ដោយ ៖ មីន សាណាស់ បុគ្គលិកគម្រោងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា
វិទ្យាល័យ បាភ្នំ មានអាយុកាល៦០ឆ្នាំគត់ បើគិតត្រឹមឆ្នាំ២០១៩។ ក្នុងរយៈពេល៦០ឆ្នាំនេះ វិទ្យាល័យបាភ្នំ មានប្រវត្តិឆ្លងកាត់សម័យកាលសំខាន់ៗមួយចំនួនរាប់ចាប់តាំងពីក្រោយភ្លាមៗនៃការទទួលបានឯករាជភាពលើអាណានិគមបារាំង។ វិទ្យាល័យបាភ្នំ មានទីតាំងធំទូលាយ មានអគារចាស់ៗដែលជាសំណង់ដែលមានអាយុកាលយូរឆ្នាំ និងគ្របដណ្តប់ទៅដោយដើមឈើជាច្រើនដែលអាចផ្តល់ម្លប់ត្រឈឹងត្រឈៃដល់សិស្សានុសិស្ស។
វិទ្យាល័យបាភ្នំ មានទីតាំងស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា គឺសម័យកាលនគរភ្នំ។ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៤ ព្រះបាទ នរោត្តម សីហនុ បានយកចិត្តទុកដាក់ចំពោះតំបន់ប្រវត្តិសាស្ត្រនេះ។ នៅឆ្នាំ១៩៥៩ សម្ដេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានកសាងគ្រឹះស្ថានសិក្សាមួយកន្លែង ដាក់ឈ្មោះថា វិទ្យាល័យ បាភ្នំ ដែលបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំសិក្សា១៩៦០-១៩៦១ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកនាយកឈ្មោះ ដាញ់ សូ ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្ថានភាពរបស់ប្រទេសជាតិមានការប្រែប្រួល និងផ្លាស់ប្ដូរដោយសារការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ។ គ្រូបង្រៀន និងសិស្សានុសិស្សមួយចំនួន បានចាប់ផ្ដើមងើបឡើងតស៊ូប្រឆាំងនឹងរដ្ឋប្រហារ ហើយមួយចំនួនបានរត់ចូលព្រៃរួមកម្លាំងជាមួយរណសិរ្សរួបរួមកម្ពុជាដើម្បីទាមទារអំណាចថ្វាយសម្ដេចឪវិញ ហើយមួយចំនួនទៀត បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញដើម្បីគេចពីសង្គ្រាមដែលបានផ្ទុះឡើងគ្រប់ទិសទី។ វិទ្យាល័យបាភ្នំ ត្រូវបានបិទទ្វារផ្អាកដំណើរការនៅក្នុងឆ្នាំ១៩៧២ ហើយបើកឲ្យដំណើរការឡើងវិញនៅក្រោយឆ្នាំ១៩៧៩ ដោយបានចាប់ផ្តើមពីកម្រិតបឋមសិក្សា និងក្រោយមកទៅជាកម្រិតអនុវិទ្យាល័យ ហើយក្នុងឆ្នាំសិក្សា១៩៩០-១៩៩១ សាលានេះត្រូវបានផ្លាស់ប្តូរទៅជាវិទ្យាល័យបាភ្នំវិញ។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយក្រសួងអប់រំ យុវ ជន និងកីឡា និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ បានធ្វើវេទិកាថ្នាក់រៀនលើកទី៤៥របស់ខ្លួន ក្រោមប្រធានបទស្ដីពី «សារសំខាន់នៃការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់ ១៩៧៩» នៅវិទ្យាល័យបាភ្នំ ក្នុងគោលបំណង បង្ហាញឲ្យឃើញពីតម្លៃនៃការសិក្សាប្រវត្តិសាស្ត្រដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។
