អង្គភាពប្រឆាំងអំពើពុករលួយ​កោះហៅព្រះរាជអាជ្ញាខេត្តបន្ទាយ​មានជ័យមកសាកសួរ​

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យមកបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសាកសួរអំពីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លិខិតកោះហៅនេះ ចេញដោយនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ។

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅមកសាកសួរ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

លោកស្រី ស៊ិន សុភាព ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មិនធ្វើអត្ថាធិប្បាយទេ ទាក់ទងការការកោះហៅលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យមកបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ។

ចំណែកលោករឿន លីណា ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៍មានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យទៅបំភ្លឺនៅឡើយទេ។

រីឯលោកតេង សាម៉ៃ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ថា លោកអត់ដឹងរឿងនេះទេ។

គួរបញ្ជាក់ថា លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា និងលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមនុស្សមួយចំនួនទៀត ត្រូវបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធករណីឃុបឃិតគ្នាជាប្រព័ន្ធដោះលែងឧក្រិដ្ឋជនគ្រឿងញៀនចំនួនបីនាក់ ក្នុងចំណោមមនុស្សចំនួន ៧នាក់។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ បានប្តឹងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកមាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញា និងលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងឈ្មោះ ផេង អិ និងប្រពន្ធឈ្មោះ ថោង រដ្ឋា ពីបទពុករលួយ ឃុបឃិតមានលក្ខណៈជាប្រព័ន្ធដោះលែងឧក្រិដ្ឋជនគ្រឿងញៀន។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿង​ញៀននៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបករណី​ជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងថ្នាំញៀនជាង ២គីឡូក្រាម។ដោយប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងចំនួនពីរគោលដៅគឺក្នុងភូមិក្បាលកោះនិងភូមិព្រៃព្រិចក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...