ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ : រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីបានទៅត្រួតពិនិត្យប៉ុស្ត៍ចត្តាឡីស័ក និងដំណើរការរបស់វានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ដែលទទួលនិងជូនដំណើរដោយលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទិរសុខាភិបាលខេត្តបន្ទាយមានជ័យនិងសហការី លោកនាយរងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអញ្ជើញត្រួតពិនិត្យប៉ុស្ត៍ចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួមទាំងមន្ត្រីចត្តាឡីស័កប្រចាំការ និងសម្ភារៈបរិធានដែលដំណើរការស្កែន និងចុចត្រួតមើលកំដៅក្នុងខ្លួននូវគ្រប់ភ្ញៀវ និងអ្នកដំណើរដែលឆ្លងកាត់ច្រកទ្វារព្រំដែនដ៏មមាញឹកនេះ។
ក្នុងនោះ លោកវេជ្ជម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងមន្ត្រីក៏ជួបសំណេះសំណាលជាមួយមន្ត្រីជំនាញ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារនិងភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ព្រំដែនដើម្បីបានជ្រាបពីសុខទុក្ខនិងសុខភាព ពិសេសទាក់ទិននឹងវិធានការបង្ការ ទប់ស្កាត់ការចម្លងវីរុសកូរ៉ូណា ជាវីរុសថ្មីនៃជម្ងឺរលាកសួត។
នាឱកាស លោករដ្ឋមន្ត្រីសន្យាថានឹងផ្តល់ឲ្យឧបការណ៍ចុចត្រួតពិនិត្យកំដៅថ្មីចំនួន១០គ្រឿងផងដែរ។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រីក៏បានទៅពិនិត្យបន្ទប់ថ្មីនៃប៉ុស្តិ៍ចត្តាឡីស័ក ដែលស្ថិតនៅជាប់ផ្នែកបែបបទចូលប្រទេសទិសខាងមុខនៃប៉ុស្តិ៍នគរបាលច្រកកទ្វារអន្តរជាតិប៉ោយប៉ែត។
ជាការកត់សម្គាល់ លោករដ្ឋមន្ត្រូីនិងមន្ត្រីមិនបានពាក់ម៉ាសសម្រាប់បង្ការ ការពារធូលីដីនិងវីរុសកូរ៉ូណាឡើយ។
ប៉ុន្តែក៏មិនបានវាយតម្លៃយ៉ាងលើគម្រោងចែកម៉ាសចំនួន១លានម៉ាសរបស់នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងរយៈពេល១ខែ ដែលបានចាប់ផ្តើមពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ មកនោះនោះដែរ៕b/