វាគ្មានអ្វីអាថ៍កំបាំងទេដែលក្រុមគ្រូពេទ្យធ្វើការដោយគ្មានគិតពីខ្លួនឯងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសវូហាន។ គួរឱ្យសោកស្តាយ ម្នាក់ក្នុងចំណោមនោះបានពលីជីវិតក្នុងពេលបំពេញការងារ។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ឱសថការីឈ្មោះ សុង យីងជី បានស្លាប់កាលពីថ្ងៃទី៣កុម្ភៈ ក្រោយធ្វើការ១០ថ្ងៃជាប់ដើម្បីប្រយុទ្ធនឹងការរាលដាលនៃវីរុសកូរ៉ូណា។

យោងតាមអាជ្ញាធរបានឱ្យដឹងថា បុគ្គលិកពេទ្យអាយុ ២៨ ឆ្នាំរូបនេះបានប្រចាំការនៅកន្លែងបង់ប្រាក់ផ្លូវហាវ៉េមួយនៅខេត្តហ៊ូណាន ប្រទេសចិនតាំងពីថ្ងៃទី២៥មករា ដើម្បីត្រួតពិនិត្យសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកដំណើរ។

កន្លែងត្រួតពិនិត្យសីតុណ្ហភាពត្រូវបានដាក់នៅគ្រប់ផ្លូវហាយវ៉េទូទាំងប្រទេសក្នុងកិច្ចប្រឹងប្រែងដើម្បីកម្ចាត់វីរុសវូហាន។

សុង ដែលជាអនុប្រធាននាយកដ្ឋានឱសថរបស់មន្ទីរពេទ្យខេត្ត ក៏ជួយចែកចាយថ្នាំពេទ្យនៅក្នុងតំបន់ដែរ និងបានទទូចសុំគេធ្វើការរាល់ថ្ងៃមិនព្រមឈប់សម្រាកទេ។

លោកចូវ សៀវនៀន អនុប្រធានមណ្ឌលសុខភាពខេត្តហូណាននិយាយថា សុងធ្វើការប្តូរវេនពីម៉ោង៤រសៀលដល់ម៉ោង១២យប់។

ក្រោយធ្វើការចប់នៅពាក់កណ្តាលយប់ថ្ងៃទី៣កុម្ភៈ សុងបានជួយដឹកសហការី៤នាក់ទៅមណ្ឌលសុខភាពវិញ។ ក្រោយមកសុងបានត្រឡប់ទៅកន្លែងស្នាក់នៅរបស់គាត់ក្នុងមន្ទីរពេទ្យ កន្លែងដែលគាត់ស្លាប់ដោយសារគាំងបេះដូងមកពីធ្វើការហត់ខ្លាំងពេក៕ ដោយ៖ កញ្ញាដាលីស

លោក សុង យីងជី ស្លាប់កាលពីថ្ងៃ៣កុម្ភៈដោយសារធ្វើការហត់ពេករួចគាំងបេះដូង