
ដោយ: មុនីរ័ត្ន:ភ្នំពេញៈ ខុសប្លែកពីពេលមុនៗ លោកកឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ បានពាក់ម៉ាសដើរចូលក្នុងតុលាការនៅព្រឹលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ គេនៅមិនទាន់ដឹងថា ការពាក់ម៉ាសនេះដោយសារលោកកឹម សុខា ផ្តេសសាយធំ ឬក៏ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណា?។
សវនាការកាត់ទោសលោកកឹម សុខា ចូលដល់សប្តាហ៍ទី៤ហើយ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា: លោកកូយ សៅ ជាប្រធានក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធាន ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោកជ័យ វាសនាជាក្រឡាបញ្ជីសវនាការ។
សំណុំរឿងក្តីលោកកឹម សុខា ត្រូវបានតុលាការយកមកដំណើរការបើកសវនាការកាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០។ បន្តទៅ ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២០។ បន្តមកដល់ថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២០។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះលេខ ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស តាមាមត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានកំណត់កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរលើសំណុំរឿងលោកកឹម សុខា ដែលដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។
ការសម្រេចបិទការស៊ើបសួរលសំណុំរឿងលោកកឹម សុខា គឺបន្ទាប់ពីដំណើរការនីតិវិធីអស់រយៈពេលជាងពីរឆ្នាំ។ នៅក្នុងសំណុំរឿងនេះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូឃ្លីបមួយដែលលោក កឹម សុខា បាននិយាយសារភាពកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់សហរដ្ឋអាម៉េរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសែប៊ី៕/Ha