ដោយសៅវ៉ាន់ឌី/ព្រះវិហារ៖ជនសង្ស័យជាមេខ្លោងនិងបក្ខពួក៥នាក់រាវរកជួញដូរវត្ថុបុរាណល្មើសច្បាប់ត្រូវមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចុះឃាត់ខ្លួនបានព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួនបញ្ជូនមកអនុវត្តតាមផ្លូវច្បាប់។
ប្រតិបត្តិការនោះបានធ្វើឡើងកាលពីថ្ងៃទី៤កុម្ភៈឆ្នាំ២០២០នៅចំណុចប្រាសាទខ្នារស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំស្រុកជាំក្សាន្តដឹកនាំបញ្ជាការបង្ក្រាបដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោក ឆេង ហៀតនិងមន្ត្រីអាវុធហត្ថខេត្ត ១៥នាក់។
មន្ត្រីអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងថាកាលពីថ្ងៃ៤ខែកុម្ភៈឆ្នាំ២០២០ក្រោយពីទទួលបានដំណឹងថាមានជនខិលខូចមួយក្រុមបាននិងកំពុងធ្វើសកម្មភាពប្រើឧបករណ៍រាវរកវត្ថុបុរាណដែលកប់ជ្រៅនៅក្នុងដីរាប់ពាន់ឆ្នាំមកហើយដើម្បីជីកគាស់កកាយយកវត្ថុបុរាណនាំយកទៅធ្វើការជួញដូរ។ប្រធានមន្ទីរវប្បធម៌និងវិចិត្តសិល្បៈខេត្តរួមជាមួយមន្ត្រីនិងមន្ត្រីកិច្ចសន្យាខេត្តបានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅកាន់ទីតាំងដែលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើស។
មន្ត្រីដដែលបានបន្តថាកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជាមេខ្លោងនិងបក្ខពួកជួញដូរវត្ថុបុរាណបាន៥នាក់១.ឈ្មោះហេងប៊ុនសុខុនភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិតាវៀនឃុំសាលាកំរើកក្រុងសៀមរាបជាថៅកែដកហូតបានវត្ថុតាងរូបលោហៈ។២.ឈ្មោះ ប៊ុន សាន ភេទប្រុស អាយុ៤៥ឆ្នាំជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រីងធំ។៣.ឈ្មោះសៀកសុភ័ក្រភេទប្រុសអាយុ៥៤ឆ្នាំ។៤.ឈ្មោះង៉ែតតៃភេទប្រុសអាយុ៥៤ឆ្នាំនិង៥.ឈ្មោះព្រលានព្លឿងភេទប្រុសអាយុ៥៤ឆ្នាំជនសង្ស័យទាំង៣នាក់ជាកសិកររស់នៅភូមិគោកព្រិចឃុំគោករមៀត ស្រុកពួក ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថាក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួចហើយសមត្ថកិច្ចដកហូតបានឧបករណ៍រាវរកវត្ថុបុរាណ២គ្រឿងនៅខាងត្បូងប្រាសាទខ្នារប្រមាណ១០០ម៉ែត្រដកហូតរថយន្តដែលជាមធ្យោបាយបម្រើឱ្យការធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ចំនួន ២គ្រឿង ថែមទៀត។
ក្រោយការឃាត់ខ្លួនជនសង្ស័យជួញដូរវត្ថុបុរាណទាំង៥នាក់រួមទាំងវត្ថុតាងនោះរួចប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារបានធ្វើកំណត់ហេតុផ្ទេរប្រគល់ជនសង្ស័យនិងវត្ថុតាងទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕S/