ដោយ: ប៊ាង ពីវ័ន្ត និង វេនី ខកហ្កៀល
នៅពេលដែលខ្ញុំរៀននៅវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខ្ញុំចូលចិត្តកីឡាដូចជា កីឡាបាល់ បោះ។ ឪពុករបស់ខ្ញុំបានគាំទ្រនៃការស្រឡាញ់កីឡារបស់ខ្ញុំ ហើយនាពេលមួយ ខ្ញុំបានជាប់ចំណាត់ថ្នាក់ជាអ្នកលេងបាល់បោះស្រីឆ្នើមលំដាប់ថ្នាក់ទី២ នៅក្នុងប្រទេស។ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាខ្ញុំក៏បានក្លាយទៅជាលេខាធិការនៅក្រុមហ៊ុន សេង ថៃ ហើយបានបន្តការរស់នៅជាមួយគ្រួសាររបស់ខ្ញុំ។ ផ្ទះរបស់យើងគឺនៅទល់មុខកាស៊ីណូ នៅទន្លេចតុមុខ។
នៅថ្ងៃទី១៧ ខែមេសា ម្តាយនិងឪពុករបស់ខ្ញុំបានរៀបចំរបស់របររបស់យើង នៅពេលដែលយោធាខ្មែរក្រហមស្រែកសំឡុតមកកាន់ពួកយើង «ហេតុអ្វីបានជាអ្នក ចំណាយពេលច្រើនជាមួយនឹងរបស់របររបស់យូរដូច្នេះ?» តើអ្នកចង់ឲ្យគ្រាប់បែកទម្លាក់ មកចំអ្នកឬក៏យ៉ាងម៉េច?» ម្តាយរបស់ខ្ញុំដែលមានជំងឺសរសៃឈាមបេះដូងស្ទើរតែគាំង បេះដូងដោយសារតែការស្រែកសំឡុតខ្លាំងៗ។
យើងបានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង។ ដោយសារតែវាគឺជារដូវប្រាំងបងប្អូន ប្រុសស្រីរបស់ខ្ញុំបានស្រែកយំរកអាហារ និងទឹកនាំឲ្យពន្យាពេលដល់ការធ្វើដំណើររបស់ យើង។ ឪពុកម្តាយរបស់ខ្ញុំបានសួរទៅកាន់យោធាខ្មែរក្រហមថា «តើយើងនឹងទៅទី ណា?»យោធាខ្មែរក្រហមបានឆ្លើយតប «គ្រាន់តែចាកចេញពីទីក្រុង» ។ យើងបាន សម្រាកនៅក្នុងភូមិមួយអស់រយៈពេល៤ ឬ៥ថ្ងៃដើម្បីរង់ចាំអង្គការកោះ ហៅពួកយើងឲ្យ វិលត្រឡប់ទៅភ្នំពេញវិញ ហើយបន្ទាប់មកបែរជាទៅខេត្តព្រៃវែងទៅវិញ។ វាគឺជាការធ្វើ ដំណើរដែលហត់នឿយបំផុត ហើយឪពុកម្តាយរបស់ខ្ញុំក៏បានបង្ខំចិត្តប្តូរវត្ថុមានតម្លៃរបស់ គាត់ ដើម្បីដោះដូរយកអាហារ។
បងស្រីរបស់ខ្ញុំឈ្មោះ ប៉ោ តាយ បានរកឃើញមាសមួយកញ្ចប់ តូចនៅក្បែរ ច្រាំងទន្លេ។ ពីរបីថ្ងៃក្រោយមក គាត់បាននិយាយថាលាហើយទៅកាន់ពួកយើង ហើយគាត់ក៏បានចាកចេញទៅជាមួយប្តីរបស់គាត់ ដែលពួកគាត់នឹងទៅស្រុកកំណើតរបស់គាត់។ ពេលនោះគឺជាពេលចុងក្រោយដែល យើងបានឃើញពួកគាត់។
នៅខេត្តព្រៃវែង យើងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាជនមូលដ្ឋាន។ ប្រជាជនចាស់មួយចំនួនបាននិយាយថាស្ថានភាពគឺដូចពុទ្ធទំនាយថា «មានផ្ទះគ្មានមនុស្សរស់នៅ មានផ្លូវគ្មានមនុស្សដើរ »។
អង្គការតែងតែធ្វើការអប់រំយើង។ នៅពេលដែលប្អូនប្រុសរបស់ខ្ញុំឈ្មោះ ស៊ីសុផុន ឈឺគ្រុនក្តៅខ្លាំង គាត់បានសុំអនុញ្ញាតសម្រាកនៅផ្ទះ។ គាត់ត្រូវបានខ្មែរក្រហមបដិសេធ ប៉ុន្តែនៅទីបំផុតក៏មានកម្មាភិបាលម្នាក់បានយកគាត់ទៅមន្ទីរពេទ្យដោយជិះរទេះគោ។ ឪពុកម្តាយរបស់ខ្ញុំចង់ទៅមើលថែគាត់នៅទីនោះ ប៉ុន្តែអង្គការបានប្រាប់រួចហើយថា «អង្គការគឺជាឪពុកម្តាយ។ ប្រសិនបើមានកូនៗណាឈឺអង្គការអាចមើលថែរពួកគេបាន ដូច្នេះមិនចាំបាច់ឪពុកម្តាយរបស់ពួកគេទៅសួរសុខទុក្ខនោះទេ»។ ឪពុកម្តាយរបស់ខ្ញុំស្ងាត់ស្ងៀមហើយបានសុំការលើកលែងទោសពីអង្គការ។
ប្អូនបង្កើតរបស់ខ្ញុំពីរនាក់ ឈ្មោះ ស៊ីថា និង បាន់ណាកា ពួកគេទាំងពីរនាក់នេះគឺខ្ជិលច្រអូសខ្លាំងណាស់ ហើយក៏មិនដែលបានបំពេញកិច្ចការដែលអង្គការចាត់តាំងបានដែរ។ ប្រធានអង្គភាពរបស់ពួកគេបានអប់រំឪពុកម្តាយខ្ញុំជាញឹកញាប់ចំពោះបញ្ហានេះ។ អង្គការបានស្តីបន្ទោសខ្ញុំផងដែរ៖ ក្នុងនាមជាបងស្រីគួរតែមានទំនួលខុសត្រូវគ្រប់គ្រាន់ក្នុងការអប់រំប្អូនៗរបស់ខ្ញុំ។
ដោយសារតែយើងខ្វះស្បៀងអាហារ ទើបសុខភាពរបស់យើងកាន់តែយ៉ាប់យឺនទៅៗ។ យើងពិបាកក្នុងការចំណាំគ្នាខ្លាំងណាស់ដោយសារយើងមានសភាពស្គមស្គាំងពេក។ យើងក៏ត្រូវបានគ្របដណ្តប់ដោយភាពកខ្វក់ និងភក់ផងដែរដោយសារតែយើងមិនមានសាប៊ូ។ ប្រជាជនមូលដ្ឋានបានបង្រៀនយើងដោយយកស្លឹកជីអង្កាមហាលក្រោមកម្តៅថ្ងៃឲ្យស្ងួតហើយលាយជាមួយនឹងដីឥដ្ឋ។ ជាលទ្ធផលវានឹងក្លាយទៅទឹកដែលយើងអាចប្រើប្រាស់ដូចជាសាប៊ូបាន។
នៅឆ្នាំ១៩៧៦ អង្គការបានផ្លាស់យើងឲ្យទៅរស់នៅក្នុងស្រុកមួយទៀត។ ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់ ដូច្នេះម្តាយខ្ញុំបានសួរថា តើយើងអាចពន្យារពេលការធ្វើដំណើររបស់យើងរហូតដល់គាត់បានជាសះស្បើយបានទេ។ ការស្នើសុំរបស់គាត់ត្រូវបានបដិសេធហើយឪពុករបស់ខ្ញុំក៏បានស្លាប់បាត់បង់ជីវិត។ យើងមិនមានសម្ភារណាមួយសម្រាប់គ្របខ្លួនរបស់គាត់នោះទេគឺមានតែកន្សែង។
អង្គការ ជាធម្មតាមានការប្រជុំបីដងក្នុងមួយខែ។ ខ្មែរក្រហមបានដាក់សញ្ញាសម្គាល់នៅលើជញ្ជាំងផ្ទះប្រជុំដោយនិយាយថា «ជយោ! ជ័យជម្នះ! កម្ពុជារំដោះដ៏រុងរឿង។ ជយោ! ជ័យជម្នះ! ត្រូវអប់រំខ្លួនឯងដើម្បីក្លាយទៅជាអ្នករំដោះដ៏បរិសុទ្ធ។ ជយោ! ជ័យជម្នះ! ប្តេជ្ញាខិតខំធ្វើការដើម្បីបង្កបង្កើនផលឲ្យកាន់តែច្រើនឡើង សម្រាប់ការបោះជំហានទៅមុខដ៏ធំធេង និងដើម្បីកម្ចាត់សត្រូវទាំងអស់ ដើម្បីបង្កើតរបបគ្មានអ្នកមានគ្មានអ្នកក្រ»។ បន្ទាប់ពីមានការប្រជុំនីមួយៗប្រធានអង្គភាពបានបែងចែកប្រជាជន សម្រាប់ការប្រជុំក្រុមតូចៗដោយតម្រូវឲ្យយើងធ្វើស្វ័យទិតៀនខ្លួនឯងទៅវិញទៅមក ហើយអង្គការបានប្រាប់ថាត្រូវខំប្រឹងធ្វើការបង្កបង្កើនផលថែមទៀត។