ដោយផ្អែកលើការផ្លាស់ប្តូរឥរិយាបទរបស់សិស្ស ចំពោះរឿងរ៉ាវដែលបានកើតឡើងក្នុងអតីតកាលរបស់ប្រទេសកម្ពុជា វេទិកានេះនឹងជំរុញទឹកចិត្តសិស្សានុសិស្ស និងក្មេងជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្រ និងរួមសហការគ្នាដើម្បីសន្តិភាព។ រចនាសម្ព័ន្ធនៃវេទិកានេះ គឺដើម្បីលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឲ្យធ្វើជាម្ចាស់លើប្រវត្តិសាស្ត្រខ្លួនឯង និងទទួលស្គាល់ការពិតរបស់ខ្លួន។ ក្នុងន័យនេះ ការអប់រំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ សង្ឃឹមថានឹងបង្កើតការសន្ទនាមួយ ដែលអាចឈានដល់លទ្ធផលជាផ្លែផ្កាក្នុងការកសាងសន្តិភាព ការព្យាបាលរបួសផ្លូវចិត្ត និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគតសម្រាប់ក្មេងៗជំនាន់ក្រោយ។
សកម្មភាពវេទិកាថ្នាក់រៀន
រយៈពេល កម្មវិធី
៥នាទី ណែនាំខ្លួន គម្រោង និងវត្ថុបំណងនៃការធ្វើវេទិកាថ្នាក់រៀន
២០នាទី សិស្សបំពេញតារាងស្ទាបស្ទង់មតិ (មុនពេលធ្វើវេទិកា)
៣០នាទី បទបង្ហាញពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម
១៥នាទី បញ្ចាំងខ្សែភាពយន្ត ចំណងជើង«កុមារកម្ពុជា» ឬ «តំបន់រំដោះឆ្នាំ១៩៧៣» និងពិភាក្សាពីខ្សែភាពយន្ត
១៥នាទី សំណួរ និង ចម្លើយ
២០នាទី បទបង្ហាញ ពីអ្វីទៅជាអំពើប្រល័យពូជសាសន៍? និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
ផ្សព្វផ្សាយពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
២០នាទី សិស្សបំពេញតារាងស្ទាបស្ទង់មតិ (ក្រោយពេលធ្វើវេទិកា)
១០នាទី ការចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងអាហារសម្រន់
វេទិកាថ្នាក់រៀននេះចាប់ផ្ដើមពីម៉ោង៨កន្លះរហូតដល់ម៉ោង១១ព្រឹក ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន ៤៤នាក់ ក្នុងនោះស្រីចំនួន ១៩នាក់។
បំពេញតារាងស្ទាបស្ទង់មតិមុនវេទិកាថ្នាក់រៀន
តារាងស្ទាបស្ទង់មតិមុនពេលធ្វើវេទិកា ត្រូវបានចែកទៅឲ្យសិស្សានុសិស្សចូលរួមទាំងអស់ ដើម្បីបំពេញក្នុងរយៈពេលប្រមាណ២០នាទី។ តារាងវាស់ស្ទង់នេះ គឺជាមធ្យោបាយវាស់ស្ទង់ចំណេះដឹងរបស់សិស្សស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅមុនពេលអ្នកទាំងនោះទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រនេះ តាមរយៈការចូលរួមនៅក្នុងវេទិកានេះ។ សូមមើលលទ្ធផលនៃការវាស់ស្ទង់នេះ នៅក្នុងផ្នែក «លទ្ធផលនៃការស្ទាបស្ទង់មតិមុនពេល និងក្រោយពេលវេទិកាថ្នាក់រៀន» នៃទំព័របន្ទាប់។
បទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ
មុននឹងចាប់ផ្តើមធ្វើបទបង្ហាញលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានណែនាំខ្លួន និងក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការធ្វើបទបង្ហាញបានចាប់ផ្តើមពីការពន្យល់ និងមូលហេតុនៃការប្រើប្រាស់ពាក្យ «ខ្មែរក្រហម» ព្រមទាំងការបកស្រាយពីគោលនយោបាយ៨ចំណុចដែលជាគោលនយោបាយបំផ្លាញខ្លួនឯងរបស់ខ្មែរក្រហម។ គោលនយោបាយទាំង៨ចំណុច រួមមាន ៖
១) ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជន
២) បំបាត់ផ្សារ និង រូបីយវត្ថុ
៣) កម្ទេចវត្តអារាម និងផ្សឹកព្រះសង្ឃ
៤) បិទសាលារៀន និងគ្រឹះស្ថានសិក្សា
៥) សម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់
៦) បង្កើតជាសហការណ៍នៅទូទាំងប្រទេស
៧) ផ្តាច់ទំនាក់ទំនង និងបំបែកបំបាក់ក្រុមគ្រួសារ
៨) បណ្តេញជនជាតិវៀតណាម និងធ្វើសង្គ្រាមជាមួយវៀតណាម
ទាំងនេះ គឺជាអ្វីដែលមេដឹកនាំខ្មែរក្រហមចង់ផ្លាស់ប្ដូរការរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងឆាប់រហ័ស ដើម្បីឈានទៅកសាងប្រទេសមួយឲ្យក្លាយទៅជាប្រទេសដែលមានវិស័យកសិកម្មជឿនលឿនលើសាកលលោក។ សិស្សទាំងអស់ត្រូវបានទាក់ទាញដោយការបញ្ចាំងឯកសាររូបថតជាច្រើនសន្លឹក ហើយម្នាក់ៗខិតខំស្តាប់ និងកក់ត្រាយ៉ាងយកចិត្តទុកដាក់ ។ បន្ទាប់ពីបទបង្ហាញស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមត្រូវបានបញ្ចប់ សិស្សានុសិស្សមានឱកាសក្នុងការសួរសំណួរផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ដូចខាងក្រោម ៖
១) ហេតុអ្វីបានជាអាមេរិក ទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា?
២) ព្រឹត្តិការណ៍ក្នុងឆ្នាំ១៩៧០ លន់ នល់ បានផ្តួលរំលំរបបសង្គមរាស្ត្រនិយម ប៉ុន្តែដល់ឆ្នាំ១៩៧៥ ប៉ុល ពត ក៏បានជួយរំដោះប្រទេសឲ្យសម្ដេចឪ។ តើហេតុអ្វីបានជា ប៉ុល ពត ងាកមកប្រឆាំង និង សម្ដេចឪវិញ?
៣) ហេតុដូចម្តេចបានរបបខ្មែរក្រហមកើតឡើង?
៤) តើរបបខ្មែរក្រហមនេះកើតឡើងតាំងពីពេលណា?
៥) តើរបបផ្ដាច់ការខ្មែរក្រហម និងរបប លន់ នល់ ខុសគ្នាដូចម៉េច?
ការបញ្ចាំងខ្សែវីដេអូឯកសារខ្លី
វីដេអូខ្លីមានចំណងជើងថា «កុមារកម្ពុជា» ត្រូវបានចាក់បញ្ចាំងឲ្យសិស្សានុសិស្សទស្សនា ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពកុមារក្នុងប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំភ្លាមៗ និងកុមារនាពេលបច្ចុប្បន្ន។ វីដេអូខ្លីនេះ ផ្តល់ដល់សិស្សានុសិស្សនូវការត្រិះរិះពិចារណាស៊ីជម្រៅពីលក្ខខណ្ឌរស់ ការអប់រំ ការគោរពសិទ្ធិកុមារ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ។ បន្ទាប់ពីបានទស្សនារួច សិស្សានុសិស្សមួយចំនួនបានសួរសំណួរដូចខាងក្រោម ៖
១) ហេតុអ្វីក្មេងៗ ដើរលើកដៃ និងកាន់មែកឈើជាជួរ? វាតំណាងឲ្យអ្វី?
២) ហេតុអ្វីបានជាក្មេងៗទាំងអស់ដាំបាយហូបដោយខ្លួនឯង បើខ្មែរក្រហមបង្កើតសហករណ៍ហូបរួមហើយនោះ?
