Home ព័ត៌មានជាតិ សន្តិសុខ ​មនុស្ស​មួយ​ភ...

​មនុស្ស​មួយ​ភូមិ​លើកគ្នា​ទៅ​រុះរើ​ផ្ទះមួយ​គ្រួសារ​រួច​ដុតចោល​ដោយ​ចោទថា​ចេះ​អំពើ​អាប​ធ្មប់

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​អ្នកភូមិ​ជិត​២០០​គ្រួ​សារបាន​លើកគ្នា​ទៅ​រុះរើ​ដុត​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​បណ្ដាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​។​ករណីនេះ​អ្នកភូមិ​ចោទ​គ្រួសារ​មួយ​ដែលមាន​វ័យ​ចំណាស់​ទៅហើយ​ថា​ចេះ​អំពើ​អាប​ធ្មប់​។​ហេតុការណ៍​នោះ​កើតឡើង​នៅ​ភូមិ​កែង​ញៃ​ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

តាម​ប្រភពព័ត៌មាន​ពី​ស្រុក​សៀម​ប៉ាង​ឱ្យដឹងថា​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាននាំគ្នា​កាន់​ពូថៅ កាំបិត ដែកគាស់​លើកគ្នា​ទៅ​រុះរើ​ផ្ទះមួយ​ខ្នង​សង់​ពី​ឈើ​បាំង​ក្តារ​ដំបូល​ប្រក់​ដែក​ស័​ង្គ​សី​ទំហំ​ទទឹង​៦​ម៉ែត្រ​និង​បណ្តោយ​៧​ម៉ែត្រ​។​អ្នកភូមិ​ដោយ​ចោទថា​បុរស​ឈ្មោះ​លៀម​ប៉ក​អាយុ​៦៧​ឆ្នាំ​ក្នុង​គ្រួសារ​មួយ​ចេះ​អាគម​អាប​ធ្មប់​។​

​អធិការនគរបាល​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​អ្នកភូមិ​១៧៦​គ្រួ​សារបាន​តវ៉ា​រុះរើ​ផ្ទះ​ឈ្មោះ លៀម​ប៉ក​និង​ដុតចោល​។​ករណីនេះ​នគរបាល​បាន​លើកឡើងថា​យោងតាម​កំណត់ហេតុ​សម្របសម្រួល​កាលពី​ថ្ងៃទី​២២​ខែមករា​២០២០​របស់​អាជ្ញាធរ​ឃុំ​ស្រុក​ដោយមាន​ការចូលរួម​ពី​លោកស្រី ផាត់ រ៉ា​ណា អភិបាលរង​ស្រុក​ជា​តំណាង ជាមួយ​ឈ្មោះ លៀម​ប៉ក​និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ចេះ​អំពើ​អាប​ធ្មប់​។​

​ឈ្មោះ​លៀម​ប៉ក​សន្យា​នឹង​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង​តែ​រហូតដល់​ថ្ងៃ​កំណត់​បែរជា​គេចខ្លួនបាត់​ជាមួយ​ភរិយា​មិន​ធ្វើតាម​សន្យា​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​លើកគ្នា​រុះរើ​និង​ដុតចោល​តែម្តង​។​នៅលើផ្ទះ​នោះ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ចានឆ្នាំង​ក្បាល​ឆក់​ត្រី​និង​កាំភ្លើង​ច្នៃ​មួយ​ដើម​ផងដែរ​។​បុរស​ដែល​ត្រូវ​អ្នកភូមិ​ចោទប្រកាន់ថា​ចេះ​អំពើ​អាប​ធ្មប់​នោះ​ចាក​ចេញពីផ្ទះ​មិនដឹង​ទៅ​ទីណា​ទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular