គណៈបញ្ជាការកងឯកភាពរដ្ឋបាល​ខេត្តបន្ទាយមានជ័យបញ្ជាឲ្យ​បង្ក្រាបការលួចនាំចូលសត្វ និងបទ​ល្មើសនានាតាមច្រករបៀង​

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាអោយបង្ក្រាបការលួចនាំចូលសត្វរស់មានមាន់ទា ជ្រូក ក៏ដូចបទល្មើសនានាពីប្រទេសថៃមកកម្ពុជាតាមច្រករបៀង ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៤ ខែកុម្ភះថា ខេត្តនឹងធ្វើលិខិតផ្លូវការ២លើវិធានការនេះ ទី១.រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងលិខិតសជណចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានជម្រាបមកមេបញ្ជាការ ស្នងការ អភិបាលស្រុកក្រុង៥ នៃភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា ថៃអោយចាត់វិធានការទប់ស្កាត់ បង្ក្រាបជាបន្ទាន់ការនាំចូលមាន់រស់និងផលិតផលសត្វ ក៏ដូចជាបទល្មើសទាំងឡាយដោយខុសច្បាប់់ពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តបន្ទាយមាន​ជ័យ ។

លិខិតបន្តថា ការលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀត ហើយច្រករបៀងនៅតែបើកគឺជាការអនុវត្តផ្ទុយទាំងស្រុងពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការឯក​ភាពរដ្ឋបាលខេត្ត និងក៏ត្រូវបង្កើតគណៈកម្មការចម្រុះ ទប់ស្កាត់ បង្ក្រាបបទល្មើសទាក់ទិនបញ្ហានេះជាបន្ទាន់ ។

លិខិតទី២ គោរពជូនលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ដើម្បីកុំអោយនាយកដ្ឋានផលិតកម្មនិងបសុព្យបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏ដូចអគ្គនាយកដ្ឋានផ្សេងទៀតនៃក្រសួងនេះ បញ្ឈប់ការចេញអាជ្ញាប័ណ្ណ(លិខិតអនុញ្ញាតិដឹកជញ្ជូនសត្វ) អោយនាំចូលមាន់ ទា គោក្របីឬផលិតផលកសិកម្មពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងដូចបច្ចុប្បន្នទៀត ឬក៏ថា បើអោយនាំចូលតាមច្រកព្រំដែនអន្តរជាតិនិងច្រកព្រំដែនតំបន់់ សូមត្រួតពិនិត្យលើក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ ដែលជាក់ស្តែងបាននាំចូល ព្រោះថា បើអគ្គនាយកដ្ឋាននិងក្រសួងផ្តល់អាជ្ញាប័ណ្ណ ហើយអោយនាំចូលតាមច្រករបៀង ហើយប្រមូលទិញរាយមកដាក់ឡានធំ និងចេញតែពេលយប់ៗទៀត រួចមិនបានត្រួតពិនិត្យ ធ្វើសំណាក់វិភាគអីផង តើវាខុសអីនឹងនាំចូលដោយខុសច្បាប់នោះ?

ម្យ៉ាងទៀត កន្លងមក ហើយជាបន្តបន្ទាប់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានអោយក្រុមហ៊ុននាំចូលមាន់ទាតាមច្រកតំបន់ តែជាក់ស្តែង គេឃើញនាំចូលតែតាមច្រករបៀងដដែល។

លោកអ៊ុ រាត្រី បានរិះគន់ដែរថា ចំពោះ ការទប់ស្កាត់និងបង្ក្រាបបទល្មើស នាំមាន់ទារស់ចូលតាមច្រករបៀង កន្លងមក គេឃើញមន្ត្រីជំនាញនាយកដ្ឋានផលិតកម្ម និងបសុព្យា​បាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការតែជាមួយកម្លាំងអាវុធហត្ថពីក្រៅភូមិសាស្ត្រ និងធ្វើលិខិតអនុញ្ញាតិដឹកជញ្ជូនសត្វឆ្លងកាត់មូលដ្ឋាននេះ? តាមការចង្អុរបង្ហាញពីក្រុមហ៊ុនហ្វាញគ្រុបឯ.ក. ហើយមិនសហការនឹងមន្ត្រីជំនាញខ្លួននៅមន្ទិរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម័ និងមន្ត្រីអាជ្ញាធរដែនដី ក៏ដូចជាកងកម្លាំងឈរជើងនៅតាមគោលដៅឡើយ។

ប្រធានគណបញ្ជាការកងឯកភាពរដ្ឋបាលខេត្តរូបនេះ ចោទជាចម្ងល់ថា ហេតុអ្វីបានត្រុវធ្វើដូច្នេះ ? ហើយតើមន្ត្រីទាំងនោះយល់ដូចម្តេចឬហេតុអ្វីមិនអោយតម្លៃម្ចាស់មូលដ្ឋាន? ឬបើមិនទុកចិត្តមូលដ្ឋាន បើមិនទុកចិត្ត តើហេតុអ្វីក៏នៅតែចេញលិខិតអនុញ្ញាតិដឹកជញ្ជូនសត្វឆ្លងកាត់មូលដ្ឋានខេត្តនេះទៀត ?

ទោះយ៉ាងណា រដ្ឋបាលខេត្តអះអាងថា នឹងស្វាគមន័ចំពោះមន្ត្រីជំនាញ កងកម្លាំងពាក់ព័ន្ធ ហើយសហការពេញបន្ទុកដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសនានា ពិសេសបទល្មើសនាំចូលមាន់ទាជ្រូកគោក្របីដោយខុសច្បាប់តាមច្រករបៀងនៃព្រំដែន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...