មកដល់មនុស្សជំនាន់ក្រោយៗ បានទទួលយកនូវមត៌កទាំងអស់នោះបាន។ ជាទូទៅ មនុស្សភាគច្រើន មើលឃើញតែរបងខាងក្រៅ កម្រមើលឃើញរបងខាងក្នុង។ តើអ្វីជារបងខាងក្នុង? ជាក់ស្តែងណាស់ របងខាងក្រៅ ដូចជាឈើ ស៉ីម៉ងត៍ ឬក៏ ដែក វាកកើតឡើង ក្រោយ ការកកើតឡើងនៃគំនិតមនុស្សទេ ដូច្នេះ របងខាងដែលរឹងមាំ ទើបបានរបងខាងក្រៅ លេចចេញរូបរាងមកក៏រឹងមាំទៅតាមកម្លាំងនៃគំនិតប្រាជ្ញាដ៏មុតមាំផងដែរ។
ទី៣~របងនៃការអប់រំជាផ្នែកមួយដែលមានសារៈសំខាន់បំផុតក្នុងតួនាទីជាពុទ្ធសាសនិកទាំងបព្វជិត ទាំងគ្រហស្ថក្នុងពុទ្ធសាសនមណ្ឌល។
ព្រះតេជព្រះគុណ អស់លោក អ្នកសប្បុរសទាំងឡាយ គ្រប់រូប អាចជួបប្រទះផ្ទាល់នឹងភ្នែកហើយថា ក្នុងចិត្តប្រជាពុទ្ធបរិស៍ទចង់ឱ្យកូនប្រុសស្រី បានសិក្សារៀសូត្រ មានចំណេះជំនាញទាំងផ្លូវលោកនិងផ្លូវធម៌ណាស់ ប៉ុន្តែ មានព្រះសង្ឃតិចតួចដែល មកសិក្សាក្នុងពុទ្ធិកបឋមសិក្សា និង ពុទ្ធិកមធ្យមសិក្សា ។ ដូចនេះ មានតែខំប្រឹងប្រែង បង្កើតកម្មវិធីបំបួស អប់រំ បែបនេះបណ្តើរៗជារៀងរាល់ឆ្នាំ តាមលទ្ធភាពព្រះមន្ត្រីសង្ឃថ្នាក់មូលដ្ឋាន ដូចរូបភាពដែល ព្រះគ្រូអនុគណ ស្រុកបន្ទាយស្រីធ្វើនេះហើយ ដែលខ្ញុំប្រៀបធៀប ដូចជាធ្វើរបងផ្លូវអប់រំចិត្តគំនិតកុលបុត្តនិង សីលវន្ត សីលវតី មានសទ្ធាជ្រះថ្លា ឱ្យបានចេះដឹងសីលធម៌ព្រះពុទ្ធសាសនាដ៏មានសារសំខាន់សម្រាប់ ជួយផ្សព្វផ្សាយនិងការពារតម្លៃព្រះពុទ្ធបរមគ្រូ៕Ha