ប្រទេសស្វីសបានជាប់ឈ្មោះជាប្រទេសថ្លៃជាងគេបំផុតនៅលើពិភពលោក ដោយប្រទេសន័រវេសជាប់លេខ ២ និងអ៊ីស្លង់ជាប់ចំណាត់ថ្នាក់លេខ ៣។
ប្រទេសនៅជួរភ្នំអាល់នេះជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងការសិក្សាមួយលើប្រទេសចំនួន ១៣២ ដែលវាស់វែងលើតម្លៃទំនិញជាច្រើនរួមមានទាំងគ្រឿងទេស សម្លៀកបំពាក់ និង ថ្លៃតាក់ស៊ី។
ប្រទេសដាណឺម៉ាកនិងលុចសំបួរក៏មានវត្តមាននៅលំដាប់កំពូលទាំង ១០ នៅអឺរ៉ុបផងដែរ រួមជាមួយប្រទេសជប៉ុន បាហាម៉ាស អ៊ីស្រាអែល សិង្ហបុរី និង កូរ៉េខាងត្បូង។
សហរដ្ឋអាម៉េរិកស្ថិតក្នុងលំដាប់ទី ២០ ក្នុងបញ្ជីដែលរៀបរៀងដោយទស្សនាវដ្តីអាជីវកម្ម CEOWORLD ខណៈចក្រភពអង់គ្លេសធ្លាក់ចុះ ៧ លេខ មកជាប់ត្រឹមលេខ ២៧ ។
ក្រុមអ្នកជំនាញបានវាស់វែងប្រទេសនីមួយៗដោយតម្លៃនៃការរស់នៅ រួមមានការស្នាក់នៅ សម្លៀកបំពាក់ ថ្លៃឈ្នួលតាក់ស៊ី ថ្លៃទឹកភ្លើង អ៊ីនធឺណេត តម្លៃគ្រឿងទេស ការដឹកជញ្ជូន និង ការបរិភោគក្រៅ។
ពួកគេប្រើប្រាស់ថ្លៃរស់នៅក្នុងទីក្រុងញូវយ៉កធ្វើជាចំណុចគោលដើម្បីវាស់វែង។
មានតែប្រទេស ៣ ប៉ុណ្ណោះគឺស្វីស ន័រវែស និងអ៊ីស្លង់ ត្រូវបានចាត់ថ្នាក់ថាថ្លៃជាងញូវយ៉កទៅទៀត។
ប្រទេសស្វីសបានក្លាយជាប្រទេសថ្លៃជាងគេបំផុតនៅលើពិភពលោកជាមួយនឹងពិន្ទុ ១២២,៤ នាំមុខប្រទេសន័រវេស ដែលមាន ១០១,៤១ ពិន្ទុ។
ខាងក្រោមនេះជាពិន្ទុរបស់ប្រទេសថ្លៃជាងគេទាំង១០លើពិភពលោក ៖
១. ស្វីស ១២២,៤ ពិន្ទុ
២. ន័រវែស ១០១,៤៣ ពិន្ទុ
៣. អ៊ីស្លង់ ១០០,៤៨ ពិន្ទុ
៤. ជប៉ុន ៨៣,៣៥ ពិន្ទុ
៥. ដាណឺម៉ាក ៨៣ ពិន្ទុ
៦. បាហាម៉ាស ៨២,៥១ ពិន្ទុ
៧. លុចសំបួរ ៨១,៨៩ ពិន្ទុ
៨. អ៊ីស្រាអែល ៨១,១៥ ពិន្ទុ
៩. សិង្ហបុរី ៨១,១ ពីន្ទុ
១០. កូរ៉េខាងត្បូង ៧៨,៨ ពិន្ទុ៕ ដោយ៖ កញ្ញាដាលីស