ប្អូនប្រុសរបស់ខ្ញុំ ស៊ីសូផុន បានធ្លាក់ខ្លួនឈឺធ្ងន់នៅខេត្តព្រៃវែង។ បេះដូងរបស់គាត់ឈឺចាប់ប្រហែលមកពីលើករបស់របរធ្ងន់ៗ។ បន្ទាប់ពីគាត់បានស្លាប់ទៅ ខ្ញុំបានឃើញសម្លៀកបំពាក់របស់គាត់នៅក្នុងកាបូប ហើយបានឃើញកាតសម្គាល់ខ្លួននិស្សិត និងសៀវភៅរបស់គាត់។ គាត់បានរក្សាទុកវាព្រោះគាត់សង្ឃឹមថា ថ្ងៃណាមួយគាត់នឹងបានវិលត្រឡប់មកសាលារៀនវិញ។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានឮស្នូរកាំភ្លើង និងគ្រាប់បែកពីទិសខាងកើត។ ប្រជាជនបានលួចស្តាប់តាមវិទ្យុហើយខ្សឹបប្រាប់ថារណសិរ្សសង្គ្រោះជាតិនឹងមកដល់ឆាប់ៗនេះ។ នៅពេលនោះកម្មាភិបាលខ្មែរក្រហមបានបង្កើនសន្តិសុខទ្វេដង ហើយការកាប់សម្លាប់បានកើនឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំបានប្រាប់ប្អូនៗខ្ញុំឲ្យគោរពតាមវិន័យរបស់អង្គការយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យពួកគេមានជីវិតរស់។
នៅពេលដែលគ្រាប់បែក និងកាំភ្លើងផ្ទុះឡើងកាន់តែជិតមកដល់ កម្មាភិបាលខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនឆ្លងកាត់ទន្លេ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ ខ្ញុំបានឮវិទ្យុប្រកាសថានៅខេត្តក្រចេះ ត្រូវបានរំដោះរួចហើយ។ ប្រជាជនបានស្រែកហ៊ោជាមួយនឹងក្តីរំភើបរីករាយនៅពេលដែលបានឮព័ត៌មាននេះ ហើយបន្ទាប់មកក៏ចាប់ផ្តើមដណ្តើមស្រូវអង្ករគ្នានៅក្នុងរោងម៉ាស៊ីន។ ខ្ញុំមានគោពីរក្បាល និងរទេះគោមួយសម្រាប់ម្តាយខ្ញុំជិះ។ សមាជិកគ្រួសារដែលនៅសេសសល់ចាប់ផ្តើមដើរត្រឡប់ទៅផ្ទះវិញ។ នៅពេលដែលខ្ញុំបានមកដល់ទីក្រុងក្រចេះ រណសិរ្សសង្គ្រោះជាតិកម្ពុជាមិនអនុញ្ញាតឲ្យយើងចូលទៅទេ។ ជើងរបស់ម្តាយខ្ញុំកាន់តែហើមទៅៗ ហើយគាត់បានព្យាយាមរកគ្រូអាបធ្មប់ដើម្បីព្យាបាលគាត់ ដូច្នេះយើងក៏អាចវិលត្រឡប់មកភ្នំពេញវិញ។ ខណៈពេលដែលគាត់កំពុងតែព្យាបាល ខ្ញុំបានរកការងារមួយគឺជាលេខាធិការនៅក្នុងការិយាល័យព័ត៌មាន ហើយក្រោយមកខ្ញុំក៏បានរៀបការ។ យើងបានរស់នៅក្នុងខេត្តក្រចេះជារៀងរហូត៕សរន