៣) ខណៈអ្នកផ្សេងទៀតធ្វើដំណើរស្វែងរកគ្រួសារ។ ហេតុអ្វីបានជាក្មេងៗទាំងអស់នៅផ្តុំគ្នា?
៤) ខ្មែរក្រហមបានចុះចាញ់វៀតណាមហើយ។ ចុះហេតុអ្វីបានជាក្មេងៗមួយក្រុម ដើរកាន់មែកឈើ សុំការចុះចូលទៀត?
៥) តើឆ្អឹងនៅក្នុងវីដេអូនេះ គឺជាឆ្អឹងរបស់អ្នកដែលស្លាប់ដោយសារការកាប់សម្លាប់ ឬក៏ស្លាប់ដោយសារអត់ឃ្លាន?
អំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍
ចុងបញ្ចប់នៃការធ្វើបទបង្ហាញលោក ផេង ពង្សរ៉ាស៊ី បានលើកឡើងនូវសំណួរថា តើអ្វីទៅជាអំពើប្រល័យពូជសាសន៍? អំពើប្រល័យពូជសាសន៍ គឺជាចេតនាផ្ដាច់ពូជ ជាតិពន្ធុក្នុងគោលបំណងបំផ្លិចបំផ្លាញជីវិតរបស់មនុស្ស។ អំពើប្រល័យពូជសាសន៍ ប៉ះពាល់ដល់មនុស្សម្នាក់ៗ សហគមន៍ និងប្រទេសទាំងមូល។ ហេតុនេះដើម្បីជៀសឲ្យផុតពីអំពើប្រល័យពូជសាសន៍ យើងត្រូវ ៖
- បដិសេធចំពោះអំពើហិង្សា លើកទឹកចិត្តឲ្យមានដំណោះស្រាយជាសន្តិវិធីចំពោះជម្លោះ និងមានស្មារតីបង្រួបបង្រួម។
- ការការពារសិទ្ធិជាបុគ្គលរបស់សមាជិកក្នុងសហគមន៍ ដោយមិនគិតពីពណ៌សម្បុរ និងនិន្នាការនយោបាយ។
- ទប់ស្កាត់អំពើហិង្សា តាមរយៈការអប់រំ និងទំនាក់ទំនងការទូតជាមួយប្រទេសនានា។
តារាងស្ទាបស្ទង់មតិក្រោយវេទិកាថ្នាក់រៀន
មុនពេលបញ្ចប់វេទិកាថា្នក់រៀន បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចែកកម្រងសំណួរមួយទៀតទៅឲ្យសិស្សម្នាក់ៗដើម្បីបំពេញ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងម្នាក់ ជាអ្នកសម្របសម្រួលក្នុងការបំពេញតារាងស្ទាបស្ទង់នេះ ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញនេះ ប្រកបទៅដោយសុក្រឹតភាព និងចេញពីគំនិតផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស។
ចែកចាយសៀវភៅដល់សិស្សានុសិស្ស
បន្ទាប់ពីការធ្វើតារាងស្ទង់មតិក្រោយវេទិការួចមក បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចាប់ផ្តើមចែកសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតយ្យ (ឆ្នាំ១៩៧៥ ដល់ ១៩៧៩)» ជាភាសាអង់គ្លេស និងសៀវភៅ «អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម» ដល់សិស្សគ្រប់ៗគ្នា។ សៀវភៅសិក្សាទាំងនេះផ្តល់ជាសម្ភារសិក្សាដល់សិស្សានុសិស្ស សម្រាប់ការស្រាវជ្រាវ និងរៀនបន្ថែមដើម្បីត្រៀមប្រឡងថ្នាក់ជាតិនាពេលខាងមុខ។ មានមូលហេតុពីរក្នុងការចែកសៀវភៅសិក្សានេះដល់សិស្សានុសិស្សគឺ ទី១) ផ្តល់ជាសម្ភារសិក្សាបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទី២) ជំរុញនិងលើកកម្ពស់វប្បធម៌នៃការអាន ។
លទ្ធផលនៃការស្ទាបស្ទង់មតិមុន និងក្រោយពេលធ្វើវេទិកាថ្នាក់រៀន
