ការ​ប៉ះ​ធ្មេញ​ជា​វិធី​មួយ​ដែល​ជួយ​ព្យាបាល​ធ្មេញ​រង​ការបំផ្លាញ​ដោយសារ​ដង្កូវ​ស៊ី ឬ​បញ្ហា​ពុក ធ្មេញ​វិញ​។​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹង​រួចមក​ហើយពី​ការ​ប៉ះ​ធ្មេញ​ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ថា​តើ​គួរ​ថែរក្សា​ធ្មេញ​ទើបនឹង​ប៉ះ​រួច​យ៉ាងដូច ម្ដេច​ទេ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​!

១. ដឹង​ពី​ពេលវេលា​នៃ​ការ​ប៉ះ​ធ្មេញ​
មុនពេល​អ្នក​ឈាន​យើង​ចេញពី​គ្លីនិក​ធ្មេញ​កុំ​ភ្លេច​ចំណាំ​ថ្ងៃ​ដែល​ទន្តពេទ្យ​បាន​ប្រាប់​ទាក់ទង​នឹង ការបន្ត​ព្យាបាល​ប៉ះ​ធ្មេញ​លើក​ក្រោយ​។ ប្រសិនបើ​ពេទ្យធ្មេញ​មិនបាន​ប្រាប់​អ្នក​គួរ​សួរ​បញ្ជាក់ ថា​តើ​ត្រូវ​មក​ពិនិត្យ​លើក​ក្រោយ​នៅពេលណា ឬ​ដំណើរការ​នៃ​ការព្យាបាល​ចប់​ត្រឹមនេះ​។ ជាធម្មតា​រយៈពេល​នៃ​ការព្យាបាល​ប៉ះ​ធ្មេញ គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​សម្ភារៈ​ដែល​ត្រូវ​ប្រើ​។ ឧទាហរណ៍​ការ​ប៉ះ​ធ្មេញ​ដោយ​សេ​រ៉ា​មិ​ក គឺ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​ដោយមាន​ជំនួយ​ពី​ពន្លឺ ពណ៌​ខៀវ ខណៈដែល​ការ​ប៉ះ​ធ្មេញ​ដោយ​មាស​ត្រូវការ​រយៈពេល ២ ថ្ងៃ​ដើម្បី​កំណត់​។​

២. តម​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ក្ដៅ ឬ​ត្រជាក់​ខ្លាំង​
សីតុណ្ហភាព​ខ្លាំងពេក​អាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ធ្មេញ​ដែល​ទើបនឹង​ប៉ះ​ហើយ​។ ដូច្នេះ​ដើម្បី ជាការ​ប្រសើរ​ចូរ​តម​អាហារ​និង​ភេសជ្ជៈ​ដែល​ក្ដៅ ឬ​ត្រជាក់​ខ្លាំង​។​

៣. ចៀសវាង​ទទួលទាន​អាហារ​ដែល​រឹង ឬ​ស្អិត​
សម្រាប់​រយៈពេល​ក្រោយ​ប៉ះ​ធ្មេញ​រួច​ពីរ​បី​ថ្ងៃ ចូរ​កុំ​ទទួលទាន​អាហារ​ប្រភេទ​ណា​ដែល​រឹង ឬ​ស្អិត​។ នោះ​ក៏​ព្រោះតែ​អាហារ​រឹង​អាច​បណ្ដាលឱ្យ​ធ្មេញ​ទើបនឹង​ប៉ះ​ប្រេះ ឬ​បែក​ខូច​ទ្រង់ទ្រាយបាន​យ៉ាង​ងាយ​។ រីឯ​អាហារ​ដែលមាន​សភាព​ស្អិតៗ​វិញ​អាច​បង្ក​ផលប៉ះ ពាល់​ដោយ​បង្កើន ការលូតលាស់​នៃ​បាក់តេរី​ដែល​បង្កើតជា​អាស៊ីត​ធ្វើឱ្យ​ធ្មេញ​ទើបនឹង​ប៉ះ​រួច​ជួប​បញ្ហា​។​

៤. ទំពារ​អាហារ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​មាត់​ផ្ទុយ​ពី​ទីតាំង​ធ្មេញ​ទើបនឹង​ប៉ះ​
ធ្មេញ​ដែល​ទើបនឹង​ប៉ះ​រួច ក៏ត្រូវ​ការ​រយៈពេល​ស​ម​ស្រប​ដើម្បីឱ្យ​ឡើង​រឹង​ដូច​ធម្មតា​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ទុក​ចន្លោះពេល​យ៉ាងហោចណាស់​ពី ២ ទៅ ៣ ថ្ងៃ​សិន​មុននឹង​ប្រើ ប្រាស់​ធ្មេញ​ទើបនឹង​ប៉ះ​ទំពារ​អាហារ​៕ ដោយៈ health.com.kh