ដោយៈមុនីរ័ត្ន,តារារិទ្ធ/ភ្នំពេញៈ តបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមានៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយលោក លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម និងជួបសំដែងការគួរសមជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕សរន
