បឺន ឡេណូ (Bernd Leno) អះអាងថា ក្រុម អាសេណល(Arsenal) ត្រូវការរកគ្រាប់បាល់ បន្ថែមដើម្បីបោះជំហានបន្តទៀតក្រោមការដឹកនាំរបស់លោក មីគែល អាតេតា (Mikel Arteta) ។
លោក អាតេតា បានកែលម្អប្រព័ន្ធការពាររបស់ក្លិប Arsenal ហើយពួកគេរបូតត្រឹម៨គ្រាប់ ក្នុង៩ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះ។
ប៉ុន្តែពួកគេប្រកួតស្មើច្រើនពេក ដោយសារតែពួកគេមិនអាចរកបានគ្រាប់បាល់ច្រើនគ្រប់គ្រាន់ ហើយចំនួនគ្រាប់បាល់សរុបរបស់ពួកគេមាន៣២គ្រាប់ក្នុងការបង្ហាញមុខ២៥លើកនៅក្របខ័ណ្ឌព្រីមីញ៉េលីក ហើយនេះគឺជាស្ថិតិតិចបំផុតក្នុងចំណោមក្រុមធំទាំង៦។
ក្រុមនេះរកបានត្រឹម៨គ្រាប់ក្នុង៩ប្រកួតចុងក្រោយ ហើយ ឡេណូ សារភាពថា ពួកគេត្រូវ តែមុតស្រួចជាងនេះ។
អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា “ខ្ញុំគិតថា យើងមានឱកាសរកបានគ្រាប់បាល់ប្រហែលជា២ឬបីគ្រាប់ពេលប្រកួតជាមួយក្រុម Burnley ប៉ុន្តែខ្ញុំគិតថា នៅត្រូវការកិច្ចប្រឹងប្រែងបន្ថែមទៀត”។
ក្រុម Arsenal រក្សាបានឃ្លីនស៊ីតលើកទី៣ ក្រោមការដឹកនាំរបស់លោក អាតេតា ហើយ ឡេណូ អះអាងថា ក្រុមចាប់ផ្តើមការពារបានល្អ៕ ប្រែសម្រួល: ពិសិដ្ឋ
