ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ជាដំណឹងដ៏រីករាយនិងមោទនភាពក្រៃលែងនោះគឺបងប្អូន២នាក់ “តោនិងសឹង្ហ”បានជួបគ្នាវិញបន្ទាប់ពីបែកគ្នាជិត៧ស.វនៅស្រះស្រង់បារាយណ៍មេបុណ្យភូមិបន្ទាយឆ្មារកើតឃុំបន្នាយឆ្មារស្រុកថ្មួកខេត្តបន្ទាយមានជ័យ។ដោយម្នាក់ពន្លិចខ្លួនចូលក្នុងពសុធ,ម្នាក់សម្ងំក្រោមភក់និងខ្សាច់…និងមួយចំនួនពួនក្នុងព្រៃស្មៅបន្លានិងសម្ងំតាមកន្លែងផ្សេងទៀត។
ពួកគេគេចខ្លួនពីសង្គ្រាមពីលោកចោរក្បាលអ្នកតា..ពួកគេមួយចំនួនរងរបួសពិការនិងចូលនិវត្តន៍។ជួបជុំគ្នាវិញនៅភូមិនិងផ្ទះខ្មែរដែលកំពុងសុខសាន្តត្រាណ។ការជួបជុំគ្នានោះកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០ដោយសារក្រុមការងារអភិរក្សនិងអភិវឌ្ឍន៍ក្រុមប្រាសាទបន្ទាយឆ្មារបានសែនក្រុងពាលីធ្វើកំណាយនៅការដ្ឋានជួសជុលព្រះស្រះស្រង់នៅបារាយណ៍មេបុណ្យនោះ។
ក្រុមការងារបានរកឃើញរូបចម្លាក់តោដ៏សំខាន់ទាំងនោះដែលកប់ក្នុងដី។រូបចម្លាក់តោដ៏ធំដែលនៅល្អឥតខ្ចោះមានសណ្ឋានក្បាលចុះក្រោម។ក្រុមការងារបានជីកនិងស្ទូចឡើងមកតម្កល់ទុកហើយបាននិមន្តព្រះសង្ឃធ្វើពិធីប្រោសព្រំបង្កក់ប្រសិទ្ធិនិងអន្ទងដួងព្រលឹងមកវិញ។ក៏សែនក្រុងពាលីចងដៃនិងប្រសិទ្ធិពរដល់ក្រុមគ្រួសារតោ/សឹង្ហដ៏ធំហើយនៅល្អស្អាតនោះ។រួមនឹងរូបចម្លាក់តោជាគូនិងតោមួយចំនួនទៀតដែលប្រេះស្រាំបែកបាក់ខ្លះប្រេស្រាំខ្លះបាត់ក្បាលខ្លះបាក់បែកដាច់ដៃជើង។
ការរកឃើញនេះនាំឱ្យមានការអរគុណលោកស្រីឧកញ៉ាម៉ៅម៉ាល័យកែគឹមយ៉ានម្ចាស់អ្នកនិងលោកស្រីភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈពិសេសរួមទាំងក្រុមការងារទាំងអស់ដែលបានធ្វើកំណាយក្នុងការដ្ឋានជួសជុលស្រះស្រង់នៅបារាយណ៍មេបុណ្យ ។
ការរកឃើញបែបនេះអាចបញ្ចប់ក្តីបារម្ភថាបិតិកភ័ណ្ឌទាំងនោះមិនត្រូវបានជនទុច្ចរិតរត់ពន្ធក្បាលអ្នកតាលួចប្លន់កាលពីសម័យលន់នល់និងសម័យសាធាណរដ្ឋប្រជាមានិតកម្ពុជាឡើយ។តាមពិតរូបចម្លាក់តោទាំងនោះបានពួនក្នុងដីចាប់តាំងពីក្រោយក្រុមប្រាសាទបន្ទាយឆ្មារបានកសាងឡើងនៅចុងស.វទី១២ ដើមស.វ ទី១៣ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។
សូមរំលឹកថាកាលបើកការដ្ឋានជួសជុលផ្នែកនានានៃប្រាសាទបន្ទាយឆ្មាររួមទាំងទីលានក្តារបែននៅមុខប្រាសាទ ក្រុមការងារក៏បានរកឃើញរូបចម្លាក់តោ នាគ រូបទេវតា រូបយក្សនិងរូបចម្លាក់ជាច្រើនទៀត ។មកទល់ពេលនេះការជួសជុលប្រាសាទបន្ទាយឆ្មារនិងក្រុមប្រាសាទនិងបូរាណដ្ឋានរបបដែលប្រើប្រាស់មូលនិធីសប្បុរសជនអស់ជាង៣លានដុល្លារ៕S/
រូបថត៖បងប្អូន២នាក់”តោនិងសឹង្ហ”បានជួបគ្នាវិញបន្ទាប់ពីបែកគ្នាជិត៧ស.វនៅស្រះស្រង់់បារាយណ៍មេបុណ្យ បន្នាយឆ្មារ ( រូប៖ ភ្នំស្វាយ )