លទ្ធផលនៃការវាស់ស្ទង់ចំណេះដឹងរបស់សិស្សានុសិស្ស គឺត្រូវបានធ្វើឡើងជា២របៀប។ របៀបទី១ ជារបៀបនៃការសង្កេតទៅលើសកម្មភាពរបស់សិស្សានុសិស្សក្នុងពេលធ្វើវេទិកា។ របៀបទី២ ជារបៀបនៃការវិភាគទិន្នន័យតាមលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់កម្មវិធី SPSS។ ដូច្នេះ លទ្ធផលតាមរបៀបទី២ គឺជាលទ្ធផលដែលត្រូវបានលើកយកមកបញ្ជាក់យ៉ាងពិស្តារនៅក្នុងរបាយការណ៍ដូចមានរៀបរាប់ខាងក្រោម។ ចំណែកការវាយតម្លៃទៅលើអត្តចារិត កាយវិការ និងសកម្មភាពរបស់សិស្សានុសិស្ស គឺមិនបានបញ្ជាក់ឲ្យបានក្បោះក្បាយនៅក្នុងរបាយការណ៍នេះទេ ប៉ុន្តែក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបង្ហាញនិងកែតម្រូវភ្លាមៗជាមួយសិស្សានុសិស្ស ដើម្បីជាការតម្រង់ទិសនិងកែតម្រូវចំពោះកំហុសឆ្គងទាំងឡាយដែលបានកើតមានក្នុងពេលធ្វើវេទិកា។
លទ្ធផលនៃការវិភាគទិន្នន័យបានបង្ហាញថា៖
• ក្នុងចំណោមសិស្សទាំង៤៤នាក់ (ស្មើ១០០%) មានសិស្សតែពី២ទៅ៣នាក់ (៥%) ប៉ុណ្ណោះ ដែលមិនបានដឹងទាល់តែសោះថាមានរបបខ្មែរក្រហមកើតឡើងពីចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។ ប៉ុន្តែចំនួននេះបានថយចុះដល់សូន្យភាគរយ បន្ទាប់ពីការធ្វើវេទិកាថ្នាក់រៀនរួច។ ដូច្នេះ ពុំមានសិស្សណាម្នាក់និយាយថា ខ្លួនមិនបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមទៀតឡើយ បន្ទាប់ពីខ្លួនបានចូលរួមនៅក្នុងវេទិការួច។
• ក្រៅពីសិស្ស ២ទៅ៣នាក់ខាងលើ យើងសង្កេតឃើញថា សិស្សភាគច្រើន (៨២%) និយាយថាខ្លួនបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមតិចតួច នៅមុនពេលដែលខ្លួនចូលរួមនៅក្នុងវេទិកា។ ប៉ុន្តែចំនួននេះបានធ្លាក់ចុះមកនៅត្រឹមចំនួនតិចតួច (២៥%) នៅក្រោយពេលធ្វើវេទិការួច។ ដូច្នេះ ចំនួនសិស្សដែលកើនពីចំណេះដឹងពីតិចតួចទៅច្រើន គឺមានចំនួនច្រើនជាងពាក់កណ្តាល (៥៧%) ឬស្មើនឹងចំនួនសិស្ស២៥នាក់ក្នុងចំណោមសិស្សទាំង៤៤នាក់។
• ដូចគ្នានេះដែរ សិស្សដែលនិយាយថាខ្លួនមានចំណេះដឹងច្រើនពីររបបខ្មែរក្រហម នៅមុនពេលធ្វើវេទិកា គឺមានត្រឹមតែ១៤% ស្មើនឹង៦នាក់ប៉ុណ្ណោះ។ បន្ទាប់ពីធ្វើវេទិការួច ចំនួននេះបានកើនឡើងរហូតដល់ទៅ ៧១% ឬស្មើនឹង៣១នាក់បន្ថែមទៀត ដែលនិយាយថាខ្លួន មានចំណេះដឹងកើនឡើងច្រើន។
• ការកើនឡើងនេះ បានឈានដល់កម្រិតមួយដែលសិស្សអាចបង្រៀនអ្នកដទៃទៀតបាន។ ដូចមានបង្ហាញនៅក្នុងក្រាហ្វិកស្រាប់ សិស្សចំនួន៥%នៃចំនួនសិស្សសរុប មានចំណេះដឹងគ្រប់គ្រាន់ដែលអាចបង្រៀនបន្តទៅកាន់អ្នកដទៃបានបន្ទាប់ពីខ្លួនបានឆ្លងកាត់វេទិកាលើកនេះ។
សិស្សទាំងអស់ជឿថា ការសម្លាប់រង្គាលពិតជាកើតឡើងនៅក្នុងសម័យខ្មែរក្រហមពិតមែនដែលធ្វើឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ក្នុងសម័យនោះ។ លទ្ធផលដែលបានមកពីការស្ទង់មតិមុន និងក្រោយវេទិកាថ្នាក់រៀនបានបង្ហាញថា សិស្សដែលមិនយល់ស្របលើការរើសអើងទៅលើកូនចៅរបស់កម្មាភិបាលខ្មែរក្រហមមានចំនួន៩១%។ កម្រិតនៃការរើសអើងនេះនៅតិចនៅឡើយ គឺត្រឹមតែ៩%ប៉ុណ្ណោះ។ សិស្សទាំងអស់យល់ស្របថា ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យពិតជាសំខាន់។
សិស្សទាំងអស់យល់ស្របថាការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនឹងជួយជំរុញឲ្យមានការកសាងសន្តិភាពក្នុងសង្គមកម្ពុជា ព្យាបាលរបួសផ្លូវចិត្តជនរងគ្រោះក្នុងរបបនោះ បង្កើតឲ្យមានការផ្សះផ្សា និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគតមានចំនួន ៩៨%។
ចំពោះលទ្ធផលនៃការវាស់ស្ទង់ចំណេះដឹងសិស្សតាមរយៈសំណួរមួយចំនួនទៀត ត្រូវបានរៀបរាប់នៅក្នុងតារាងស្តីអំពីលទ្ធផល ដែលបានភ្ជាប់មកជាមួយនៅក្នុងផ្នែក «ឧបសម្ព័ន្ធ»។
បញ្ហាប្រឈម
ស្របពេលដែលមានការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះកម្មវិធីបង្រៀនបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅតាមវិទ្យាល័យនានាក្នុងទូទាំងប្រទេស គណៈគ្រប់គ្រងវិទ្យាល័យបាភ្នំ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះវត្តមានរបស់ក្រុមការងារ ប៉ុន្តែហាក់មិនបានផ្សព្វផ្សាយពីកិច្ចការនេះដើម្បីឲ្យមានការចូលរួមមិនពីសំណាក់គ្រូបង្រៀនប្រវត្តិវិទ្យា ដើម្បីពិភាក្សា ឬពង្រឹងចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមឡើយ។
សេចក្ដីសន្និដ្ឋាន
សិស្សានុសិស្សនៃវិទ្យាល័យបាភ្នំមួយចំនួនដែលបានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនពីប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធីទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងពេលអនាគត បានបង្ហាញពីភាពស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹងពីការធ្វើបទបង្ហាញ និងសំណួរផ្សេងៗដែលបានចោទសួរ។ តាមរយៈលទ្ធផលនៃការវាស់ស្ទង់ចំណេះដឹងរបស់សិស្ស បានបង្ហាញថា សិស្សទាំងអស់មានចំណេះដឹងកើនឡើងទាំងផ្នែកប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ បរិបទប្រវត្តិសាស្ត្រ និងអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រនានាដែលជាគន្លឹះនាំដល់ការបណ្តុះគំនិតដើម្បីទប់ស្កាត់ ឬរារាំងអំពើប្រល័យពូជសាសន៍នាពេលអនាគត។
ឧបសម្ព័ន្ធ