មួយ​យប់​អគ្គិភ័យ​កើត​ពីរ​ករណី​នៅ​ភ្នំពេញ​បណ្តាលឱ្យ​មនុស្ស​បីនាក់​របួស​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​មួយ​យប់​អគ្គិភ័យ​កើតឡើង​ចំនួន​ពី​ករណី​ផ្សេងគ្នា​នៅក្នុង​រាជធានី​ភ្នំពេញ​បណ្តាលឱ្យ​មនុស្ស​បីនាក់​របួសធ្ងន់​ស្រាល​ខណៈ​ដែលមាន​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ​លក់​ហ្គាស​មួយកន្លែង​នៅ​ខណ្ឌ​ច្បារអំពៅ​និង​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ខណ្ឌមានជ័យ​។​អ​គ្កិ​ភ័យ​ទាំង​ពីរលើក​នោះ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ឯកជន​សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍​ប្រើប្រាស់​ទឹកជា​ច្រើន​រថយន្ត​បាញ់​ទឹក​ពន្លត់​មិន​បង្ក​រាលដាល​ឆាបឆេះ​ផ្ទះ​ផ្សេងទៀត​។​
តាម​របាយការណ៍​រប​ស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៤​ខែកុម្ភៈ ស្ថានីយ​លក់​ហ្គាស​យីហោ​តេ​លា​សម្បត្តិ នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​១ ក្រុម​០៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន ខណ្ឌ​ច្បារអំពៅ បាន​រង​ការឆាបឆេះ​ឧស្ម័ន​ហ្គាស​រាលដាល​ឆេះ​រងរបួស​កម្ម​ករបី​នាក់​នៅក្បែរ​ទីតាំង​កើតហេតុ​។​ជនរងគ្រោះ​ភ្លាមៗ​នោះ​ត្រូវបាន​គេ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ មូលហេតុ​នៃ​ការឆេះ​ស្ថានីយ​នេះ​បណ្តាលមកពី​ការធ្វេសប្រហែស​និង​បញ្ហា​បច្ចេកទេស​។​ម្ចាស់​ស្ថានីយ​លក់​ហ្គាស​មានឈ្មោះ ព្រំ សុផាន់​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​។​

មួយ​យប់​អគ្គិភ័យ​កើត​ពីរ​ករណី​នៅ​ភ្នំពេញ​បណ្តាលឱ្យ​មនុស្ស​បីនាក់​របួស​


ដោយឡែក​ករណី​អគ្គិភ័យ​មួយកន្លែង​ទៀត​កើតឡើង​ឆេះ​ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ឈើ​ក្រោម​ខាងលើ​ថ្ម​ទំហំ​៦​ម៉ែត្រ​គុណ​៣០,៣០​ម៉ែត្រ​អស់ទាំង​ស្រុង​ស្ថិតនៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​២៤BT ផ្ទះ​លេខ​៤២៣ ក្រុមទី​២ ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ​។​អ​គ្កិ​ភ័យ​មិន​បង្ក​ឱ្យ​ប៉ះពាល់​រងរបួស​និង​គ្រោះថ្នាក់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះឡើយ ទ្រព្យសម្បត្តិ​និង​សម្ភារៈ​ជាច្រើន​បាន​រង​ការខូចខាត​បាត់បង់​។​មូលហេតុ​នៃ​ការឆេះ​នោះ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​។​ម្ចាស់ផ្ទះ​មានឈ្មោះ សៀង សុខ​លៀង ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ដែល​បាន​ជួល​ផ្ទះ​ទៅឱ្យ​ឈ្មោះ ជា សុភា​វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បើកហាង​លក់​ម្ហូបអាហារ​។​
ជុំវិញ​បញ្ហា​អគ្គិភ័យ​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ឱ្យដឹងថា​រយៈពេល​មួយខែ​មករា កន្លងទៅនេះ​អគ្គិភ័យ​កើតឡើង​ចំនួន​១០​លើក​បណ្តាលឱ្យ​ឆេះ​ផ្ទះ​១៩​ខ្នង​, ស្មើ​និង​២០​បន្ទប់ និង​ឆេះ​ឃ្លាំង​១​ខ្នង អគ្គិភ័យ​ទាំង​១០​លើក​នោះ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​នោះទេ​។​ប៉ុន្តែ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​៕​សរន​

មួយ​យប់​អគ្គិភ័យ​កើត​ពីរ​ករណី​នៅ​ភ្នំពេញ​បណ្តាលឱ្យ​មនុស្ស​បីនាក់​របួស​